
ការធ្វើមាតុភូមិនិវត្តន៍របស់កម្មករហ្វីលីពីន មានដល់ទៅប្រមាណ៤០ម៉ឺននាក់ ចំពេលដែលមានវិបត្តិកូវីដ-១៩ កើតឡើង ធ្វើឲ្យមានការព្រួយបារម្ភអំពីថាតើ លំហូរនៃការផ្ទេប្រាក់មកស្រុកកំណើត ដែលជាអាយុជីវិតសម្រាប់សេដ្ឋកិច្ចហ្វីលីពីននោះ អាចនឹងបន្ដភាពរឹងមាំរបស់ខ្លួនដែរ ឬយ៉ាងណា?
ប្រទេសហ្វីលីពីន មានពលករធ្វើការងារនៅក្រៅប្រទេសប្រហែល១០លាននាក់ ហើយពលករហ្វីលីពីនក៏បានផ្ញើប្រាក់មកស្រុកកំណើតច្រើនជាងគេលំដាប់ទី៣ ក្នុងពិភពលោកបន្ទាប់ពីប្រទេសឥណ្ឌា និងចិន។
ការផ្ញើប្រាក់ពីពលករហ្វីលីពីនធ្វើការនៅសហរដ្ឋអាមេរិក មានប្រហែល៤០% នៃការផ្ញើប្រាក់សរុបរបស់ពលករ។ ការផ្ញើប្រាក់មកស្រុកកំណើតរបស់ពលករហ្វីលីពីននៅសិង្ហបុរី កាណាដា ហុងកុង កាតា កូរ៉េខាងត្បូង តៃវ៉ាន់ គឺមានការកើនឡើង ខណៈដែលការផ្ញើប្រាក់ពី អារ៉ាប់ប៊ីសាអ៊ូឌីត ជប៉ុន អង់គ្លេស អារ៉ាប់រួម អាល្លឺម៉ង់ និងគុយវែត មានការធ្លាក់ចុះ។ នេះបើតាមរបាយការណ៍ពីធនាគារកណ្ដាលហ្វីលីពីន៕