
Royal Train Square នឹងក្លាយជាអគារមួយក្នុងចំណោមអគារដែលមានការអភិវឌ្ឍថ្មីដ៏គួរឲ្យទាក់ទាញបំផុត នៅរាជធានីភ្នំពេញ ដើម្បីស្វាគមន៍អ្នកដំណើរដោយរថភ្លើង ទាំងទៅ ទាំងមក ក៏ដូចជានឹងក្លាយជាកន្លែងជួបជុំគ្នាថ្មីមួយក្នុងតំបន់អាជីវកម្មដែលកំពុងរីកចម្រើនមួយនេះ។
អគារនេះនឹងមានទំហំចំនួន៣០០០ម៉ែត្រការ៉េ សម្រាប់ការសាងសង់ធ្វើជាកន្លែងពាណិជ្ជកម្ម ក្នុងនោះរាប់បញ្ចូលទាំងការសាងសង់ហាងទំនើបផ្សេងៗ ហាងកាហ្វេ ភោជនីយដ្ឋាន ធនាគារ ទូ ATM ជាច្រើន និងជាកន្លែងសម្រាប់ជួលធ្វើជាការិយាល័យ សម្រាប់រៀបចំព្រឹត្តិការណ៍ និងកម្មវិធីពិព័រណ៍ផ្សេងៗ។
លោក Scott Bolls មេធាវីផ្នែកច្បាប់អចលនទ្រព្យ និងការអភិវឌ្ឍ និងជាអ្នកដឹកនាំដ៏សំខាន់លើគម្រោងនេះ ដែលត្រូវបានគាំទ្រថវិកាដោយក្រុមអ្នកបណ្តាក់ទុនមកពីអាមេរិក និងដៃគូសហការមកពីអឺរ៉ុប បានឲ្យដឹងថា៖ «ស្ថានីយរថភ្លើងមួយនេះ គឺជាអគារបេតិកភណ្ឌដែលត្រូវបានគេស្គាល់យ៉ាងច្បាស់មួយ នៅភ្នំពេញ ប៉ុន្តែ បច្ចុប្បន្ន មានមនុស្សមិនច្រើនឡើយដែលប្រើប្រាស់អគារនេះ។ ជាមួយនឹងគម្រោងអភិវឌ្ឍន៍សាងសង់អគារ Royal Train Square យើងនឹងផ្តល់ឲ្យប្រជាពលរដ្ឋនានា នូវកន្លែងថ្មីមួយដើម្បីជួបជុំគ្នា ញ៉ាំអាហារពេលល្ងាច និងសម្រាកលំហែជាមួយទិដ្ឋភាពជុំវិញខ្លួនដ៏ស្រស់ស្អាត រួមជាមួយនឹងហាងកាហ្វេ ភោជនីយដ្ឋាន និងហាងជាច្រើនទៀត»។
ស្ថានីយរថភ្លើងក្រុងភ្នំពេញ ត្រូវបានសាងសង់ឡើងដោយអាជ្ញាធរអាណានិគមបារាំង ក្នុងឆ្នាំ១៩៣២ ខណៈដែលស្ថានីយមួយនេះ ទើបតែបានបំពេញការសាងសង់ខ្សែផ្លូវដែករបស់ខ្លួន ទៅកាន់ខេត្តបាត់ដំបង កាលពេលថ្មីៗនេះ។

បើយោងទៅតាមលោក John Guiry ប្រធានក្រុមហ៊ុន Royal Railways ស្ថានីយរថភ្លើងនេះ ត្រូវបានជួសជុលឡើងវិញ កាលពីឆ្នាំ២០១២ ហើយក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ ស្ថានីយរថភ្លើងក្រុងភ្នំពេញ ក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុន Royal Railways បានដាក់ឲ្យដំណើរការជាធម្មតាឡើងវិញ នូវសេវាធ្វើដំណើរដោយរថភ្លើង ទៅកាន់ខេត្តកំពត ព្រះសីហនុ ពោធិ៍សាត់ និងប៉ោយប៉ែត ក៏ដូចជាសេវាដឹកជញ្ជូនជាទៀងទាត់ទៅកាន់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។
លោក Bolls មានប្រសាសន៍ថា៖ «ស្របពេលមានការរីកលូតលាស់ក្នុងតំបន់សេដ្ឋកិច្ចដ៏សំខាន់របស់រាជធានីភ្នំពេញ វាជាពេលវេលាដ៏ត្រឹមត្រូវក្នុងការនាំយកស្ថានីយរថភ្លើងមួយនេះ ទៅកាន់សតវត្សរ៍ទី២១ ក្នុងនាមជាគោលដៅមួយសម្រាប់អ្នករស់នៅទីក្រុងភ្នំពេញ និងភ្ញៀវទេសចរណ៍ ក្នុងការទៅសម្រាកលំហែ នៅកន្លែងដែលពោរពេញផាសុកភាពមួយ»។
លោក Bolls បានប្រាប់បន្តថា៖ «វានឹងច្របាច់បញ្ចូលគ្នាយ៉ាងល្អឥតខ្ចោះជាមួយនឹងហាងជុំវិញនោះ ជាពិសេសតំបន់កណ្តាលរាងការ៉េដ៏ស្រស់ស្អាត នៅពីមុខស្ថានីយ៍ ហើយយើងជឿជាក់ថា វានឹងក្លាយជាកន្លែងមួយក្នុងចំណោមកន្លែងដ៏ពេញនិយមបំផុតក្នុងទីក្រុងនេះ ដើម្បីជួបជុំគ្នា និងទទួលទានអាហារពេលល្ងាចដ៏ឈ្ងុយឆ្ងាញ់ ទិញទំនិញ និងជាកន្លែងរៀបចំព្រឹត្តិការណ៍ ក៏ដូចជាពិព័រណ៍ផ្សេងៗដ៏ពិសេសតែមួយ ដែលផ្ទុយគ្នាស្រឡះ ទៅនឹងរូបរាងដែលយើងធ្លាប់បានឃើញពីមុន»។
គម្រោងជួសជុលឡើងវិញមានទឹកប្រាក់៥លានដុល្លារអាមេរិកមួយនេះ នឹងចាប់ផ្តើមដំណើរការក្នុងរយៈពេល៣ ទៅ៤ខែខាងមុខទៀត ស្របពេលដែលក្រុមហ៊ុនជាអាជីវករជួលជាច្រើន នឹងតម្រង់ជួរគ្នា ដើម្បីទទួលបានសិទ្ធិធ្វើអាជីវកម្មនៅហាងផ្សេងៗដែលត្រូវបានរចនាយ៉ាងស្រស់ស្អាត។
លោក Bolls បានបញ្ជាក់ថា៖ «យើងគិតទុកជាមុនរួចជាស្រេចពីអត្ថប្រយោជន៍ដ៏ពិសេសដែលបានមកពីក្រុមហ៊ុនក្នុងស្រុក និងអន្តរជាតិ និងពិតជាចង់ផ្សារភ្ជាប់ក្នុងពេលឆាប់ៗនេះ ជាមួយនឹងក្រុមហ៊ុនជួលដ៏សំខាន់មួយ ដែលអាចធ្វើការជាមួយយើង ដើម្បីជួយបង្កើតចេញរូបរាងលើគម្រោងដែលកំពុងបន្តមួយនេះ»។
គម្រោងនេះ អនុវត្តយ៉ាងយកចិត្តទុកដាក់ស្របតាមគម្រោងរយៈពេលវែងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីប្រែក្លាយរូបរាងស្ថានីយ៍រថភ្លើងរបស់កម្ពុជាទាំងស្រុង និងដើម្បីផ្តល់សេវាផ្សេងៗ ក្នុងគោលបំណងធ្វើឲ្យការធ្វើដំណើរដោយផ្លូវដែកក្លាយជាជម្រើសប្រកបដោយអត្ថប្រយោជន៍មួយសម្រាប់អ្នកដំណើរ។
លោក Simon Griffiths នាយកផ្នែកគ្រប់គ្រងនៅក្រុមហ៊ុន Urban Asset Solution ដែលនឹងទទួលខុសត្រូវលើការធ្វើទីផ្សារក្នុងគម្រោងនេះទៅកាន់ក្រុមហ៊ុនជួលសំខាន់ៗ បានបញ្ជាក់ថា៖ «ជាលើកទី១ ភ្ញៀវដែលធ្វើដំណើរមកដល់ទីក្រុងនេះ ដោយរថភ្លើង ស្ថានីយនេះ មិនធ្លាប់ផ្តល់ការស្វាគមន៍ជាពិសេសពីមុនមកឡើយ។ ជាមួយនឹងការអភិវឌ្ឍឡើងវិញនេះ យើងចង់ឲ្យភ្ញៀវទាំងអស់ ដឹងពីកម្រិតដែលទីក្រុងភ្នំពេញ និងប្រទេសកម្ពុជា បានអភិវឌ្ឍ ក៏ដូចជា មើលឃើញពីកម្រិតដែលការជួសជុលប្រកបដោយការយកចិត្តទុកដាក់ និងផ្តល់អត្ថប្រយោជន៍ខ្ពស់ អាចធ្វើឡើង ដោយផ្អែកទៅលើសក្តានុពលរបស់អគារជាបេតិកភណ្ឌដ៏ស្រស់ស្អាតជាច្រើនរបស់យើង»៕