ជ័យជម្នះយ៉ាងភ្លូកទឹកភ្លូកដីរបស់លោក វ៉្លាឌីមៀ ពូទីន នៅក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីកាលពីថ្ងៃអាទិត្យ ចុងសប្ដាហ៍កន្លងទៅ បានធ្វើឱ្យលោក ពូទីន ដែលមានរហស្សនាមថា “បុរសខ្លាំងខ្លាឃ្មុំទឹកកក” បន្តកាន់អំណាចកាន់តែណែន ហើយលោកនិយាយថា ជ័យជម្នះរបស់លោកឆ្លុះបញ្ចាំងឱ្យឃើញថា ក្រុងមូស្គូ បានធ្វើរឿងដ៏ត្រឹមត្រូវនៅក្នុងការក្រោកឈរប្រឆាំងនឹងលោកខាងលិច និងបញ្ជូនកងទ័ពរបស់ខ្លួនចូលទៅលុកលុយប្រទេសអ៊ុយក្រែន។
លោក ពូទីន ដែលជាអតីតភ្នាក់ងារចារកម្មមានឋានៈជាវរសេនីយ៍ទោនៅទីភ្នាក់ងារចារកិច្ច KGB របស់រុស្ស៊ី ដែលបានឡើងកាន់អំណាចដំបូងក្នុងឆ្នាំ១៩៩៩ បានបញ្ជាក់យ៉ាងច្បាស់ថា លទ្ធផលនៃការបោះឆ្នោតនេះជាសារព្រមានទៅកាន់ក្រុមមេដឹកនាំរបស់លោកខាងលិចថា ពួកគេត្រូវដោះស្រាយជាមួយមហាអំណាចរុស្ស៊ីជាច្រើនឆ្នាំទៅមុខទៀត មិនថា ដោះស្រាយតាមផ្លូវសន្តិវិធី ឬដោះស្រាយតាមផ្លូវជម្លោះនោះទេ។
លទ្ធផលនៃការបោះឆ្នោតនេះមានន័យថា លោក ពូទីន ដែលពេលនេះមានវ័យ៧១ឆ្នាំទៅហើយ នឹងវ៉ាដាច់លោក ចូសេហ្វ ស្តាលីន ក្លាយជាមេដឹកនាំដែលកាន់អំណាចយូរបំផុតក្នុងប្រវត្តិសាស្ត្រជាង២០០ឆ្នាំរបស់រុស្ស៊ី ប្រសិនបើលោកកាន់អំណាចក្នុងអាណត្តិថ្មីទី៦ឆ្នាំនេះរហូតដល់ចប់អាណត្តិ។
យោងតាមការស្ទង់មតិបង្ហាញថា លោក ពូទីន បានទទួលសំឡេងគាំទ្រច្រើនលើសលប់រហូតដល់ទៅ៨៧,៨% ដែលជាកម្រិតខ្ពស់បំផុតមិនធ្លាប់មានក្រោយសម័យសូវៀតរបស់រុស្ស៊ី។ ទោះជាយ៉ាងណា សហរដ្ឋអាម៉េរិក អាល្លឺម៉ង់ ចក្រភពអង់គ្លេស និងប្រទេសជាច្រើនទៀតបាននិយាយថា ការបោះឆ្នោតនេះគ្មានលក្ខណៈត្រឹមត្រូវ សេរី និងយុត្តិធម៌នោះទេដោយសារការចាប់ខ្លួនក្រុមអ្នកប្រឆាំងនយោបាយដាក់ពន្ធនាគារ និងការចាប់ពិរុទ្ធ។
លោក ពូទីន បានថ្លែងទៅកាន់ក្រុមអ្នកគាំទ្រអំពីជ័យជម្នះនេះនៅទីក្រុងមូស្គូថា លោកនឹងផ្តល់អាទិភាពលើការដោះស្រាយកិច្ចការដែលទាក់ទងនឹងសង្គ្រាមនៅអ៊ុយក្រែន ដែលលោកហៅថា ប្រតិបត្តិការយោធាពិសេស ហើយនឹងពង្រឹងកងកម្លាំងយោធារបស់រុស្ស៊ី ឱ្យកាន់តែខ្លាំងក្លាថែមទៀត៕