នាយកដ្ឋានទេសចរណ៍ខេត្តគៀន យ៉ាំង បានបញ្ជាក់ឲ្យដឹងថា កោះភូកុក ដែលខ្មែរយើងស្គាល់ថា ជាកោះត្រល់ ដែលស្ថិតនៅភាគខាងត្បូងនៃ ខេត្តគៀន យ៉ាំង ប្រទេសវៀតណាម កំពុងខ្វះខាតបុគ្គលិកជាង ៣ម៉ឺននាក់ សម្រាប់បម្រើនៅក្នុង សណ្ឋាគារលំដាប់ផ្កាយ ៥ ចំនួន ១២ និងសណ្ឋាគារលំដាប់ផ្កាយ ៤ ចំនួន ៧ ខណៈដែរបច្ចុប្បន្ននេះ មានបុគ្គលិកប្រមាណ ១ម៉ឺននាក់ប៉ុណ្ណោះ កំពុងបម្រើការក្នុងតំបន់ទេសចរណ៍មួយនេះ។
លោក ង្វៀន ហូ ទិញ នាយករងនៃក្រុមហ៊ុនអភិវឌ្ឍន៍រីស៊ត Sun Group បានបញ្ជាក់ថា ក្រុមហ៊ុនរបស់គាត់ គ្រោងនឹងបង្កើតតំបន់កម្សាន្ត ហើយនឹង រីស៊តបន្ថែមទៀត ក៏ប៉ុន្តែក្រុមហ៊ុនកំពុងខ្វះខាតបុគ្គលិកគ្រប់កម្រិត ជាពិសេសគឺ មុខដំណែងជានាយកគ្រប់គ្រង។
ម្ចាស់សណ្ឋាគារជាច្រើនរូប នៅលើកោះភូកុកបានអះអាងប្រហាក់ប្រហែលគ្នាថា វាមានការលំបាកក្នុងការស្វែងរកបុគ្គលិក ព្រោះវាគ្មានព័ត៌មានទីផ្សារច្បាស់លាស់ ផ្សព្វផ្សាយទៅដល់អ្នកដែលកំពុងស្វែងរកការងារធ្វើ។
កាលពីឆ្នាំ ២០១៥កន្លងទៅ កោះភូកុក ទទួលភ្ញៀវទេសចរប្រមាណ ១លាននាក់ប៉ុណ្ណោះ ក្នុងមួយឆ្នាំ ខណៈដែល ក្នុងរយៈពេល ១០ខែ ដើមឆ្នាំ ២០១៩នេះ តួលេខ បានកើនរហូតដល់ ៤,៥ លាននាក់ឯណោះ។
បើតាមសមាគមទេសចរណ៍វៀតណាម បានបញ្ជាក់ថា វៀតណាម មានកម្លាំងពលកម្មធ្វើការដោយផ្ទាល់ក្នុងវិស័យទេសចរណ៍ប្រមាណ ១,៣ លាននាក់ តែក្នុងនោះមានតែ ៤២%ប៉ុណ្ណោះ ដែលទទួលបានការបណ្តុះបណ្តាលត្រឹមត្រូវ។
គួរជម្រាបដែរថា ក្នុងរយៈពេល ១១ខែ ដើមឆ្នាំ ២០១៩នេះ ភ្ញៀវទេសចរបរទេស ដែលចូលមកកម្សាន្តនៅប្រទេសវៀតណាមមានប្រមាណ ១៦លាននាក់ កើនឡើង១៥% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន នឹងផ្តល់ប្រាក់ចំណូលប្រមាណ ២៨ពាន់លានដុល្លារអាមេរិក ដល់សេដ្ឋកិច្ចវៀតណាម៕