ជាក់ស្តែងនៅព្រឹកថ្ងៃទី១៩ កក្កដា ក្រុមហ៊ុនរបស់អ្នកជំនួញអចលនទ្រព្យចាស់វស្សារូបនេះបានរៀបចំកម្មវិធីបញ្ចុះបឋមសិលាបុកគ្រឹះសាងសង់ប្រភេទផ្ទះវីឡាទោល«អេមផាយអឺ ម៉េនសិន»ដែលមានតម្លៃចន្លោះពីជាង១លានដុល្លាររហូតដល់២លានដុល្លារ ដើម្បីបំពេញតម្រូវការរបស់អតិថិជន ដែលមានការជឿជាក់លើគម្រោងរបស់បុរីវិមានភ្នំពេញ។ បើតាមការគូសបញ្ជាក់របស់ថ្នាក់ដឹកនាំក្រុមហ៊ុនបុរីវិមានភ្នំពេញ អតិថិជននឹងទទួលបានការបញ្ចុះតម្លៃ១២% សម្រាប់ការកក់ផ្ទះក្នុងគម្រោងថ្មីនៅពេញមួយខែកក្កដានេះ។
លោក មឿង រដ្ឋា នាយកប្រតិបត្តិនៃក្រុមហ៊ុនបុរីវិមានភ្នំពញបានគូសបញ្ជាក់ថា ទោះបីសេដ្ឋកិច្ចសកលរួមទាំងកម្ពុជាបានរងផលប៉ះពាល់ដោយសារវិបត្តិជំងឺកូវីដ-១៩ និងឥទ្ធិពលនៃសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែនយ៉ាងណាក៏ដោយ តែវាហាក់មិនបានធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់ដំណើរការលក់លំនៅឋានរបស់គម្រោងបុរីវិមានភ្នំពេញនោះទេ។ យ៉ាងណាមិញទោះបីស្ថិតក្នុងស្ថានភាពកូវីដ-១៩ តែក្រុមហ៊ុនបុរីវិមានភ្នំពេញ បានបើកការសាងសង់គម្រោងថ្មីជាបន្តបន្ទាប់ទាំងនៅរាជធានីភ្នំពេញនិងតាមបណ្តាខេត្ត ជាក់ស្តែងនៅព្រឹកថ្ងៃទី១៩ កក្កដា ឆ្នាំ២០២៣ ក្រុមហ៊ុននេះបានប្រារព្ធពិធីបញ្ចុះបឋមសិលាបុកគ្រឹះសាងសង់ផ្ទះវីឡាទោលប្រភេទ«អេមផាយអឺ ម៉េនសិន»ក្នុងគម្រោងទី១២ ឌឹសេនត្រល់ ខេបភីថល ដែលមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវ ជា សុផារ៉ា ក្នុងសង្កាត់ច្រាំងចំរេះ២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
បើតាមការគូសបញ្ជាក់របស់លោក មឿង រដ្ឋា កត្តាដែលជំរុញឲ្យក្រុមហ៊ុនបុរីវិមានភ្នំពេញរបស់អ្នកឧកញ៉ា លី ហួរ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន លី ហួរ គ្រុបបន្តអភិវឌ្ឍន៍គម្រោងថ្មីទាំងស្ថានភាពសេដ្ឋកិច្ច និងវិស័យអចលនទ្រព្យនៅកម្ពុជាស្ថិតក្នុងភាពមិនច្បាស់លាស់បែបនេះ គឺបន្ទាប់ពីក្រុមហ៊ុនមើលឃើញការគាំទ្ររបស់អតិថិជនមកលើគម្រោងបុរីវិមានភ្នំពេញនៅតែមានសន្ទុះល្អប្រសើរ។ ដូច្នេះការបើកគម្រោងថ្មីនេះ គឺដើម្បីជួយបំពេញតម្រូវការរបស់អតិថិជន ដែលតែងតែជឿជាក់មកលើគម្រោងរបស់បុរីវិមានភ្នំពេញ។ ថ្នាក់ដឹកនាំរូបនេះបានគូសបញ្ជាក់ថា កត្តាដែលធ្វើឲ្យអតិថិជនជឿជាក់លើគម្រោងរបស់បុរីវិមានភ្នំពេញ គឺដោយសារគុណភាពសំណង់ តម្លៃដែលអាចឲ្យអតិថិជនទទួលប្រាក់ចំណេញ និងភាពល្បីល្បាញរបស់អ្នកឧកញ៉ា លី ហួរ ដែលជាអ្នកជំនួញក្នុងវិស័យអលចលនទ្រព្យដ៏ចាស់វស្សាមួយរូបនៅកម្ពុជា។
ពាក់ស្ថានភាពវិស័យអចលនទ្រព្យនៅកម្ពុជាលោក មឿង រដ្ឋា បានវាយតម្លៃថា វិស័យអចលនទ្រព្យនៅកម្ពុជាក្នុងឆ្នាំ២០២៣ នឹងស្ថិតក្នុងស្ថានភាពទ្រឹង ដោយអាចរងសម្ពាធពីការអូសបន្លាយនៃសង្គ្រាបរវាងរុស្ស៊ី និងអ៊ុយក្រែន និងវិបត្តិអតិផរណាមានការកើនឡើងជាដើម។ តែយ៉ាងណាអ្នកជំនាញក្នុងវិស័យអចលនទ្រព្យរូបនេះជឿជាក់ថា វិស័យអចលនទ្រព្យកម្ពុជាអាចនឹងមានស្ថានភាពល្អប្រសើរឡើងវិញបន្តិចនៅឆ្នាំ២០២៤ ខាងមុខ។
អ្នកឧកញ៉ា លី ហួរ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន លី ហួរ គ្រុបបានគូសបញ្ជាក់កាលពីពេលកន្លងមកថា កត្តាដែលធ្វើឲ្យក្រុមហ៊ុនរបស់អ្នកឧកញ៉ា អាចបោះទុនវិយោគអភិវឌ្ឍន៍សាងសង់អគារលំនៅឋានបានរហូតមកដល់បច្ចុប្បន្ននេះ គឺដោយសារតែក្រុមហ៊ុនបានយកចិត្តទុកដាក់លើគុណភាពសេវាកម្ម គុណភាពសំណង់ ទីតាំងអភិវឌ្ឍន៍ និងលក្ខខណ្ឌបង់ប្រាក់ងាយស្រួលស្របទៅតាមស្ថានភាពកម្រិតជីវភាពរបស់អតិថិជន និងទៅតាមប្រភេទម៉ូតផ្ទះ។ ជាក់ស្តែងនៅរយៈពេល១០ឆ្នាំកន្លងមកនេះ ក្រុមហ៊ុនរបស់អ្នកឧកញ៉ា លី ហួរ បានសាងសង់នូវប្រភេទផ្ទះ និងអគារជាច្រើនរួមមាន អគារពាណិជ្ជកម្ម ផ្ទះពាណិជ្ជកម្ម ភូមិគ្រឹះ វីឡាទោល វីឡាភ្លោះ វីឡាកូនកាត់ និងផ្ទះល្វែងសម្រាប់លក់ជូនប្រជាពលរដ្ឋគ្រប់កម្រិតជីវភាព។
គួរបញ្ជាក់ថា គម្រោងផ្ទះវីឡាទោល«អេមផាយអឺ ម៉េនសិន»របស់ក្រុមហ៊ុនបុរីវិមានភ្នំពេញ ដែលទើបបញ្ចុះបឋមសិលាសាងសង់មានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវ ជា សុផារ៉ា សង្កាត់ច្រាំងចំរេះ២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ដែលមានផាសុខភាព និងសក្តានុពលខ្ពស់សម្រាប់ការរស់នៅ ព្រោះនៅក្បែរនោះបណ្តុំទៅដោយក្រសួង ស្ថាប័នរដ្ឋ ផ្សារទំនើប សាលារៀន អគារពាណិជ្ជកម្ម និងហេដ្ឋារចនាសម្ព័ន្ធសក្តានុពលជាច្រើនទៀត។ បើតាមការគូសបញ្ជាក់របស់លោក មឿង រដ្ឋា ផ្ទះនៅក្នុងគម្រោងនេះមានតម្លៃចន្លោះពីជាង១លានដុល្លាររហូតដល់២លានដុល្លារ ហើយសម្រាប់ការបើកគម្រោងថ្មីនេះក្រុមហ៊ុនមានការបញ្ចុះតម្លៃជូនអតិថិជន១២% សម្រាប់ការកក់នៅក្នុងខែកក្កដា ឆ្នាំ២០២៣ នេះ៕