ប៉ាគីស្ថាន

ទីបំផុត ប៉ាគីស្ថានទទួលបានជំនួយ ៩ ពាន់លានដុល្លារសម្រាប់ការស្ដារប្រទេសឡើងវិញ


កាលពីថ្ងៃចន្ទទី០៩មករា បណ្ដាប្រទេស និងស្ថាប័នអន្តរជាតិជាច្រើនបានចូលរួមសន្និសិទ នៅការិយាល័យអង្គការសហប្រជាជាតិក្នុងទីក្រុងហ្សឺណែវ ហើយបានយល់ព្រមផ្ដល់ជំនួយជាង ៩ពាន់លានដុល្លារដល់ប្រទេសប៉ាគីស្ថានក្នុងការស្ដារប្រទេសឡើងវិញក្រោយពីរងការបំផ្លិចបំផ្លាញ យ៉ាងខ្លាំងពីគ្រោះទឹកជំនន់កាលពីពេលថ្មីៗកន្លងទៅនេះ។
ប៉ាគីស្ថានទទួលបានជំនួយ ៩ ពាន់លានដុល្លារ!

សន្និសីទនេះមានការចូលរួមដោយផ្ទាល់ពី សំណាក់នាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក សាប៉ាស់ សារីហ្វ (Shahbaz Sharif) និងអគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres ខណៈដែលមេដឹកនាំពិភពលោកផ្សេងទៀតដូចជាប្រធានាធិបតីបារាំង Emmanuel Macron និងប្រធានាធិបតីទួរគី Recep Tayyip Erdogan បានចូលរួមពីចំងាយតាមរយះអនឡាញ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានរ៉យទ័រ។

អនុរដ្ឋមន្ត្រីការបរទេសប៉ាគីស្ថាន លោកស្រី ហ៊ីណា រ៉ាបានី ខា (Hina Rabbani Khar) បានថ្លែងនៅពេលបិទបញ្ចប់សន្និសិទថា ជំនួយសរុបដែលទទួលបានពីបណ្ដាស្ថាប័នអន្តរជាតិ គឺបានត្រឹម ៩ ពាន់លានដុល្លារប៉ុណ្ណោះ ដែលវាជាជំនួយបន្ថែមពីលើជំនួយមនុស្សធម៌ ដែលមានស្រាប់ពីមុនមកដែលទទួលបានពីដៃគូទ្វេភាគី និងពហុភាគី។ ចំណែកឯទឹកប្រាក់ដែលនៅខ្វះខាត គឺមានតែរដ្ឋាភិបាលប៉ាគីស្ថានជាអ្នកទទួលខុសត្រូវដោយខ្លួនឯងហើយ។ លោកស្រីបានឲ្យដឹងបន្ថែមទៀតថា គណៈប្រតិភូមួយចំនួនក៏បានផ្តល់ជាជំនួយសប្បុរសធម៌មិនមែនសាច់ប្រាក់ផងដែរ។

ដោយឡែក បើតាមប្រសាសន៍របស់ប្រធានកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ លោក អាឈីម ស្តាញណឺ(Achim Steiner) បានឲ្យដឹងថា អ្នកផ្ដល់ជំនួយទាំងអស់ប្រាកដជាចង់ឲ្យមានការប្រើប្រាស់កញ្ចប់ជំនួយប្រកបដោយ ប្រសិទ្ធភាព គណនេយ្យភាព និងតម្លាភាព។ ដូចនេះ រដ្ឋាភិបាលប៉ាគីស្ថានបានចាត់ឲ្យមានក្រុមអ្នកឃ្លាំមើលឯករាជ្យ ដើម្បីឱ្យប្រាកដថាជំនួយទាំងនោះត្រូវបានប្រើប្រាស់ដោយមានប្រសិទ្ធភាព។ លោកបន្តទៀតថា គម្រោងការស្តារឡើងវិញនេះត្រូវតែធ្វើឲ្យមានភាពធន់ទ្វេដងដើម្បីទប់ទល់នឹងការ គំរាមកំហែងពីគ្រោះមហន្តរាយដែលបង្ករឡើងពីការប្រែប្រួលអាកាសធាតុនៅថ្ងៃមុខ។

អគ្គលេខាធិការអង្គការសហប្រជាជាតិ បាននិយាយថា តំបន់អាស៊ីខាងត្បូងជាកន្លែងដែលងាយនឹងរងគ្រោះធម្មជាតិជាងគេក្នុងពិភពលោក ហើយគ្រោះមហន្តរាយនៅប៉ាគីស្ថានពេលនេះគឺជា ឧទាហរណ៍ចម្បងនៃផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ។

គួរជម្រាបថា ជំនួយធំៗដែលផ្តល់ឱ្យប៉ាគីស្ថាន គឺបានមកពី ធនាគារអភិវឌ្ឍន៍ឥស្លាមចំនួន៤ពាន់លានដុល្លារ ធនាគារពិភពលោកចំនួន ២ពាន់លានដុល្លារ និងធនាគារអភិវឌ្ឍន៍អាស៊ីចំនួន ១,៥ពាន់លានដុល្លារ។ សហភាពអឺរ៉ុបបានសន្យាផ្តល់ជំនួយ ៩៣លានដុល្លារផងដែរ ដោយក្នុងនោះអាល្លឺម៉ង់សន្យាផ្ដល់ជំនួយចំនួន ៨៨លានដុល្លារ ចិន១០០លានដុល្លារ និងជប៉ុន៧៧លានដុល្លារ។ ចំណែកឯសហរដ្ឋអាមេរិកបានប្រកាស ផ្ដល់ជំនួយចំនួន ១០០លានដុល្លារបន្ថែមទៀត។

គួរបញ្ជាក់ដែរថា នៅក្នុងកិច្ចពិភាក្សាស្តីពីអាកាសធាតុរបស់អង្គការសហប្រជាជាតិកាលពីខែវិច្ឆិកា ប្រទេសនានាបានផ្ដួចផ្ដើមបង្កើតមូលនិធិសម្រាប់ការបាត់បង់ និងការខូចខាតដែលបណ្តាលមកពីការប្រែប្រួលអាកាសធាតុ។ ដូចនេះ ប្រទេសដែលងាយរងគ្រោះ ដូចជាប៉ាគីស្ថានជាដើម នឹងទទួលបានសំណងពីមូលនិធិនេះបន្ថែមទៀត។

សូមរំឭកថា ទឹកជំនន់នៅប្រទេសប៉ាគីស្ថានបានសម្លាប់មនុស្សជាង ១,៧០០ នាក់ បំផ្លាញផ្ទះសម្បែងជាង ២ លានខ្នង ហើយប្រហែល ១ ភាគ ៣ នៃប្រទេសទាំងមូល ត្រូវបានបំផ្លិចបំផ្លាញដោយទឹកជំនន់ ហើយការខូចខាតសរុបទាំងអស់ជាង ៣០ ពាន់លានដុល្លារ។ ភ្នាក់ងារអង្គការសហប្រជាជាតិបានរាយការណ៍ថា តំបន់មួយភាគធំរបស់ប្រទេសប៉ាគីស្ថានកំពុងស្ថិតនៅក្រោមទឹកនៅឡើយ ហើយ មនុស្សរាប់លាននាក់កំពុងរស់នៅក្នុងតំបន់បើកចំហនៅក្នុងផ្ទះបណ្ដោះអាសន្ន និងតង់ក្បែរទឹក៕

អត្ថបទ ៖ សុខ ជា




អត្ថបទបន្ទាប់


របាយការណ៍UN៖ ស្រទាប់អូហ្សូនការពារផែនដីដែលធ្លុះធ្លាយកំពុងប្រសើរឡើងបណ្ដើរៗ និងអាចសះស្បើយ១០០%មកវិញនៅឆ្នាំ២០៦៦

របាយការណ៍ថ្មីរបស់អង្គការសហប្រជាជាតិបានឱ្យដឹងកាលពីថ្ងៃចន្ទសប្តាហ៍នេះថា ស្រទាប់អូហ្សូនការពារផែនដីដែលបានខូចខាតធ្លុះធ្លាយកំពុងតែជាសះស្បើយវិញ…

ធនាគារជាតិ បន្ដព្យាករកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងរង្វង់៦% នៅឆ្នាំ២០២៣ ទោះបីស្ថានភាពពិភពលោកកាន់តែយ៉ាប់យ៉ឺន

ធនាគារជាតិនៃកម្ពុជា អះអាងថា ស្ថានភាពអំណោយផលក្នុងស្រុក និងកំណើនតម្រូវការខាងក្រៅ បានជួយគាំទ្រឱ្យសេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ២០២២ បន្តងើបឡើងក្ន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ