នៅក្នុងជំនួបតាមប្រព័ន្ធវីដេអូជាមួយនាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក Ismail Sabri Yaakob សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានគូសបញ្ជាក់ថា សម្តេចនឹងជួបជាមួយលោក មីន អ៊ុងឡាំង មេដឹកនាំយោធាមីយ៉ាន់ម៉ាម្តងទៀតតាមប្រព័ន្ធវីដេអូនៅថ្ងៃទី២៦ មករា ដើម្បីពិភាក្សាលើការវិវត្តបញ្ហានៅមីយ៉ាន់ម៉ា។ សម្តេចតេជោ អះអាងថា គោលបំណងនៃជំនួបនេះ គឺដើម្បីស្វែងយល់បន្ថែមលើបញ្ហា ដែលរបបសឹកមីយ៉ាន់ម៉ាកាត់ទោស ៤ឆ្នាំលើលោកស្រី អ៊ុង សានស៊ូជី និងការប្រើប្រាស់យន្តហោះក្នុងប្រតិបត្តិការយោធា ក្រោយការបំពេញទស្សនកិច្ចរបស់សម្តេចទៅប្រទេសនេះ។
សម្តេចតេជោគូសបញ្ជាក់ទៀតថា បញ្ហានៅមីយ៉ាន់ម៉ាបច្ចុប្បន្នមានស្ថានភាពស្មុគស្មាញ ដោយសារមានរដ្ឋាភិបាលដល់ទៅពីរ រួមទាំងរដ្ឋាភិបាលស្រមោល។ កត្តានេះ បង្កជាការលំបាកដល់ការដោះស្រាយបញ្ហានៅមីយ៉ាន់ម៉ា ដែលទាមទារត្រូវចំណាយពេលវេលាច្រើនក្នុងការដោះស្រាយ។ សម្តេចតេជោធ្លាប់បានលើកឡើងថា បញ្ហានៅមីយ៉ាន់ម៉ាទំនងជាមិនអាចដោះស្រាយរួចរាល់ត្រឹមកម្ពុជាធ្វើជាម្ចាស់ផ្ទះអាស៊ានក្នុងឆ្នាំនេះនោះទេ ពោលគឺអាចបន្តអូសបន្លាយដល់ឆ្នាំក្រោយៗទៀត។
ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជាបានអះអាងចំពោះមុខថ្នាក់ដឹកនាំម៉ាឡេស៊ីថា កម្ពុជានឹងមិនអញ្ជើញមេដឹកនាំយោធាមីយ៉ាន់ម៉ា លោក មីន អ៊ុងឡាំង ឲ្យចូលរួមកិច្ចប្រជុំអាស៊ាន ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅឆ្នាំនេះឡើយ ប្រសិនបើរបបយោធាមិនបានអនុវត្តគោលការណ៍៥ចំណុច ដែលបានព្រមព្រៀងគ្នាជាឯកច្ឆន្ទ ឲ្យមានការវិវត្តរីកចម្រើន ដែលអាចទទួលយកបាន។
ឆ្លៀតក្នុងឱកាសនោះសម្តេចតេជោ ហ៊ុន សែន ក៏បានប្រាប់ពីគោលបំណងនៃការធ្វើដំណើរទស្សនកិច្ចរបស់សម្តេចទៅប្រទេសមីយ៉ាន់ម៉ាដល់នាយករដ្ឋមន្ត្រីមីយ៉ាន់ម៉ាផងដែរ។ សម្ដេចបានគូសបញ្ជាក់ថា ការទៅទស្សនកិច្ចនៅមីយ៉ាម៉ា គឺដើម្បីស្វែងយល់អំពីស្ថានភាពជាក់ស្ដែង និងចង់ដឹងអ្វីដែលជាបញ្ហាសំខាន់ៗ និងចង់ដឹងថា តើប្រទេសមីយ៉ាម៉ាអាចធ្វើអ្វីខ្លះ? ដើម្បីអនុវត្តនូវចំណុចទាំង៥ ដែលបានឯកភាពគ្នាកន្លងមកនេះ។
បន្ថែមលើនេះ សម្ដេចតេជោ ក៏បានជម្រាបជូននាយករដ្ឋមន្ត្រីម៉ាឡេស៊ី អំពីសំណើរបស់សម្ដេចក្នុងការបង្កើតយន្តការ២ ដើម្បីរកច្រកចេញក្នុងការងារនៅមីយ៉ាន់ម៉ាផងដែរ។ យន្តការទាំងនេះរួមមានទី១ យន្តការអាស៊ាន-ត្រ័យការ ដើម្បីជួយសម្របសម្រួល និងតាមដានវឌ្ឍនភាពនៃការអនុវត្តនៃកិច្ចព្រមព្រៀងដោយឯកច្ឆន្ទទាំង៥ ចំណុច ដែលមានកម្ពុជាប្រធានអាស៊ានបច្ចុប្បន្ន មានព្រុយណេជាអតីតប្រធានអាស៊ាន និងឥណ្ឌូណេស៊ីជាប្រធានអាស៊ានបន្ទាប់ពីកម្ពុជា បូករួមទាំងអគ្គលេខាធិការអាស៊ានផងដែរ។
និងទី២ គឺយន្តការពាក់ព័ន្ធ ដើម្បីធ្វើការសម្របសម្រួលជំនួយមនុស្សធម៌ ឲ្យទៅដល់ដៃប្រជាពលរដ្ឋមីយ៉ាន់ម៉ា ជាពិសេសមានប្រេសិតពិសេសរបស់ប្រធានអាស៊ាន មានមជ្ឈមណ្ឌលអាហារ មានភាគីខាងមីយ៉ាន់ម៉ា មានភ្នាក់ងាររបស់អង្គការសហប្រជាជាតិ និងអង្គការមនុស្សធម៌អន្តរជាតិផងដែរ៕