ឧកញ៉ា ឡាយ ឈុនហួរ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានគូសបញ្ជាក់ថា ប្រសិនបើផលិតកម្មអង្ករសរបស់ប្រទេសឥណ្ឌា ហក់ឡើងលើសតម្រូវការក្នុងស្រុក ហើយបញ្ចេញទៅកាន់ទីផ្សារអន្តរជាតិនោះនឹងអាចធ្វើឱ្យប៉ះពាល់ដល់តម្លៃអង្ករសរបស់ប្រទេសប្រកួតប្រជែងមួយចំនួន។ ទោះជាបែបនេះក្ដី តែអ្នកជំនាញរូបនេះបានលើកឡើងថា បញ្ហានេះទំនងមិនបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់ទីផ្សារអង្កររបស់កម្ពុជា ដែលត្រូវនាំចេញនៅក្នុងឆ្នាំខាងមុខខ្លាំងពេកនោះទេ ខណៈអង្ករនាំចេញភាគច្រើនជាប្រភេទអង្ករក្រអូប ហើយបាតុភូត អែលនីញ៉ូ នៅតែជាក្ដីបារម្ភចំពោះសន្តិសុខស្បៀង និងតម្រូវការសម្រាប់បណ្ដាប្រទេសមួយចំនួន។
បើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters ស្តុកអង្កររបស់ប្រទេសឥណ្ឌា បានកើនដល់កម្រិតកំណត់ត្រាជាង៥៥លានតោន គិតត្រឹមថ្ងៃទី១ ខែតុលា ដែលច្រើនជាងគោលដៅស្តុកផ្លូវការជាង៤ដង ដែលធ្វើឱ្យបញ្ហាខ្វះទីតាំងសម្រាប់ស្តុកទុកកាន់តែធ្ងន់ធ្ងរ។ ការផ្គត់ផ្គង់អង្ករលើសលប់របស់ឥណ្ឌា ក៏កំពុងដាក់សម្ពាធលើបណ្ដាប្រទេសនាំចេញអង្ករដែលជាគូប្រជែងដូចជាថៃ និងវៀតណាមផងដែរ។
សូមរំលឹកថា កម្ពុជា បានបង្កើតកំណត់ត្រាប្រវត្តិសាស្ត្រថ្មីមួយដោយនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ បានរហូតដល់ទៅជាង១លាន១ម៉ឺនតោនក្នុងរយៈពេលត្រឹមតែជាង៩ខែដើមឆ្នាំ២០២៦ ខណៈកាលពីឆ្នាំ២០២៥ កម្ពុជានាំចេញអង្ករសរុបបានត្រឹមជាង៩៤ម៉ឺនតោនជាមួយចំណូលជាង៦០០លានដុល្លារអាម៉េរិកប៉ុណ្ណោះ។ អង្ករកម្ពុជាត្រូវបាននាំចេញទៅកាន់ទីផ្សារជាង៦៦គោលដៅ ដោយតំបន់អាស៊ាន ទីផ្សារអឺរ៉ុប និងប្រទេសចិន ជាអ្នកស្រូបទាញធំជាងគេ៕
អត្ថបទ៖ បូ ដូឡា