នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសុក្រនេះថា ក្រសួងពាណិជ្ជកម្មម៉ាឡេស៊ីបានឱ្យដឹងថា ប្រទេសម៉ាឡេស៊ីត្រូវបានគេរំពឹងថា នឹងក្លាយជាអ្នកទទួលផលដ៏ធំបំផុតពីកិច្ចព្រមព្រៀង RCEP ដែលគាំទ្រដោយប្រទេសចិន ក្នុងចំណោមបណ្តាប្រទេសអាស៊ីអាគ្នេយ៍ ពោលគឺម៉ាឡេស៊ីរំពឹងថា តាមរយៈ RCEP នឹងជំរុញឲ្យតម្លៃនាំចេញរបស់ខ្លួននឹងកើនឡើង ២០០ លានដុល្លារអាមេរិកបន្ថែមទៀត។
ទន្ទឹមនឹងនោះ រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានក៏ចង់ពន្លឿនការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្ម RCEP ក្នុងចំណោមសមាជិកទាំងអស់ផងដែរ ក្នុងគោលបំណងស្តារសេដ្ឋកិច្ចក្នុងតំបន់ ចំពេលមានវិបត្តិកូវីដ-១៩កំពុងបន្ដរាតត្បាត។
យ៉ាងណាមិញ កម្ពុជាក្នុងនាមជាប្រធានអាស៊ានឆ្នាំនេះ ក៏ចង់ឱ្យសមាជិកអាស៊ានទាំងអស់ធ្វើការរួមគ្នា ដើម្បីចាប់ផ្តើមការចរចា ដែលធ្វើឱ្យប្រសើរឡើងនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មអាស៊ាន និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលមានស្រាប់ (FTAs) ជាពិសេស កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី អាស៊ាន-អូស្ត្រាលី-នូវែលសេឡង់ ហើយពន្លឿនការអនុវត្តកិច្ចព្រមព្រៀង RCEP សម្រាប់សមាជិកទាំងអស់គ្នាផងដែរ។សូមជម្រាបថា ក្នុងចំណោមសមាជិកអាស៊ានមានតែប្រទេសឥណ្ឌូនេស៊ី មីយ៉ាន់ម៉ា និងហ្វីលីពីន ប៉ុណ្ណោះ ដែលមិនទាន់បានផ្ដល់សច្ចាប័ន RCEP របស់ខ្លួនទៅលេខាធិការដ្ឋានអាស៊ាន ខណៈដែលប្រទេសជាសមាជិកចំនួន១២ផ្សេងទៀតបានផ្ដល់សច្ចាប័នរួចរាល់អស់ហើយ។
RCEP គឺជាកិច្ចព្រមព្រៀងពាណិជ្ជកម្មធំជាងគេបំផុតមួយរបស់ពិភពលោក និងបានចូលជាធរមានតាំងពីដើមឆ្នាំ២០២២មកម្ល៉េះ។ កិច្ចព្រមព្រៀងនេះ គឺជាកិច្ចព្រមព្រៀងពហុភាគីដំបូងគេ ដែលរួមបញ្ចូលប្រទេសចិន ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី នូវែសេឡង់ និងប្រទេសជាសមាជិកអាស៊ានទាំង១០៕
អត្ថបទ ស៊ើង និមល់