អចលនទ្រព្យ

ហេតុអ្វីវិបត្តិកូវីដ-១៩ មិនអាចទាញទម្លាក់តម្លៃអចលនទ្រព្យ ដូចកាលពីវិបត្តិហិរញ្ញវត្ថុសកល២០០៨?


គិតមកទល់ពេលនេះ គឺមានរយៈពេលជាង១ឆ្នាំហើយ ដែលការ​ឆ្លងរាលដាល​កូវីដ-១៩ នៅបន្ដ​អូសន្លាយ ព្រមទាំង​បាន​និងកំពុងបង្ក​ឲ្យមាន​ការរាំងស្ទះ​ដល់ចរន្ដ​សេដ្ឋកិច្ច​កម្ពុជា។ ជាការពិតណាស់ចង់ ឬមិនចង់ វិស័យជាច្រើនបានរងផលប៉ះពាល់ដោយសារវិបត្តិមេរោគរាតត្បាតនេះ។ ប៉ុន្ដែ បើតាមអ្នកជំនាញ សម្រាប់វិស័យអចលនទ្រព្យវិញ គឺមិនមានការស្រុតចុះខ្លាំង ជាដុំកំភួនអ្វីនោះទេ គ្រាន់តែនៅមានសភាពទ្រឹងប៉ុណ្ណោះ។
ទិដ្ឋភាព​សំណង់អគារ​ខ្ពស់ៗ នៅ​កណ្ដាល​រាជធានី​ភ្នំពេញ។ រូបភាព៖ ហេង ភារម្យ
ដោយ

សំណួរជាច្រើនចោទសួរថា ហេតុអ្វីនៅអំឡុងពេលមានវិបត្តិកូវីដ-១៩នេះ សេដ្ឋកិច្ចដាំក្បាលចុះ ប៉ុន្ដែ តម្លៃទីផ្សារអចលនទ្រព្យមិនមានការធ្លាក់ចុះខ្លាំង បើធៀបនឹងវិបត្តិហិរញ្ញវត្ថុកាលពីឆ្នាំ២០០៨ វិស័យអចលនទ្រព្យកម្ពុជាបានដាំក្បាលចុះយ៉ាខ្លាំងនោះ? តើវាមានកត្តាខុសគ្នាយ៉ាងដូចម្ដេច ចំពោះវិបត្តិទាំងពីរនេះ ក្នុងការជះឥទ្ធិពលមកលើសេដ្ឋកិច្ច ក៏ដូចជាទីផ្សារអចលនទ្រព្យកម្ពុជា?

ជុំវិញបញ្ហានេះ លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាពន្យល់ថា មូលហេតុដែលឲ្យតម្លៃអចលនទ្រព្យនៅក្នុងវិបត្តិកូវីដ-១៩ ខុសពីវិបត្តិហិរញ្ញវត្ថុកាលពីឆ្នាំ២០០៨ ដោយសារក្នុងវិបត្តិកូវីដ-១៩ វិនិយោគិន និងក្រុមហ៊ុនវិនិយោគនីមួយៗនៅមានទុនបម្រុងគ្រប់គ្រាន់ក្នុងដៃក្នុងការជួយស្តារវិបត្តិ។ ម្យ៉ាងទៀត នៅក្នុងវិបត្តិកូវីដ-១៩ នេះ វិស័យធនាគារនៅតែបន្តផ្តល់ឥណទានដល់ក្រុមហ៊ុនវិនិយោគទាំងនោះ ខុសប្លែក ពីកាលវិបត្តិហិរញ្ញវត្ថុជាសកល ធនាគារមួយចំនួនបានក្ស័យធន និងមិនមានទុនគ្រប់គ្រាន់សម្រាប់ផ្តល់កម្ចីដល់អថិជន។ 

ចំណែក លោក សន សៀប ស្ថាបនិក និងជានាយកក្រុមហ៊ុនឃីរៀលអេស្ទេត (Key Real Estate) បានលើកឡើងថា ភាពក្មេងខ្ចីរបស់កម្ពុជាក្នុងវិស័យអចលនទ្រព្យ និងធនាគារបានធ្វើឲ្យតម្លៃអចលនទ្រព្យនៅកម្ពុជានៅអំឡុងឆ្នាំ២០០៨ ដែលជាពេលជួបវិបត្តិហិរញ្ញវត្ថុសកលនោះ បានធ្លាក់ចុះប្រមាណ៥០%។ ដោយសារតែអ្វី? គឺព្រោះធនាគារមួយចំនួនបានបិទការផ្តល់កម្ចីឥណទានដល់ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ ដោយសារបារម្ភពីហានិភ័យដែលជាហេតុជំរុញឲ្យអ្នករកស៊ីក្នុងវិស័យនេះ បង្ខំចិត្តលក់អចលនវត្ថុខ្លួនក្នុងតម្លៃទាបបំផុត ដើម្បីយកលុយទៅសងធនាគារ។

លោកសន សៀបបន្ថែមថា បទពិសោធដ៏ជូរចត់នេះបានក្លាយជាថ្នាំប៉ូវធ្វើឲ្យអ្នកវិនិយោគ និងក្រុមហ៊ុនរកស៊ីក្នុងវិស័យអចលនទ្រព្យ កាន់តែមានភាពចាស់ទុំ និងរឹងមាំជាងមុន។ កត្តានេះបានធ្វើឲ្យចរន្តនៃការវិនិយោគ និងតម្លៃអចលនទ្រព្យនៅកម្ពុជាមិនសូវរងផលប៉ះពាល់ខ្លាំង ក្នុងអំឡុងនៃវិបត្តិជំងឺកូវីដ-១៩នេះ។ ម្យ៉ាងទៀត ដោយសារការរាតត្បាតនៃជំងឺនេះ ទើបតែអូសបន្លាយក្នុងរយៈពេលខ្លីនៅកម្ពុជា។ 

លោកបានបន្ថែមថា ការរីកចម្រើនលើការអភិវឌ្ឍ និងសេដ្ឋកិច្ច គួបផ្សំភាពចាស់ទុំផ្នែកនយោបាយរបស់កម្ពុជានាពេលបច្ចុប្បន្ន ក៏ជាកត្តារួមចំណែកមួយជួយឲ្យវិស័យអចលនទ្រព្យនៅកម្ពុជានៅឆ្នាំ២០២០ និង២០២១ មានភាពខុសគ្នា កាលពីឆ្នាំ២០០៨ ដែលកម្ពុជា ក៏ដូចជាពិភពលោកជួបវិបត្តិហិរញ្ញវត្ថុផងដែរ។

ទោះយ៉ាងណា អ្នកជំនាញអះអាងថា  នៅអំឡុងពេលនៃវិបត្តិមេរោគរាតត្បាតនេះ អចលនទ្រព្យដែលរងផលប៉ះខ្លាំងជាងគេ គឺប្រភេទអចលនទ្រព្យធំៗ និងមានតម្លៃថ្លៃៗ ប៉ុន្ដែ អចលនទ្រព្យដែលមានតម្លៃសមរម្យ មិនសូវប៉ះពាល់ខ្លាំងនោះទេ។

សូមបញ្ជាក់ថា បើតាមការព្យាកររបស់ក្រសួងសេដ្ឋកិច្ចនាពេលកន្លងទៅ នៅឆ្នាំ២០២១នេះ វិស័យសំណង់ និងអចលនទ្រព្យនៅតែជាជន្ទល់សេដ្ឋកិច្ចរឹងមាំមួយក្នុងការជំរុញ និងស្ដារសេដ្ឋកិច្ចកម្ពុជាឲ្យស្ទុះងើបឡើងវិញ ខណៈដែលឆ្នាំនេះ តាមការព្យាករសេដ្ឋកិច្ចកម្ពុជារំពឹងនឹងកើនឡើង៤% បន្ទាប់ពីបានធ្លាក់ចុះជាង៣%កាលពីឆ្នាំ២០២០។ ទោះយ៉ាងណា អ្នកជំនាញសេដ្ឋកិច្ចមួយចំនួន បានលើកឡើងថា សេដ្ឋកិច្ចកម្ពុជានៅឆ្នាំ២០២១ អាចនឹងមានទាបជាងអ្វីដែលបានព្យាករ ដ្បិតថាដើមឆ្នាំនេះ កម្ពុជាបាននិងកំពុងរងឥទ្ធិពលនៃរលកឆ្លងកូវីដ-១៩ជាលើកទី៣ ដែលវាគឺមាសភាពធ្ងន់ធ្ងរជាងលើកមុនៗ។

សូមទស្សនាវីដេរាយការណ៍លម្អិតខាងក្រោមនេះ

None



អត្ថបទបន្ទាប់


រុស្ស៊ីអនុញ្ញាតឲ្យប្រើ​វ៉ាក់សាំងថ្មី ឈ្មោះ Sputnik Light ដែលចាក់តែមួយដូស

ប្រទេសរុស្ស៊ីប្រកាសអនុញ្ញាត​ឲ្យ​ប្រើប្រាស់​វ៉ាក់សាំងមួយប្រភេទទៀត ឈ្មោះវ៉ាក់សាំង Sputnik Light ដែល​ចាក់តែមួយដូស ហើយ​វ៉ាក់សាំងកូវីដ-១៩ថ្…

កូវីដ-១៩ ទាញទម្លាក់ការនាំចូលប្រេងឥន្ធនៈកម្ពុជាថយចុះ នៅត្រីមាសទី១ ឆ្នាំ២០២១នេះ

នៅក្នុងរយៈពេល៣ខែដំបូងឆ្នាំនេះ ការនាំចូលប្រេងឥន្ធនៈមកកាន់កម្ពុជាតាមរយៈកំពង់ផែក្រុងព្រះសីហនុ និង កំពង់ផែភ្នំពេញ សរុបមានជាង៦៨ម៉ឺនតោន មា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ