បើតាមនាយកអាជ្ញាធរទេសចរណ៍ថៃប្រចាំកោះភូកេត លោក ណាន់ថាស៊ីរី រ៉ុនណាស៊ីរី បានគូសបញ្ជាក់ថា នៅថ្ងៃព្រហស្បតិ៍ទី១ខែកក្កដាជាថ្ងៃដំបូងនៃការបើកដំណើរការឡើងវិញ កោះភូកេតទទួលបានអ្នកដំណើរមកកំសាន្តប្រមាណ៣២០នាក់ ថ្ងៃទី២ទទួលបានជាង ៥០០នាក់ ខណៈ ថ្ងៃទី៣ទទួលបាន ៤៨០នាក់ ដែលធ្វើឲ្យចំនួនភ្ញៀវទេសចរសរុបបានកើនឡើងដល់ជាង ១.៣០០ នាក់។
គួរកត់សម្គាល់ថា ក្រុមហ៊ុនអាកាសចរណ៍ថៃអ៊ែរវេរ (Thai Airways) ដែលទើបរស់រួចជីវីតពីភាពក្ស័យធននោះក៏បាន រួមចំណែកនាំយកទេសចរប្រទេសពីតំបន់អឺរ៉ុបសរុបប្រមាណ ១២២នាក់ មកកាន់កោះភូកេតផងដែរ។
ទន្ទឹមនឹងនេះ ទេសចរទាំងអស់ ដែលចូលមកដល់ភូកេតក្នុងប៉ុន្មានថ្ងៃដំបូងនេះ ពុំមាននរណាម្នាក់រកឃើញវិជ្ជមានកូវីដ-១៩ តាមរយៈការធ្វើតេស្តរបស់អាជ្ញាធរថៃនោះទេ។ អាជ្ញាធរទេសចរណ៍ប្រចាំកោះភូកេតបានអះអាងថា ពួកគេនឹងប្រមូលយកទិន្នន័យ និងតាមដានភ្ញៀវទេសចរជារៀងរាល់ថ្ងៃ ព្រមទាំងប្រកាសតួលេខទាំងអស់ជាសាធារណៈផងដែរ។
គួរជម្រាបថា អាជ្ញាធរថៃកាលពីថ្ងៃទី៣ខែកក្កដា ក៏បានរកឃើញករណីឆ្លងកូវីដ១៩នៅក្នុងសហគមន៍នៅកោះភូកេត ចំនួន៧ករណីផងដែរ ដែលប្រការនេះបានធ្វើឲ្យចំនួនឆ្លងសរុបនៅភូកេតកើនឡើងដល់ ៧៤៥ករណី និងស្លាប់៧ករណី។
បើក្រឡេកមើលដំណើរការចាក់វ៉ាក់សាំង លើកោះភូកេតវិញឃើញថា មកទល់ពេលនេះពលរដ្ឋប្រមាន៨៤%ហើយ ទទួលបានវ៉ាក់សាំងយ៉ាងហោចណាស់មួយដូស ខណៈដែលក្នុងនោះមានពលរដ្ឋ៦៧% ដែលស្មើនឹងចំនួនជាង៤០ម៉ឺននាក់បានទទួលវ៉ាក់សាំងទាំងពីរដូស។ នេះបើតាមទិន្នន័យចុងក្រោយបំផុតពីអាជ្ញាធរថៃ។
សូមបញ្ជាក់ថា រដ្ឋាភិបាលថៃរំពឹងថា នឹងមានទេសចរប្រមាណ ១០ម៉ឺននាក់នឹងធ្វើដំណើរមកលេងកោះភូកេត ក្នុងអំឡុងត្រីមាសទី៣នៃឆ្នាំ២០២១នេះ ពោលគឺចាប់ពីខែកក្កដាដល់ខែកញ្ញា ដើម្បីស្តារឡើងវិញនូវវិស័យទេសចរណ៍សម្រាប់ទីតាំងដ៏មានសក្តានុពលមួយនេះ បន្ទាប់ពីស្ថិតក្នុងភាពស្ងប់ស្ងាត់ខ្លាំង អស់ពេលមួយរយៈធំ៕