លោក អាឡាំង ប្រ៊ង នាយកប្រតិបត្តិក្រុមហ៊ុនអាកាសយានដ្ឋានកម្ពុជា បានលើកឡើងថា ដោយមើលឃើញពីកំណើនយ៉ាងឆាប់រហ័សនៃការកើនឡើងចំនួនអ្នកដំណើរ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ បាននិងកំពុងពង្រីកបន្ថែមនូវហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួនជាបន្តបន្ទាប់។ តួយ៉ាង ថ្មីៗនេះអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ បានដាក់ពង្រីកបន្ថែមនូវចំណតយន្ដហោះថ្មីមួយទៀត ដែលអាចចតយន្ដហោះបានរហូតដល់ ១២ កន្លែងបន្ថែមទៀត។ ចំណតនេះ មានបណ្ដោយ៥៤០ ម៉ែត្រ និងទទឹង៨៦ ម៉ែត្រ ចំណាយទឹកប្រាក់វិនិយោគសាងសង់ អស់៨លានដុល្លារអាមេរិក។
សរុបទាំងចំណតថ្មី និងចាស់ នៅបច្ចុប្បន្ននេះ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញមានចំណតសម្រាប់ចតយន្ដហោះចំនួន ៤២ កន្លែងហើយ ក្នុងនោះ ចំណតសម្រាប់យន្ដហោះខ្នាតធំមាន១០កន្លែង។ តាមរយៈ ការពង្រីកបន្ថែមនូវហេដ្ឋារចនាសម្ព័ន្ធជាបន្តបន្ទាប់នេះ លោក អាឡាំង ប្រ៊ង រំពឹងថា អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នឹងទទួលបានអ្នកដំណើររហូតដល់ ៦ លាននាក់នៅដំណាច់ឆ្នាំ២០១៩នេះ។
ឯកឧត្តម ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តី ទទួលបន្ទុក រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានគូសបញ្ជាក់ថា ការពង្រីកចំណតបន្ថែមសម្រាប់យន្ដហោះរបស់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញនេះ គឺមានគោលដៅសំខាន់ ពីរ ដែលទី១ សម្រាប់ជាប្រយោជន៍ផ្នែកពាណិជ្ជកម្មផង និងទី២ គឺ គឺសម្រាប់តម្រូវការរបស់រាជរដ្ឋាភិបាលក្នុងការទទួលគណៈប្រតិភូ ដែលនឹងអញ្ចើញចូលរួមក្នុងព្រឹត្តិការណ៍សំខាន់ៗនៅបណ្ដាឆ្នាំខាងមុខ ដោយកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំទាំងនោះ។
ឯកឧត្តម ម៉ៅ ហាវណ្ណាល់ បានគូសបញ្ជាក់ទៀតថា កំណើនអ្នកធ្វើដំណើរឆ្លងកាត់អាកាសយានដ្ឋានរបស់កម្ពុជានៅតែបង្ហាញពីកំណើនវិជ្ជមានពីមួយឆ្នាំ ទៅមួយឆ្នាំ។ ជាក់ស្ដែង នៅឆ្នាំ២០១៩នេះ អាកាសយានដ្ឋានទាំងបីរបស់កម្ពុជា រំពឹងថា នឹងទទួលបានចំនួនអ្នកដំណើរប្រមាណ ១២ លាននាក់ ខណៈដែលឆ្នាំមុនមាន ១០លាន៥សែននាក់។
ឯកឧត្តម ម៉ៅ ហាវណ្ណាល់ បានបន្ថែមទៀតថា បច្ចុប្បន្ន កម្ពុជាមានក្រុមហ៊ុនអាកាសចរណ៍ប្រតិបត្តិការចំនួន ៤៤ ក្រុមហ៊ុន ដែលក្នុងនោះ សម្រាប់តែអាកាសយានដ្ឋានអន្តរជាតិភ្នំពេញតែមួយប៉ុណ្ណោះ មានជើងហោះហើរចន្លោះពី ១៦០ ទៅ១៨០ ជើងក្នុងមួយថ្ងៃ៕