លោក ហ៊ុន សុខាឡាយ នាយកផែនការ និងទីផ្សារ នៃកំពង់ផែស្វយ័តភ្នំពេញ បានឲ្យដឹងថា ថ្វីត្បិតតែនាវាផ្ទុកទំនិញឆ្លងកាត់មានការធ្លាក់ចុះ ប៉ុន្តែបើក្រឡេកទៅមើលបរិមាណកុងតឺន័រ កើនឡើងជាង ៥% និងទំនិញ ក៏ដូចជាប្រេងឥន្ធនៈ កើនជាង១០% បើធៀបនឹងឆ្នាំ២០២០។
ទោះជាយ៉ាងណា លោកហ៊ុន សុខាឡាយ បានបញ្ជាក់ថា ករណីបញ្ហាកូវីដ-១៩ នៅតែបន្តអូសបន្លាយ ទោះបីតិចតួចក្តី ឬច្រើនក្តី ប្រាកដជាអាចមានការប៉ះពាល់ដល់ការចរាចរកុងតឺន័រឆ្លងកាត់កំពង់ផែស្វយ័តភ្នំពេញ។
លោកបានបន្ថែមថា ផលប៉ះពាល់នេះ គឺអាស្រ័យទៅលើស្ថានភាព និងទំហំ នៃការរីករាលដាលនៃជំងឺកូវីដ-១៩ ដែលកំពុងតែកើតឡើងនាពេលបច្ចុប្បន្ននេះ ព្រោះថា បរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែ សម្រាប់ការនាំចូលមានដូចជា គ្រឿងសំណង់ និងវត្ថុធាតុដើមវាយនភណ្ឌ ដែលបម្រើឲ្យការនាំចេញ គឺសម្លៀកបំពាក់ និងអង្ករ ដែលជាទំនិញសំខាន់ៗរបស់កម្ពុជា។ យ៉ាងណាក៏ដោយចុះ កំពង់ផែស្វយ័តភ្នំពេញ រំពឹងថា ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ នឹងបិទបញ្ចប់ក្នុងពេលឆាប់ៗ ដើម្បីស្តារសេដ្ឋកិច្ចកម្ពុជា ក៏ដូចជាជំរុញដល់ការដឹកជញ្ជូនគ្រប់ប្រភេទឲ្យមានដំណើរការជាប្រក្រតីឡើងវិញផងដែរ។
នាយកផែនការ និងទីផ្សារ នៃកំពង់ផែស្វយ័តភ្នំពេញបានគូសបញ្ជាក់ទៀតថា កំពង់ផែស្វយ័តភ្នំពេញ បាននិងកំពុង ចាប់ផ្តើមពង្រីកគម្រោងអភិវឌ្ឍន៍បន្ថែម ដើម្បីឆ្លើយតបទៅនឹងកំណើនកុងទីតឺន័រ និងសេចក្តីត្រូវការនាពេលបច្ចុប្បន្ន ក៏ដូចជា ដើម្បីឆ្លើយតបនឹងស្ថានភាពជាក់ស្តែង នៅពេលដែលការរីករាលដាលនៃជំងឺកូវីដ១៩ បានធូរស្រាលឡើងវិញ។
គម្រោងអភិវឌ្ឍន៍ទាំងនោះរួមមាន គម្រោងចំណតផែពហុបំណងទន្លេបិទ ខេត្តត្បូងឃ្មុំ,គម្រោងចំណតផែពហុបំណងកោះរការ ខេត្តព្រៃវែង ,គម្រោងចំណតផែពហុបំណងគីឡូម៉ែត្រលេខ៦ រាជធានីភ្នំពេញ ជាដើម៕