វិបត្តិនៅមីយ៉ាន់ម៉ា

សម្តេចតេជោ ហ៊ុន សែន អះអាងថា នឹងខិតខំធ្វើឲ្យវិបត្តិនៅមីយ៉ាន់ម៉ាធូរស្បើយ ពេលកម្ពុជាធ្វើជាប្រធានអាស៊ាន


សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហាញការប្តេជ្ញាចិត្តក្នុងការចូលរួមដោះស្រាយបញ្ហានៅមីយ៉ាន់ម៉ា ដែលកំពុងជាប់គាំងក្នុងវិបត្តិនយោបាយ បន្ទាប់ពីមានរដ្ឋប្រហារយោធាទម្លាក់មេដឹកនាំលោកស្រី អ៊ុង សានស៊ូជី តាំងពីខែកុម្ភៈដើមឆ្នាំ២០២១មក។ សម្តេចហ៊ុន សែន អះអាងថា សម្តេចនឹងខិតខំធ្វើឲ្យបញ្ហានៅមីយ៉ាន់ម៉ាមានភាពធូរស្បើយ ពេលដែលកម្ពុជានឹងធ្វើជាប្រធាននៃកិច្ចប្រជុំកំពូលអាស៊ាននៅឆ្នាំក្រោយនេះ។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការសណ្ឋាគារ ហាយ៉ាត់ រីជិនស៊ី ភ្នំពេញ «HYATT REGENCY PHNOM PENH»។ ​​​​ រូបភាព៖ HYATT REGENCY PHNOM PENH

ទន្ទឹមនឹងនេះ សម្តេច ក៏បានស្នើឲ្យដឹកនាំប្រទេសក្នុងតំបន់អាស៊ាន និងស្ថាប័នអន្តរជាតិកុំបន្ទោសកម្ពុជា ចំពោះការបង្កើតទំនាក់ទំនង និងចូលជួយដោះស្រាយបញ្ហានៅមីយ៉ាន់ម៉ា។ ជាមួយគ្នានេះ សម្តេចតេជោ ប្រកាន់ជំហរមិនផ្លាស់ប្តូរនោះឡើយចំពោះដំណើរទស្សនកិច្ចនៅមីយ៉ាន់ម៉ា តបទៅតាមការអញ្ជើញក្នុងពេលឆាប់ៗនេះ។

នាពិធីសម្ពោធសណ្ឋាគារហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ នៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានមានប្រសាសន៍ថា មានប្រទេស និងស្ថាប័នអន្តរជាតិមួយចំនួនចាំមើលសមត្ថភាពដោះស្រាយបញ្ហានៅមីយ៉ាន់ម៉ារបស់ សម្តេច នៅពេលដែលកម្ពុជាធ្វើជាប្រធានអាស៊ាននៅឆ្នាំ២០២២។ សម្រាប់ សម្តេចតេជោ ហ៊ុន សែន ការដោះស្រាយបញ្ហានៅមីយ៉ាន់ម៉ាចប់ ឬមិនចប់វាមិនសំខាន់នោះទេ តែអ្វីដែលសំខាន់ សម្តេច នឹងខិតខំជួយសម្របសម្រួលធ្វើឲ្យស្ថានការណ៍នយោបាយដែលកំពុងជាប់គាំងនៅមីយ៉ាន់ម៉ាវិលត្រឡប់មករកស្ថានភាពមួយល្អប្រសើរ។

ទន្ទឹមនឹងនេះ សម្តេចតេជោ ស្នើឲ្យថ្នាក់ដឹកនាំប្រទេសក្នុងតំបន់អាស៊ាន និងស្ថាប័នអន្តរជាតិមួយចំនួន កុំដាក់ក្តីរំពឹងខ្ពស់ពេកមកលើកម្ពុជា ហើយក៏កុំមើលស្រាលសមត្ថភាពកម្ពុជាក្នុងការដោះសា្រយបញ្ហានៅមីយ៉ាន់ម៉ាផងដែរ។

ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ទៀតថា ថ្នាក់ដឹកនាំអាស៊ាន និងស្ថាប័នអន្តរជាតិមួយចំនួនកុំរិះគន់ ឬបន្ទោសកម្ពុជាក្នុងការបង្កើតទំនាក់ទំនង និងការជួយដោះស្រាយបញ្ហានៅមីយ៉ាន់ម៉ា ដែលត្រូវបានប្រទេសនិងស្ថាប័នអន្តរជាតិទុកឲ្យឯកាមួយរយៈកន្លងមកនេះ។ ព្រោះគោលបំណងដែល សម្តេច ព្យាយាមធ្វើបែបនេះ គឺគ្រាន់តែមិនចង់ឲ្យសមាជិកអាស៊ានមានការបែកបាក់ ដែលវាអាចផ្ទុយនឹងធម្មនុញ្ញអាស៊ាន។ លើសពីនេះ សម្តេច មិនចង់ឲ្យមីយ៉ាន់ម៉ាទៅជាប្រទេសឯកា និងមិនចង់ឲ្យបាត់សមាជិកណាម្នាក់ពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំអាស៊ាននៅឆ្នាំ២០២២ ដូចកិច្ចប្រជុំអាស៊ានដែលព្រុយណេធ្វើជាម្ចាស់ផ្ទះនៅឆ្នាំនេះនោះទេ។

នាពិធីសម្ពោធនោះដែរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសរក្សាជំហរបស់ខ្លួនក្នុងការទៅបំពេញទស្សនកិច្ចនៅប្រទេសមីយ៉ាន់ម៉ាចាប់ពីថ្ងៃទី៧-៨ ខែមករា ឆ្នាំ២០២២ ទោះបីមានថ្នាក់ដឹកនាំប្រទេសក្នុងតំបន់អាស៊ាន និងស្ថាប័នអន្តរជាតិមួយចំនួន ហាក់មិនសប្បាយចិត្តចំពោះការសម្រេចនេះក៏ដោយ។ គួរបញ្ជាក់ថា ប្រទេសមីយ៉ាន់ម៉ាត្រូវបានសហគមន៍អន្តរជាតិទុកឲ្យនៅឯកា និងដាក់ទណ្ឌកម្មជាបន្តបន្ទាប់ បន្ទាប់ពីរបបដឹកនាំយោធាបានធ្វើរដ្ឋប្រហារទម្លាក់មេដឹកនាំស្របច្បាប់លោកស្រី អ៊ុង សានស៊ូជី កាលពីអំឡុងខែកុម្ភៈ ឆ្នាំ២០២១៕

None



អត្ថបទបន្ទាប់


នាយករដ្ឋមន្ត្រីកម្ពុជា៖ ចំណូលជាតិចាប់ផ្ដើមកើនឡើងវិញក្រោយស្ថានភាពកូវីដ១៩នៅកម្ពុជាធូរស្បើយ

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជានៅតែមានក្ដីរំពឹងខ្ពស់ថាសេដ្ឋកិច្ចកម្ពុជា នឹងកើនឡើងក្នុងអត្រារង្វង់ ៣% ក្នុងឆ្នាំ២០២១ ខណៈដែលនៅប៉…

ក្រុមហ៊ុនថ្មីមួយទៀត នឹងចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជាឆាប់ៗនេះ

ថ្នាក់ដឹកនាំជាន់ខ្ពស់ផ្សារមូលបត្រកម្ពុជាអះអាងថា ឆាប់ៗនេះ ផ្សារមូលបត្រកម្ពុជា នឹងមានថ្មីមួយទៀតមកចុះបញ្ជី ដែលជាក្រុមហ៊ុនទី ១៥ សម្រាប់ផ្សារម…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ