ឧកញ៉ា ចេង ខេង ប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមអ្នកវាយតម្លៃ និង ភ្នាក់ងារអចលនវត្ថុកម្ពុជា បានសង្កេតឃើញថា នៅប៉ុន្មានសប្ដាហ៍កន្លងមកនេះ ចលនានៃការទិញ-លក់ និង ជួលអចលនទ្រព្យមានការធ្លាក់ចុះមួយចំនួនពិតមែន ដោយសារអំឡុងពេលនេះកម្ពុជាកំពុងជួបប្រទះនូវការរីករាលដាលឆ្លងជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ធ្ងន់ធ្ងរ ដែលធ្វើឲ្យមានការបិទអាជីវកម្ម និងរឹតបណ្តឹងក្នុងការធ្វើចរាចរណ៍របស់ប្រជាពលរដ្ឋ។ ទោះយ៉ាងណា ឧកញ៉ា ចេង ខេង អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ CPL ផងដែរនោះ បានបន្តអះអាងថា ទោះបីមានការធ្លាក់ចុះនៃចរន្តទិញលក់ ក៏ពិតមែន ប៉ុន្តែតម្លៃអចលនទ្រព្យហាក់នៅទ្រឹង ពោលគឺមិនឡើង ហើយក៏មិនចុះដែរ។
ស្រដៀងគ្នានឹងការលើកឡើង របស់ឧកញ៉ា ចេង ខេងដែរ លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា ក៏បានសង្កេតឃើញថា ចរន្តនៃការទិញលក់អចលនទ្រព្យនៅក្នុងអំឡុងពេលកម្ពុជានៅប៉ុន្មានសប្ដាហ៍ចុងក្រោនេះ ពិតជាមានសភាពស្ងប់ស្ងាត់ជាងធម្មតាមែន។ ទោះយ៉ាងណា លោកសង្ឃឹមថា ស្ថានការណ៍ឆ្លងរីករាលដាលនេះ នឹងត្រូវរាជរដ្ឋាភិបាលគ្រប់គ្រងបាន និងអាចស្ដារមករកភាពប្រសើរឡើងវិញនាពេលឆាប់ៗនេះ។
ជុំវិញនឹងនិន្នាការចរន្ដទិញ-លក់អចលនវត្ថុនៅអំឡុងពេលនេះ លោកស្រី អាន សុធីតា នាយិកាគ្រប់គ្រង ក្រុមហ៊ុនអចលទ្រព្យ CBRE Cambodia ដែលមានក្រុមហ៊ុនមេនៅហុងកុង បានបញ្ជាក់ដែរថា ក្នុងកាលៈទេសៈនេះ ការទិញលក់អចលនទ្រព្យ ដែលមានតម្លៃសមរម្យមិនសូវរងផលប៉ះពាល់ខ្លាំងដូចអចលនទ្រព្យ ដែលមានតម្លៃខ្ពស់នោះទេ។
យ៉ាងណាក៏ដោយចុះ បើតាមទស្សនៈរបស់អ្នកជំនាញអចលនទ្រព្យសុទ្ធតែបានវាយតម្លៃថា ស្ថានភាពទិញលក់ ឬជួលអចលនទ្រព្យនៅកម្ពុជា នឹងអាចវិលមករកស្ថានភាពធម្មតាវិញនៅចុងឆ្នាំ២០២១នេះ ក្រោយពេលដែល កម្ពុជាអាចគ្រប់គ្រងស្ថានការណ៍ឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ និងមានវ៉ាក់សាំងកូវីដ-១៩ គ្រប់គ្រាន់ក្នុងការចាក់ឲ្យប្រជាពលរដ្ឋរបស់ខ្លួន៕