លោក Burns បាននិយាយថា ទោះបីជាមានការបរាជ័យនៃកងកម្លាំងរុស្ស៊ីក្នុងការដណ្តើមយកទីក្រុងកៀវ ស្របពេលដែលពួកគេកំពុងតស៊ូរុលទៅមុខតាមខ្សែបន្ទាត់សមរភូមិសំខាន់ៗនៅក្នុងតំបន់ Donbas ភាគអាគ្នេយ៍ក៏ដោយ មេដឹកនាំរុស្ស៊ីមិនបានផ្លាស់ប្តូរទស្សនៈរបស់លោកនោះទេ ពោលគឺលោកពូទីននៅតែជឿថាកងទ័ពរបស់ខ្លួន អាចកម្ចាត់និងយកជ័យជំនះលើកងទ័ពអ៊ុយក្រែនបាន។
ប្រធានចារកម្មអាមេរិករូបនេះ បានប្រាប់ទៅកាន់សន្និសីទសារព័ត៌មានមួយថា ជំនឿចិត្តរបស់លោកពូទីន លើសមត្ថភាពកងទ័ពខ្លួន ក្នុងប្រយុទ្ធនៅអ៊ុយក្រែនប្រហែលជាមិនត្រូវបានកាត់បន្ថយទេ បើទោះបីជាមានការបរាជ័យក្នុងសមរភូមិដ៏សំខាន់ច្រើនជាងជោគជ័យក៏ដោយ គួបផ្សំនឹងការស្លាប់របស់មេទ័ពរុស្ស៊ីជាច្រើននាក់ផងនោះ។
លោកវីលៀម ប៊ឺន បន្ថែមថាបច្ចុប្បន្ន លោក ពូទីន កំពុងបង្កើនការប្ដេជ្ញាចិត្តទ្វេដង ដើម្បីយកជ័យជម្នះនៅក្នុងសង្រ្គាមអ៊ុយក្រែន តែមិនមានសញ្ញាណាមួយបង្ហាញពីផែនការប្រើប្រាស់អាវុធនុយក្លេនោះទេ។ នាយក CIA រូបនេះបានបញ្ជាក់ច្បាស់ៗថា៖ តាមរយៈព័ត៌មានសម្ងាត់, ភស្តុងតាងជាក់ស្ដែងជាច្រើន, គេមិនឃើញមានឡើយនូវផែនការរបស់រុស្ស៉ី នៅក្នុងការដាក់ពង្រាយ ឬក៏ប្រើអាវុធនុយក្លេអ៊ែរ»។
មេចារកម្មអាមេរិករូបនេះអះអាងថា បើយោងតាមបទពិសោធន៍របស់លោក រួមនឹងភ្នាក់ងារស៊ើបការណ៍សង្ងាត់លោកខាងលិចផ្សេងទៀត មើលមិនឃើញសញ្ញាណាមួយដែលថាក្រុងម៉ូស្គូត្រៀមដាក់ពង្រាយអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រ ជាសន្លឹកបៀរចុងក្រោយដើម្បីទទួលបានជ័យជំនះនៅអ៊ុយក្រែន ឬដើម្បីកំណត់គោលដៅលើប្រទេសដែលគាំទ្រអ៊ុយក្រែននោះទេ។ លោកហ៊ានអះអាងច្បាស់ៗដូច្នេះក៏ដោយសារតែ រូបលោកផ្ទាល់ធ្លាប់ជា អតីតឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅប្រទេសរុស្ស៊ី ហើយដែលបានចំណាយពេលជាច្រើនដើម្បីសិក្សាអំពីមេដឹកនាំរុស្ស៊ីផងដែរ។
បើទោះបីជាអ្នកជំនាញអះអាងថា មិនមានសញ្ញានៃការប្រើនុយក្លេអ៊ែរ ប៉ុន្តែជានិច្ចជាកាល រុស្ស៊ីតែងប្រើរឿងនេះមកគំរាមអ៊ុយក្រែន និងលោកខាងលិច។ គួររំឭកដែរថា រុស្ស៊ីបានដាក់កម្លាំងនុយក្លេអ៊ែររបស់ខ្លួនឱ្យប្រុងជើងការ ស្ថិតក្នុងការប្រុងប្រយ័ត្នខ្ពស់ភ្លាមៗ បន្ទាប់ពីចាប់ផ្តើមលុកលុយកាលលើអ៊ុយក្រែនកាលពីថ្ងៃទី២៤ ខែកុម្ភៈ៕