អគ្គនាយកនៃនិយ័តករបរធនបាលកិច្ច បានគូសបញ្ជាក់ថា ការបង្កើតទីផ្សារ គឺជារឿងដែលលំបាកមួយទៅហើយ ក៏ប៉ុន្តែ ការបន្តការអភិវឌ្ឍន៍ទីផ្សារឲ្យប្រព្រឹត្តិទៅដោយតម្លាភាព ប្រសិទ្ធិភាព និងសុវត្ថិភាព ជាមូយនឹងការប្រកួតប្រជែង ដោយមានភាពត្រឹមត្រូវ ធានាបាននូវភាពរឹងមាំ ភាពធន់ បរិយាប័ន្ន គឺជារឿងដែលកាន់តែលំបាកថែមទៀត។ ដើម្បីដោះស្រាយបនូវញ្ហាខាងលើ និយ័តករបរធនបាលកិច្ច ក៏បានជំរុញឪកាសទីផ្សារបន្ថែមក្នុងវិស័យបរធនបាល តាមរយៈជំនួបបរធនបាលកិច្ច ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣។
នាពីធីជំនួបបរធនបាលកិច្ច ស្ដីពីប្រព័ន្ធសហថាមភាពសម្រាប់ទីផ្សារបរធនបាលកិច្ចនៅកម្ពុជា នាព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្ដម សុខ ដារ៉ា អគ្គនាយកនៃនិយ័តករបរធនបាលកិច្ច បានបង្ហាញពីស្ថានភាពទីផ្សារ និងភាពរីកចម្រើននៃវិស័យបរធនបាលកិច្ច ថាមានការរីកចម្រើនគួរឲ្យកត់សម្គាល់។ អគ្គនាយកនៃនិយ័តករបរធនបាលកិច្ច បានគូសបញ្ជាក់ថា ការបង្កើតទីផ្សារ គឺជារឿងដែលលំបាកមួយទៅហើយ ក៏ប៉ុន្តែការបន្តការអភិវឌ្ឍន៍ទីផ្សារឲ្យប្រព្រឹត្តិទៅដោយតម្លាភាព ប្រសិទ្ធិភាព និងសុវត្ថិភាព ជាមូយនឹងការប្រកួតប្រជែង ដោយមានភាពត្រឹមត្រូវ ធានាបាននូវភាពរឹងមាំ ភាពធន់ បរិយាប័ន្ន គឺជារឿងដែលកាន់តែលំបាកថែមទៀត។ បើតាមឯកឧត្ដម សុខ ដារ៉ា ក្រៅពីជំរុញការយល់ដឹងជាសាធារណៈលើវិស័យបរធនបាលកិច្ចដល់សាធារណៈជន ការជំរុញឪកាសទីផ្សារបន្ថែមនៅក្នុងវិស័យបរធនបាលកិច្ច គឺជាការងារអាទិភាពបន្ថែមរបស់និយ័តករបរធនបាលកិច្ចសំដៅជួយជំរុញ និងលើកកម្ពស់វិស័យបរធនបាលកិច្ចឲ្យកាន់តែរីកចម្រើនថែមមួយកម្រិតទៀត។
ជាមួយគ្នានេះ ឯកឧត្ដម សុខ ដារ៉ា បានវាយតម្លៃខ្ពស់ថា ទីផ្សារបរធនបាលកិច្ចកាន់តែល្អប្រសើរនារយៈពេល ២ឆ្នាំចុងក្រោយនេះ ក្រោយបរធនបាលកិច្ច បានចាប់ផ្ដើមដំណើរការទីផ្សារបរធនបាលកិច្ចពេញលេញរបស់ខ្លួន ដោយមាននិយ័តករត្រូវបានបង្កើតឡើងដោយច្បាប់ មានទីផ្សារ មានប្រតិបត្តិករ និងតួអង្គពាក់ព័ន្ធដែលផ្តល់សេវាក្នុងទីផ្សារបរធនបាលកិច្ច មានប្រភេទផលិតផល និងសេវាកម្មពាក់ព័ន្ធ មានលិខិតបែបបទ បទដ្ឋាន ដើម្បីដំណើរការគ្រប់គ្រង និងត្រួតពិនិត្យទីផ្សារបរធនបាលកិច្ច។ ឯកឧត្ដមបន្តថា កត្តាដែលធ្វើឲ្យវិស័យបរធនបាលកិច្ច មានការរីកចម្រើនខ្លាំងមកទល់បច្ចុប្បន្ន គឺដោយសារមានការចូលរួមពីប្រតិបត្តិករបរធនបាលកិច្ច ដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការ បង្កើនទំនុកចិត្តដល់វិនិយោគិន ហើយក៏ជាយន្តការទាក់ទាញវិនិយោគិនផងដែរ ជាពិសេសវិនិយោគិនបរទេសតែម្ដង។ លើសពីនេះ ការចូលរួមពីវិស័យពាក់ព័ន្ធនានា ជាពិសេសការចូលរួមរបស់វិស័យឯកជន ក៏ជាកត្តាលីករយ៉ាងសំខាន់ ក្នុងការទាក់ទាញធុរជន ដែលកាន់តែធ្វើឲ្យកំណើននៃការចុះបញ្ជី និងទំហំប្រតិបត្តិការ ក្នុងវិស័យបរធនបាលកិច្ច មានការកើនឡើងយ៉ាងឆាប់រហ័ស។
សូមបញ្ជាក់ថា «បរធនបាលកិច្ច» គឺជាសេវាហិរញ្ញវត្ថុមួយមិនមែនធនាគារ និងមានតួនាទីគ្រប់គ្រង មើលថែរក្សា ឬចាត់ចែកទ្រព្យសម្បត្តិរបស់បុគ្គល ឬក្រុមហ៊ុនណាមួយ សម្រាប់ជាប្រយោជន៍ដល់ក្រុមគោលដៅណាមួយ ដែលស្ថិតក្នុងអនុលោមតាមលិខិតបរធនបាលកិច្ច ឬបទប្បញ្ញត្តិជាធរមាន៕