បើតាមសេចក្ដីប្រកាសព័ត៌មានរបស់កំពង់ផែស្វយ័តក្រុងភ្នំពេញ នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២២ ចរាចរណ៍នាវាដឹកទំនិញចេញ-ចូលកំពង់ផែស្វយ័តភ្នំពេញ នារយៈពេល ៥ខែ ក្នុងឆ្នាំ២០២២នេះ មានរហូតជិត២ពាន់ជើង បានកើនឡើងរហូត១០២% ប្រៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២១។
ដោយឡែក ចំពោះបរិមាណកុងតឺន័រវិញ ក៏មានការកើនឡើងដូចគ្នា ដោយនៅរយៈពេល៥ខែ ក្នុងឆ្នាំ២០២២នេះ កុងតឺន័រមានជាង១៧ម៉ឺនកុងតឺន័រ កើនឡើង៤៤% ប្រៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២១។ ឯកឧត្តម ហ៊ី ប៉ាវី អគ្គនាយកកំពង់ផែស្វយ័តភ្នំពេញ បានកត់សម្គាល់ឃើញថា នារយៈពេលប៉ុន្មានខែចុងក្រោយនេះ សកម្មភាពសេដ្ឋកិច្ចកម្ពុជា ហាក់កាន់តែបង្ហាញនូវភាពវិជ្ជមានជាថ្មី បន្ទាប់ពីបានរងគ្រោះដោយសារវិបត្តិកូវីដ១៩ ហើយវាក៏មិនសូវប៉ះពាល់ខ្លាំង ដោយសារឥទ្ធិពលនៃសង្រ្គាមរវាងរុស្សីនិងអ៊ុយក្រែននោះដែរ។
ដ្បិតសកម្មភាពនាវាដឹកទំនិញចេញ-ចូលដំណើរការធម្មតា ក៏ពិតមែន តែបញ្ហាសង្រ្គាមរវាងរុស្សីនិងអ៊ុយក្រែន ក៏ជះឥទ្ធិពលខ្លះដែរ ពិសេសការកើនឡើងនៃតម្លៃដឹកជញ្ជូន ដែលថ្លៃដឹកជញ្ជូនកើនឡើងរហូតប្រមាណ២០០%ឯណោះ។ ក៏ប៉ុន្តែ បើទោះជាថ្លៃដឹកជញ្ជូនខ្ពស់ យ៉ាងណាក៏ដោយ អគ្គនាយកកំពង់ផែស្វយ័តភ្នំពេញ នៅតែបង្ហាញពីភាពវិជ្ជមានក្នុងវិស័យនេះ ដោយសារចរាចរណ៍នៃនាវាដឹកទំនិញចេញ-ចូលកំពង់ផែភ្នំពេញ មានសកម្មភាពជាធម្មតា។
មិនតែប៉ុណ្ណោះ សកម្មភាពចេញ-ចូល និងបរិមាណកុងតឺន័រ ដឹកជញ្ជូនទំនិញសុទ្ធតែមានកំណើន។ ទោះបី មិនមានតួលេខជាក់លាក់នៃចំណូលពីកំពង់ផែភ្នំពេញ តែឯកឧត្តម ហ៊ី ប៉ាវី បានប៉ាន់ប្រមាណថា ក្នុងរយៈពេល ៥ខែ ឆ្នាំ២០២២នេះ ចំណូលពីកំពង់ផែភ្នំពេញ មានកំណើនប្រមាណ២០%៕