អង្គការប្រទេសនាំចេញប្រេង OPEC និងបណ្តាប្រទេសផលិតប្រេងធំៗ ជាពិសេស ប្រទេសរុស្ស៊ី គ្រោងនឹងបើកកិច្ចប្រជុំតាមប្រព័ន្ធអនឡាញមួយ នៅក្នុងសប្តាហ៍ដំបូង ដើមខែមិថុនានេះ ដោយរំពឹងថា ប្រទេសអ៊ីរ៉ាក់ និងបណ្តាប្រទេសផ្សេងទៀត នឹងប្រកាន់ខ្ជាប់នូវ គោលការណ៍កាត់បន្ថយផលិតកម្មប្រេង និងបន្តអនុវត្តសម្រាប់ពេលខាងមុខ។
អ្នកជំនាញអះអាងថា តម្លៃប្រេង បានកើនឡើង ៦សប្តាហ៍ជាប់ៗគ្នាហើយ តែកើនក្នុងកម្រិតទាប ហើយអ្នកជំនួញ នៅតែរំពឹងថា នឹងមានការកាត់បន្ថយផលិតកម្មប្រេងបន្ថែមទៀត ហើយសម្រាប់ ខែកក្កដាខាងមុខនេះ គឺនៅតែមានមន្ទិលសង្ស័យជាច្រើន រង់ចាំលទ្ធផលនៃកិច្ចប្រជុំ។
ចំពោះប្រទេសអារ៉ាប៊ីសាអ៊ូឌីត និងប្រទេសរុស្ស៊ី ក៏បានបង្ហាញពីបំណងកាត់បន្ថយជាង ៩លាន ៧សែនបារ៉ែលក្នុងមួយថ្ងៃ នៅក្នុងខែកក្កដាខាងមុខនេះ តែពុំទាន់សម្រេចជាផ្លូវការនោះទេ។
យ៉ាងណាក៏ដោយចុះ គ្រាន់តែមានដំណឹងអំពីកិច្ចប្រជុំនេះ តម្លៃប្រេងនៅលើទីផ្សារសកលលោក បានកើនឡើងបន្តិចរួចទៅហើយ ដោយគិតត្រឹមថ្ងៃទី ៥ ខែមិថុនា ម្សិលមិញនេះ ឆ្នាំ២០២០ ទីផ្សារប្រេងឆៅ Brent របស់អង់គ្លេស កើនឡើងដល់ ៤០ដុល្លារ ក្នុងមួយបារ៉ែល ធៀបនឹងចុងខែឧសភា គឺត្រឹមតែ ៣៦ដុល្លារ ក្នុងមួយបារ៉ែល ខណៈទីផ្សារអាមេរិក West Texas Intermediate កើនមកនៅជាង ៣៧ដុល្លារក្នុងមួយបារ៉ែល ដែលកាលពីចុងខែឧសភា គឺមានតម្លៃត្រឹម ៣៤ដុល្លារ ក្នុងមួយបារ៉ែល។
គួរជម្រាបផងដែរថា បើសិនជា កិច្ចប្រជុំនេះ បរាជ័យ មិនអាចសម្រចលើការកាត់បន្ថយ ផលិតកម្មប្រេងនោះទេ មានន័យថា អង្គការ OPEC និងបណ្តាប្រទេសជាសម្ព័ន្ធមិត្ត នឹងត្រលប់មករក កិច្ចព្រមព្រៀងចាស់វិញ ដែលសម្រេចកាត់បន្ថយត្រឹមតែ ៧លាន ៧សែនបារ៉ែលក្នុងមួយថ្ងៃ គិតសម្រាប់ខែកក្កដា ដល់ខែធ្នូ ឆ្នាំ២០២០នេះ៕