អាស៊ានប្រែក្លាយទៅជាមហាអំណាចសេដ្ឋកិច្ចធំទី៣ក្នុងទ្វីបអាស៊ី និងទី៦ក្នុងសាកលលោក

សម្ដេចតេជោ ហ៊ុន សែន៖ អាស៊ានប្រែក្លាយទៅជាមហាអំណាចសេដ្ឋកិច្ចធំទី៣ក្នុងទ្វីបអាស៊ី និងទី៦ក្នុងសាកលលោក


ក្នុងរយៈពេល៣០ឆ្នាំ នៃការធ្វើសមាហរណកម្មសេដ្ឋកិច្ចតំបន់ ចាប់តាំងពីការបង្កើតតំបន់ពាណិជ្ជកម្មសេរីអាស៊ាន និងឈានដល់ការអនុម័តផែនការមេសហគមន៍សេដ្ឋកិច្ចអាស៊ាន ដែលធ្វើឲ្យអាស៊ានបានរួមគ្នាជាធ្លុងមួយ ក្នុងការកសាងតំបន់នេះ ឲ្យទៅជាទីផ្សារតែមួយ។ ក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអះអាងថា កិច្ចខិតខំប្រឹងប្រែងនេះ បានរួមចំណែកយ៉ាងសំខាន់ក្នុងការព្រឹងកិច្ចអភិវឌ្ឍអាស៊ានលើគ្រប់វិស័យ ជាពិសេសប្រែក្លាយអាស៊ាន ទៅជាមហាអំណាចសេដ្ឋកិច្ចធំទី៣ ក្នុងទ្វីបអាស៊ី និងទី៦ ក្នុងសាកលលោក។
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា
ដោយ

ថ្លែងនាពិធីប្រកាសបើកកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី៥៤ និងកិច្ចប្រជុំពាក់ព័ន្ធ នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ ក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ក្នុងរយៈពេល៣០ឆ្នាំ នៃការធ្វើសមាហរណកម្មសេដ្ឋកិច្ចតំបន់ ចាប់តាំងពីការបង្កើតតំបន់ពាណិជ្ជកម្មសេរីអាស៊ាន (AFTA) ក្នុងឆ្នាំ១៩៩២ និងឈានដល់ការអនុម័តផែនការមេសហគមន៍សេដ្ឋកិច្ចអាស៊ានឆ្នាំ២០១៥ និងឆ្នាំ២០២៥ អាស៊ានបានរួមគ្នាជាធ្លុងមួយ ក្នុងការកសាងតំបន់នេះ ឲ្យទៅជាទីផ្សារតែមួយ និងមូលដ្ឋានផលិតកម្ម តាមរយៈការជំរុញការធ្វើសេរីភាវូបនីយកម្មស៊ីជម្រៅ ក្នុងវិស័យពាណិជ្ជកម្ម និងវិនិយោគស្របតាមវិធានច្បាប់អន្តរជាតិ និងប្រព័ន្ធពាណិជ្ជកម្មពហុភាគីនិយម និងឈានដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មថ្នាក់តំបន់ RCEP។ យ៉ាងណាមិញ តាមរយៈកិច្ចខិតខំប្រឹងប្រែងនេះ បានរួមចំណែកយ៉ាងសំខាន់ក្នុងការព្រឹងកិច្ចអភិវឌ្ឍអាស៊ានលើគ្រប់វិស័យ ជាពិសេសប្រែក្លាយអាស៊ាន ទៅជាមហាអំណាចសេដ្ឋកិច្ចធំទី៣ ក្នុងទ្វីបអាស៊ី និងទី៦ ក្នុងសាកលលោក។

ក៏ប៉ុន្តែ បើទោះបី អាស៊ានបានរួមគ្នាប្រយុទ្ធប្រឆាំងនឹងការរាតត្បាតនៃជំងឺកូវីដ១៩ ដែលសម្រេចបានជោគជ័យមួយដ៏ធំ ក្នុងរយៈពេលជាង២ឆ្នាំ កន្លងមកនេះ ក៏ដោយ ប៉ុន្តែដំណើរការនៃការកសាងសហគមន៍សេដ្ឋកិច្ចនៅក្នុងតំបន់ បាននិងកំពុងបន្តប្រឈមនឹងឧបសគ្គដោយសារការផ្លាស់ប្តូរឥតឈប់ឈរ នៃនិម្មាបនកម្មសេដ្ឋកិច្ច-ពាណិជ្ជកម្មតំបន់ និងសកល ដែលបណ្ដាលមកពីបញ្ហាស្មុគស្មាញប្រទាក់ក្រឡាគ្នា ជាច្រើន ដូចជា ការបន្តអូសបន្លាយនៃជំងឺកូវីដ១៩ បញ្ហាសង្គ្រាមនៅអ៊ុយក្រែន ការកើនឡើងនៃការបែងចែកប្លុក និងប្រព័ន្ធពហុប៉ូល សង្គ្រាមពាណិជ្ជកម្ម និងបច្ចេកវិទ្យា និងការប្រែប្រួលអាកាសធាតុ ជាដើម។ បើតាមសម្ដេច ហ៊ុន សែន កត្តានេះ បានធ្វើឲ្យអត្រាអតិផរណាកើនឡើងយ៉ាងគំហុក បន្ទច់បង្អាក់ខ្សែច្រវាក់តម្លៃ និងផលិតភាពសកល និងជាពិសេស ធ្វើឱ្យសន្ទុះនៃការងើបឡើងវិញនៃសេដ្ឋកិច្ចសកល និងតំបន់ មានការថមថយគួរឲ្យកត់សម្គាល់។

សម្តេចបន្តថា ក្នុងពេលដែលពិភពលោកកំពុងប្រឈមនឹងឧបសគ្គជាច្រើនក្នុងការអភិវឌ្ឍ អាស៊ានត្រូវតែផ្ដល់សារៈសំខាន់កាន់តែខ្លាំងថែមទៀត ដល់ការក្សាឱ្យបាននូវប្រព័ន្ធពាណិជ្ជកម្មឈរលើវិធានច្បាប់ គោលការណ៍សកលភាវូបនីយកម្ម យន្តការពហុភាគីនិយម និងសេរីភាវូបនីយកម្មពាណិជ្ជកម្ម និងវិនិយោគក្នុងតំបន់។ ទន្ទឹមនឹងបញ្ហាប្រឈមដែលបាននិងកំពុងកើតមាននេះ សម្ដេច ហ៊ុន សែន ក៏បានស្នើដល់អាស៊ាន ពិចារណាលើគំនិតផ្ដួចផ្ដើមបង្កើត ក្របខ័ណ្ឌកិច្ចព្រមព្រៀងបៃតងអាស៊ាន ដោយសម្ដេចជឿជាក់ថា តាមរយៈកិច្ចព្រមព្រៀងនេះ នឹងអនុញ្ញាតឲ្យអាស៊ានប្រែក្លាយខ្លួនបន្តិចម្ដងៗ ឆ្ពោះទៅកាន់អនាគតបៃតងដែលមានចីរភាព ការប្រើប្រាស់ធនធានប្រកបដោយប្រសិទ្ធិភាព ភាពរឹងមាំ និងភាពប្រកួតប្រជែងផ្នែកសេដ្ឋកិច្ច។

យ៉ាងក៏ដោយ ស្ថិតក្នុងបរិបទនេះ ក្នុងនាម កម្ពុជា ជាប្រធានអាស៊ាន ឆ្នាំ២០២២ ជាមួយមូលបទ«អាស៊ានរួមគ្នាធ្វើ៖ ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា» បានផ្ដោតអាទិភាពលើការធានាឲ្យបាននូវប្រសិទ្ធិភាពរបស់អាស៊ាន ក្នុងការឆ្លើយតបចំពោះបញ្ហាប្រឈម និងហានិភ័យទាំងអស់នេះ ជាពិសេស ពន្លឿនការស្ដារ និងជំរុញកំណើនសេដ្ឋកិច្ចឡើងវិញ ប្រកបដោយចីរភាព បរិយាបន្ន និងភាពធន់។ ក្នុងស្មារតីនេះ កម្ពុជា បានកំណត់គោលដៅយុទ្ធសាស្រ្តចំនួន៤ នៅក្រោមសសរស្ដម្ភសហគមន៍សេដ្ឋកិច្ច រួមមាន៖ ទី១.ការពង្រឹងការតភ្ជាប់ឌីជីថល វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា។ ទី២.ការកាត់បន្ថយគម្លាតអភិវឌ្ឍន៍ដើម្បីភាពប្រកួតប្រជែងរបស់អាស៊ាន។ ទី៣.ការជំរុញសមាហរណកម្ម បរិយាបន្ន ភាពធន់ និងការប្រកួតប្រជែងអាស៊ានឲ្យខ្លាំងជាងមុន។ ទី៤.អាស៊ានជាសាកលសម្រាប់ភាពរីកចម្រើន និងការអភិវឌ្ឍន៍៕




អត្ថបទបន្ទាប់


តើវាជាឱកាសសម្រាប់ការនាំចេញអង្កររបស់កម្ពុជា ឬយ៉ាងណា ក្រោយឥណ្ឌារឹតត្បិតការនាំចេញអង្ករ?

អ្នកជំនាញក្នុងវិស័យស្រូវអង្ករកម្ពុជា មិនរំពឹងទទួលបានផលប្រយោជន៍ពីការរឹតត្បិតការនាំចេញអង្កររបស់ឥណ្ឌាទៅកាន់ទីផ្សារពិភពលោកនោះឡើយ។ មិនរំពឹង…

អបអរសាទរអ្នកឈ្នះរង្វាន់ខ្សែកមាស និងលុយសុទ្ធ ពីធីផត

និយាយតៗគ្នាឡើងផ្អើល! ថ្មីៗនេះ ធីផត បានផ្តល់ភាពរំភើបរីករាយយ៉ាងខ្លាំងដល់អតិថិជនជាច្រើននាក់ នៅក្នុងកម្មវិធីចាប់រង្វាន់ធំប្រចាំឆ្នាំ ២០២២ ន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ