នៅក្នុងកិច្ចប្រជុំរបស់គណៈកម្មាធិការកណ្តាលស្តីពីតម្លៃទំនិញ និងសេវាកម្ម ដែលរៀបចំដោយរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃ លោក ជូរិន ឡាកសាណាវិសិត (Jurin Laksanawisit) បានសម្រេចកំណត់បញ្ជីត្រួតពិនិត្យតម្លៃសម្រាប់ទំនិញចំនួន ៥១ ប្រភេទ ដែល ៤៦ ជាប្រភេទផលិតផលម្ហូបអាហារនានា និង ៥ប្រភេទទៀត ជាប្រភេទសេវាកម្ម។ បញ្ជីឈ្មោះទំនិញនេះ ត្រូវបានគេរំពឹងថា នឹងត្រូវស្នើសុំការសម្រេចរបស់គណៈរដ្ឋមន្ត្រីថៃជាមុខសិន ទើបដាក់ឲ្យប្រើប្រាស់។
គួរជម្រាបថា បញ្ជីត្រួតពិនិត្យតម្លៃទំនិញ និងសេវាកម្មនេះ គ្របដណ្តប់លើមុខទំនិញសំខាន់ៗសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ ដូចជាម្ហូបអាហារ ផលិតផលប្រើប្រាស់ ផលិតផលដែលទាក់ទងនឹងវិស័យកសិកម្ម (ជី ថ្នាំសម្លាប់សត្វល្អិត ចំណីសត្វ ត្រាក់ទ័រ និងម៉ាស៊ីនច្រូតស្រូវ) សម្ភារសំណង់ ក្រដាស ប្រេង និងថ្នាំពេទ្យផ្សេងៗទៀត។
លើសពីនេះ អាហារដែលបានចុះបញ្ជីរួមមាន ខ្ទឹមស ស្រូវ អង្ករ ពោត ស៊ុត ដំឡូងមី ម្សៅស្រូវសាលី ទឹកដោះគោស្រស់ ស្ករ បន្លែ/ប្រេងសត្វ និងសាច់ជ្រូកជាដើម។ ចំណែកឯ ផ្នែកសេវាកម្ម ដែលស្ថិតនៅក្រោមការត្រួតពិនិត្យតម្លៃនេះ មានដូចជា សិទ្ធិក្នុងការចែកចាយតន្ត្រីដែលបានរក្សាសិទ្ធិសម្រាប់គោលបំណងពាណិជ្ជកម្ម សេវាកម្មពាណិជ្ជកម្ម និងសេវាកម្មដឹកជញ្ជូនសម្រាប់អាជីវកម្មអនឡាញ សេវាកម្មកសិកម្ម សេវាវេជ្ជសាស្រ្ត និងសេវាកម្មផ្សេងទៀតនៅក្នុងកន្លែងថែទាំសុខភាព និងសេវាបង់ប្រាក់ផងដែរ។
យោងតាមលោក Jurin ដែលជារដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃនិយាយថា នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការនេះ ក៏នឹងមានការរឹតបន្តឹងការគ្រប់គ្រង់តម្លៃនៃការនាំចូលផលិតផលគ្រាប់ពោតពីប្រទេសខាងក្រៅផងដែរ ដើម្បីទប់ស្កាត់ផលប៉ះពាល់ជាអវិជ្ជមានលើតម្លៃពោតក្នុងស្រុកថៃ។
យ៉ាងណាមិញ លោក Jurin បានបន្ថែមថា ក្រសួងពាណិជ្ជកម្មក៏សន្យានឹងពិចារណាដោយប្រុងប្រយ័ត្នដែរនូវសំណើរបស់អ្នកផលិត ដើម្បីបង្កើនតម្លៃផលិតផលរបស់ពួកគេ ប៉ុន្តែលោកទទូចថា ក្រសួងមិនទាន់អនុញ្ញាតឱ្យអ្នកផលិតមីកញ្ចប់ ដំឡើងតម្លៃរបស់ពួកគេនៅឡើយទេ ព្រោះខ្លាចថាការដំឡើងថ្លៃពេកអាចនឹងប៉ះពាល់ដល់អ្នកដែលមានចំណូលទាប ដែលភាគច្រើននោះ គឺពឹងផ្អែកលើការបរិភោគមីកញ្ចប់។
បន្ថែមពីលើនេះទៅទៀត ចំពេលមានការកើនឡើងតម្លៃប្រេងលើពិភពលោក ដែលបានជះឥទ្ធិពលយ៉ាងខ្លាំងដល់ថ្លៃដើមផលិតកម្មរបស់ក្រុមហ៊ុនក្នុងប្រទេសថៃ។ ទោះបីជាបែបនេះក្តី ក្រសួងពាណិជ្ជកម្មបានប្តេជ្ញានឹងរក្សាតម្លៃទំនិញប្រើប្រាស់ឱ្យបានយូរតាមដែលអាចធ្វើទៅបាន ដើម្បីធានាឱ្យមានផលប៉ះពាល់តិចតួចបំផុតដល់អ្នកប្រើប្រាស់ក្នុងប្រទេសថៃ៕