អភិបាលក្រុងប៉ាតាយ៉ា គឺលោក Sonthaya Khunpluem បាននិយាយនៅថ្ងៃទី ២២ ខែធ្នូ ឆ្នាំ២០២០ថា មានមនុស្សជាច្រើនបានឆ្លងកូវីដ-១៩នៅក្នុងខេត្តសមុទ្រសាខន ក្នុងនោះ មានភាគច្រើននៃពួកគេគឺជាកម្មករចំណាកស្រុក ហើយមេរោគកូវីដ-១៩នេះ ក៏បានរាលដាលដល់ខេត្តមួយចំនួនទៀតនៅក្នុងប្រទេសថៃផងដែរ។
លោក Sonthaya បន្ថែមថា គណៈកម្មាធិការខេត្ត បានជួបជាមួយនឹងភ្នាក់ងារពាក់ព័ន្ធ ដើម្បីធ្វើការអនុវត្តវិធានការតឹងរឹង ដើម្បីការពារការរីករាលដាលនៃមេរោគកូវីដ-១៩ ខណៈដែលមានពលករចំណាកស្រុកជាច្រើនធ្វើការនៅក្នុងខេត្ត។
អាជ្ញាធរខេត្ត បានបញ្ជាឲ្យមន្ត្រីចុះទៅអង្កេតតំបន់រស់នៅ និងតំបន់ដែលមានកម្មករចំណាកស្រុកស្នាក់នៅ ហើយរហូតមកទល់ពេលនេះមិនមាននរណាម្នាក់បានធ្វើដំណើរពីតំបន់ដែលមានហានិភ័យនៃការឆ្លងមេរោគនោះនៅឡើយទេ។
បែបនេះក្ដី ជាផ្នែកនៃការប្រុងប្រយ័ត្ន គណៈកម្មាធិការខេត្តបានបញ្ជាឲ្យលុបចោលនូវព្រឹត្តិការណ៍បុណ្យនានា នៅក្នុងតំបន់ទាំងអស់ ពិសេសគឺសកម្មភាពដែលអាចប្រមូលផ្ដុំមនុស្សច្រើន។
ជាលទ្ធផលនៃការលុបចោលការរៀបចំកម្មវិធីឆ្លងឆ្នាំសកល២០២០ ដែលត្រូវបានគេរំពឹងថានឹងទាក់ទាញមនុស្សបានដល់ទៅ៣០ម៉ឺននាក់។ អាជ្ញាធរខេត្តបានគូសបញ្ជាក់ថា វាពិតជាលំបាកណាស់ក្នុងការគ្រប់គ្រងហ្វូងមនុស្សបែបនេះ ក៏ដូចជាប្រាប់ឲ្យពួកគេអនុវត្តវិធានការការពារជំងឺនោះ។
សូមបញ្ជាក់ថា តាមការអះអាងរបស់អាជ្ញាធរខេត្តនៃប្រទេសថៃ រាល់ការប្រមូលផ្ដុំមនុស្សលើសពី ៣០០នាក់ ត្រូវចាំបាច់មានការអនុញ្ញាតពីអាជ្ញាធរសិនទើបអាចធ្វើបាន៕