ក្រុមហ៊ុន Pfizer បានប្រកាសលទ្ធផលនេះកាលពីថ្ងៃពុធ (ទី១៨ វិច្ឆិកា) បន្ទាប់ពីការវិភាគចុងក្រោយនៃការសាកល្បងដំណាក់កាលទី៣ នៃវ៉ាក់សាំង ដែលលទ្ធផលក៏បានបង្ហាញផងដែរថា វ៉ាក់សាំងនេះការពារមនុស្សវ័យចំណាស់ដែលមានហានិភ័យខ្ពស់បំផុត ពីការស្លាប់ដោយសារជំងឺកូវីដ-១៩ ។
កាលពីសប្ដាហ៍មុននេះ ក្រុមហ៊ុនបានប្រកាសថា វ៉ាក់សាំងរបស់ខ្លួនមានប្រសិទ្ធភាពជាង ៩០% ។
ចំណែកក្រុមហ៊ុនជីវបច្ចេកវិទ្យាដ៏ធំមួយទៀតរបស់អាមេរិកដែរ ឈ្មោះ Moderna បាននិយាយនៅដើមសប្តាហ៍នេះ ថា ឆ្លងតាមការវិភាគទិន្នន័យនៃការសាកល្បង វ៉ាក់សាំងរបស់ខ្លួនមានប្រសិទ្ធភាព ៩៤,៥% ។
សេចក្ដីរាយការណ៍នានាឲ្យដឹងថា រដ្ឋាភិបាលអាមេរិកសង្ឃឹមថា ក្រុមហ៊ុនផលិតឱសថធំៗទាំងពីរនេះ គឺ Pfizer និង Moderna នឹងផលិតវ៉ាក់សាំងបាន ចំនួន ២០លានដូស សម្រាប់ការចែកចាយក្នុងខែធ្នូខាងមុខ ដោយជំហានដំបូង វ៉ាក់សាំងទាំងនេះនឹងត្រូវចាក់ទៅលើប្រជាជនដែលងាយរងគ្រោះ ដូចជា បុគ្គលិកវេជ្ជសាស្ត្រ និងអ្នកដែលមានបញ្ហាសុខភាពធ្ងន់ធ្ងរ ៕ (ប្រភព៖ សារព័ត៌មាននានានៅអាមេរិក)