កាលពីឆ្នាំកន្លងទៅ ក្រោយពីបានចូលរៀនថ្នាក់ទី៧ បាន៤ខែ ការសិក្សារបស់ គន្ធា ត្រូវបានកាត់ផ្តាច់មួយរំពេច។ គន្ធា បានឈប់រៀនដើម្បីរកកម្រៃ និងនៅផ្ទះមើលថែប្អូនតូចៗចំនួន៥នាក់។ ឪពុកនាងបានស្លាប់ចោលកាលពីបីឆ្នាំមុន រីឯម្តាយត្រូវទៅស៊ីឈ្នួលធ្វើកម្មកររោងចក្រនៅជិតទីក្រុងភ្នំពេញ។
ពីរឬបីខែម្តង ទើបម្តាយបានឆ្លៀតទៅផ្ទះទៅមើលកូនៗ រួចទុកលុយប្រហែល៥ម៉ឺនរៀលឲ្យកូនស្រីច្បង គឺ ផន គន្ធា សម្រាប់ទិញអាហារទំនុកបម្រុងគ្រួសារដែលមានសមាជិក៦នាក់ អាយុ១៧ឆ្នាំចុះក្រោម។
ប៉ុន្តែ ដើម្បីជួយបង្គ្រប់តម្រូវការចាយវាយ ពេលទំនេរពីធ្វើអាហារសម្រាប់ប្អូនៗ គន្ធា ត្រូវឆ្លៀតទៅច្រូតស្មៅគោយកទៅលក់ អាចបានកម្រៃប្រហែល ៦០០០ ឬ ៧០០០រៀល ក្នុងមួយថ្ងៃ ឬស៊ីឈ្នួលគេដើម្បីយកកម្រៃទាំងនោះមកទ្រទ្រង់គ្រួសារ។
ប្អូនប្រុសរបស់នាង ឈ្មោះ ផន សុភ័ក្ត្រ អាយុ ១៦ឆ្នាំ មានសំណាងជាងនាងបន្តិច ដោយនៅមានឱកាសទៅរៀននៅឡើយ។ ពេលចូលបវេសនកាលខាងមុខនេះ សុភ័ក្ត្រ នឹងចូលរៀនថ្នាក់ទី៧ នៅអនុវិទ្យាល័យរ៉ូតារី ដែលស្ថិតនៅចម្ងាយ ៩គីឡូម៉ែត្រ ពីខ្ទមរបស់គ្រួសារមួយនេះ ក្នុងភូមិសង្កែជ្រុំ ឃុំរស្មីសាមគ្គី ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។
បើគ្មានកង់អំណោយទេ សុភ័ក្ត្រ ប្រហែលជាត្រូវបោះបង់ចោលការសិក្សាដូចបងស្រីរបស់ខ្លួនដែរ ដោយសារតែសាលារៀននៅឆ្ងាយពីផ្ទះ។
ថ្ងៃប្រគល់កង់ (១៧ កញ្ញា ២០១៧) សុភ័ក្ត្រ អត់នៅផ្ទះទេ ដោយជាប់រវល់ទៅស៊ីឈ្នួលធ្វើស្មៅឲ្យអ្នកដទៃ។ គន្ធា ជាអ្នកទទួលកង់ សៀវភៅសរសេរ និងប៊ិច ជំនួសឲ្យប្អូនប្រុសរបស់ខ្លួន។
គន្ធា និយាយថា កាលនៅថ្នាក់ទី៦ នាងជាសិស្សរៀនបានចំណាត់ថ្នាក់គ្រាន់បើដែរក្នុងថ្នាក់ ដោយធ្លាប់ទទួលបានលេខ៩ ឬលេខ១០ ជារៀងរាល់ខែ។ នៅពេលសួរថា តើនាងនឹកសាលារៀនទេ? គន្ធា ឆ្លើយទាំងកែវភ្នែករលីងរលោងថា៖ «ខ្ញុំចង់ទៅរៀនណាស់ ប៉ុន្តែ ខ្ញុំមិនអាចទៅបាន ដោយគ្មានអ្នកណាមើលប្អូនៗ។»
ដោយសារភាពក្រីក្រតោកយ៉ាកបែបនេះ ក្មេងស្រីម្នាក់ត្រូវបាត់ឱកាសទទួលបានការអប់រំ។ សម្រាប់នាង គឺនៅសល់ត្រឹមតែក្តីប្រាថ្នាថា ចង់ចូលរៀនវិញតែប៉ុណ្ណោះ!!!
សូមជួយចែករំលែកបន្ត និងចូលរួមជួយដល់អ្នកគ្មានឱកាសតាមអ្វីដែលយើងដែលជាអ្នកមានឱកាស អាចធ្វើទៅបាន។ អានអត្ថបទដើមទាំងស្រុង រួមទាំងវីដេអូនៃកិច្ចសម្ភាសជាមួយយុវតី ផន គន្ធា នៅលើទំព័រហ្វេសប៊ុករបស់លោក Bou Saroeun។