សារក្រើនរំឭករបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាទៅកាន់មន្ត្រីក្រោមឱវាទរបស់ខ្លួន ដែលត្រូវបានបង្ហោះនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់សម្តេចតេជោនៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២២។ សារដ៏មានសារប្រយោជន៍ សម្តេចតេជោ ចង់ក្រើនរំលឹកឲ្យមន្ត្រីគ្រប់លំដាប់ថ្នាក់ ត្រូវចេះចុះមូលដ្ឋានស្តាប់ការលើកឡើងរបស់ប្រជាពលរដ្ឋ និងទទួលដោះស្រាយសំណូមពររបស់ប្រជាពលរដ្ឋ ដើម្បីអាចដាក់ចេញគោលនយោបាយដ៏ត្រឹមត្រូវ។
ទន្ទឹមនឹងនេះ សម្តេចតេជោក៏បានរំលឹកអំពីការរៀបចំវេទិកាភ្លឺស្រែ ដែលផ្តោតលើការដោះស្រាយទឹក ការប្រើប្រាស់ពូជការប្រើប្រាស់ដី ជី ថ្នាំសម្លាប់សត្វល្អិត ការបែងចែកតំបន់ដាំដុះ ការចិញ្ចឹមត្រី និងសត្វរវាងសម្តេចជាមួយប្រជាពលរដ្ឋនាពេលកន្លងមកផងដែរ។ សម្តេចបានបន្ថែមថា៖«ការឆ្លងឆ្លើយរវាងប្រជាជន និងនាយករដ្ឋមន្ត្រីបានធ្វើឱ្យវេទិកាមានភាពជោគជ័យ ដែលយើងបានដោះស្រាយសំណូមពររបស់ប្រជាជនមិនត្រឹមតែវិស័យកសិកម្មប៉ុណ្ណោះទេ តែយើងបានដោះស្រាយសាលារៀន ផ្លូវ ស្ពាន ស្រះទឹក អណ្តូងទឹកវត្តអារាម។ល។ បានយ៉ាងច្រើនទៀតផង»។
បើតាមការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន តាមរយៈវេទិកាតាមភ្លឺស្រែរវាងនាយករដ្ឋមន្ត្រីជាមួយប្រជាពលរដ្ឋនេះបានជួយប្រែក្លាយកម្ពុជាពីប្រទេសខ្វះស្រូវ ទៅជាប្រទេសមានស្រូវហូបមិនអស់ និងអាចនាំចេញទៅលក់នៅក្រៅប្រទេស។ «ពីប្រទេសដែលខ្វះស្រូវប្រមាណ១លានតោននាទសវត្សរ៍១៩៩០ និងដើមឆ្នាំ២០០០ពេលនេះយើងសល់ស្រូជាង៦លានតោនជាមួយដំណាំកសិកម្មផ្សេងទៀតមានការរីកចម្រើនយ៉ាងខ្លាំង ដែលធ្វើឱ្យយើងដោះស្រាយបានតម្រូវការក្នុងស្រុកនិងការនាំចេញផងដែរ»។ នេះជាការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន។
ជាមួយនឹងការបង្ហោះរូបថតមួយសន្លឹងជាមួយកូនស្រីច្បង សម្តេចតេជោ បានគូសបញ្ជាក់ថា វេទិកាតាមភ្លឺរវាងសម្តេចជាមួយប្រជាពលរដ្ឋបានធ្វើឡើងមិនតិចជាង១០ដងនោះទេ ដែលភាគច្រើនធ្វើនៅខេត្តកំពង់ស្ពឺ តាកែវ កំពង់ឆ្នាំង និងពោធិ៍សាត់ជាដើម។
បើតាមរបាយការណ៍ដែលផ្តល់ដោយមន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅ៧ខែឆ្នាំ២០២២ កម្ពុជាសម្រេចបានការនាំចេញអង្ករទៅទីផ្សារអន្តរជាតិ ជាង៣៥ម៉ឺនតោនមានការកើនឡើងជាង១៣% ដោយអង្ករទាំងនេះនាំចេញទៅកាន់ទីផ្សារគោលដៅដៅចំនួន៥៣ប្រទេស។ ជារួមនៅ៧ខែឆ្នាំនេះ កម្ពុជាបាននាំចេញកសិផលទៅក្រៅប្រទេសមានបរិមាណសរុបជាង៥លាន៥សែន៨ម៉ឺនតោន ទៅកាន់ទិសដៅ៦៧ប្រទេស មានការកើនឡើង៥៥ម៉ឺនតោន ឬស្មើនឹង ១១% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលមានត្រឹមតែជាង៥លានតោន៕