ជាមួយគ្នានេះ សម្តេចតេជោ ក៏មិនគាំទ្រនោះដែរ ចំពោះបណ្ដាប្រទេសអឺរ៉ុបមួយចំនួន ដែលបានផ្ដល់ជំនួយមនុស្សធម៌ និងកងកម្លាំងដល់អ៊ុយក្រែន ទោះបីជា កន្លងមកកម្ពុជាបានបោះឆ្នោតគាំទ្រឲ្យរុស្ស៊ីដកទ័ពចេញពីអ៊ុយក្រែនក្ដី។
ថ្លែងនាឱកាសសម្ពោធដាក់ប្រើប្រាស់ជាផ្លូវការនូវមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំ នៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ជាថ្មីអំពីបញ្ហាសង្គ្រាមរវាងប្រទេសរុស្សី និងអ៊ុយក្រែន។ សម្ដេចបានមានប្រសាសន៍ដូច្នេះ កម្ពុជា នៅតែបន្តអំពាវនាវឲ្យភាគីទាំងពីរមានការចរចា ពិសេសការចរចាឈានឈានទៅដល់បទឈប់បាញ់នៅហ្នឹងកន្លែង ដោយសម្ដេចមិនគាំទ្រឲ្យមានការប្រើប្រាស់កម្លាំងនោះទេ។ ជាមួយគ្នានោះ សម្ដេចក៏បានកត់សម្គាល់ទៀតថា ពលរដ្ឋកម្ពុជា ទាំងចាស់ទាំងក្មេងសុទ្ធតែបានចាប់អារម្មណ៍នឹងបញ្ហាសង្គ្រាមរវាងរុស្សី-អ៊ុយក្រែន ប៉ុន្តែសម្ដេចមិនលើកទឹកចិត្តក្នុងការអនុញ្ញាតឲ្យប្រជាជនកម្ពុជាទៅធ្វើទ័ពនៅអ៊ុយក្រែនឡើយ។
បើទោះបីជាបែបនេះក្ដី បើតាមប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេច ហ៊ុន សែន កម្ពុជាក៏មិនព្រងើយកន្ដើយចំពោះការលុកលុយទ្រង់ទ្រាយធំពីប្រទេសមួយទៅប្រទេសមួយទៀតឡើយ។ ប៉ុន្ដែ សម្តេចសង្កត់ធ្ងន់ថា យើងមិនគួរយកសាំងទៅចាក់នៅលើភ្លើងនោះទេ ហើយសម្ដេចមិនអនុញ្ញាតឱ្យប្រជាពលរដ្ឋខ្លួនទៅស្លាប់នៅទឹកដីគេនោះដែរ។ បើតាមសម្តេចតេជោ អ្នកដែលអាចទៅប្រយុទ្ធនៅក្រៅប្រទេស គឺមានតែកងទ័ពមួកខៀវយើងប៉ុណ្ណោះ ប៉ុន្តែគឺទៅក្រោមរូបភាពមនុស្សធម៌ ក្រោមឆ័ត្រអង្គការសហប្រជាជាតិ។
សម្តេចតេជោ នាយករដ្ឋមន្ត្រី នៅតែជឿជាក់ថា មានតែការចរចារប៉ុណ្ណោះ ដែលអាចឈានទៅបញ្ចប់សង្គ្រាមបាន ហើយគេមិនអាចសង្គ្រាមទៅបញ្ចប់សង្គ្រាមឡើយ។ ដូច្នេះ ទើបកាលពី ថ្ងៃទី៣ ខែមីនា ប្រទេសកម្ពុជា បានចូលរួមបោះឆ្នោតគាំទ្រឲ្យរុស្សីដកទ័ពចេញពីប្រទេសអ៊ុយក្រែន លើសម្លេងគាំទ្រ ១៤១សំឡេង ក្នុងចំណោមសមាជិកទាំងអស់ ១៩៣ប្រទេស នៃមហាសន្និបាតអង្គការសហប្រជាជាតិ។ នេះជាការបញ្ជាក់របស់សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
ដ្បិតបណ្ដាប្រទេសជាច្រើនលើពិភពលោកបានរួមគ្នាដាក់ទណ្ឌកម្មលើប្រទេសរុស្សី ជាបន្តបន្ទាប់ តែក៏មិនអាចឲ្យរុស្សីបញ្ឈប់ការឈ្លានពានរបស់ខ្លួនលើប្រទេសអ៊ុយក្រែន នោះដែរ។ មិនតែប៉ុណ្ណោះ លោក ពូទីន ប្រធានាធិបតីរុស្ស៊ី បានចាត់ទុកការដាក់ទណ្ឌកម្មពីសំណាក់លោកខាងលិចមលើទីក្រុងម៉ូស្គូថា ជាការប្រកាសសង្គ្រាមជាមួយរុស្ស៊ី។
សូមបញ្ជាក់ថា គិតមកដល់ពេលនេះ សង្គ្រាមរវាងប្រទេសរុស្សី និងអ៊ុយក្រែន មានរយៈពេលជិត២សប្ដាហ៍មកហើយ ដែលធ្វើឲ្យមនុស្សស្លាប់ និងរបួសរាប់ពាន់នាក់ ហើយប្រជាពលរដ្ឋអ៊ុយក្រែនជាង១លាន៥សែននាក់ រត់ភៀសខ្លួន។ លើសពីនេះ វាក៏បានធ្វើឲ្យសេដ្ឋកិច្ចពិភពលោករងការរង្គោះរង្គើផងដែរ៕