លោកបណ្ឌិត អ៊ិន ចាន់នី ប្រធានសមាគមធនាគារនៅកម្ពុជា និង ជាប្រធានអគ្គនាយកប្រតិបត្តិធនាគារអេស៊ីលីដា បានលើកឡើងថា មកដល់ឆ្នាំ ២០១៩នេះ ធនាគារអេស៊ីលីដាបានផ្តល់កម្ចីជាប្រាក់រៀលទៅឲ្យអតិថិជនខ្ពស់ជាងប្រកាសរបស់ធនាគារកណ្តាល ខណៈប្រាក់កម្ចីដែលផ្តល់ឲ្យស្របតាមចំណូលអាជីវកម្មជាប្រាក់រៀលរបស់អតិថិជន និងការកើនឡើងនៃការពង្រីកការិយាល័យបន្ថែម និងជាងនេះទៀត គឺការរក្សាបានកំណើនសេដ្ឋកិច្ចមានស្ថិរភាពល្អក្នុងរយៈពេល២០ឆ្នាំចុងក្រោយនេះ និងការរក្សាបាននូវ បំរែបំរួលគម្លាតថ្លៃរវាងប្រាក់ដុល្លារមិនធំជាង ១,៥ ភាគរឡើយក្នុងរយៈពេល ១០ឆ្នាំ។
លោកបណ្ឌិត អ៊ិន ចាន់នី បានបញ្ជាក់ទៀតថា នៅឆ្នាំបន្តបន្ទាប់និន្នការនៃការប្រើប្រាស់ប្រាក់រៀលនឹងនៅតែកើនឡើងទៀត។
ចំណែក លោក គា បុរាណ ប្រធានសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងជាអគ្គនាយកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ បានចាត់ទុកការបញ្ចេញប្រាក់រៀលទៅក្នុងទីផ្សារគឺមានសារសំខាន់ក្នុងការចូលរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច ដែលជាលទ្ធផល អេអឹមខេ មានផលបត្រឥណទានរហូតដល់ ៧០ភាគរយ និងប្រាក់បញ្ញើសន្សំ ៦០ភាគរយ និងការទូទាត់ផ្សេងៗទៀតជាប្រាក់រៀលមានរហូត ៩០ភាគរយផងដែរ។
លោក ដុស ឌីន អគ្គនាយកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត បានគូសបញ្ជាក់ផងដែរថា គ្រឹះស្ថានលោកពិតជាគាំទ្រសម្រាប់ការដាក់ឲ្យប្រើប្រាស់ប្រាក់រៀល ដោយតាំងពីដំបូងឡើយនៅក្នុងបញ្ជីការគណនេយ្យគ្រឹះស្ថានលោក បានកត់ត្រាជាប្រាក់រៀល ការផ្តល់កម្ចីក៏ជាប្រាក់រៀល និងបានបើកប្រាក់ខែដល់បុគ្គលិកក៏ជាប្រាក់រៀលដែរ។
ជាមួយគ្នានេះដែរ លោក កាំង ម៉ូនីកា អគ្គលេខាធិការរងសមាគមរោងចក្រកាត់ដេរនៅកម្ពុជាបានឲ្យដឹងថា ស្ថិតក្នុងកំឡុងពេលនេះ សមាគមរោងចក្រកាត់ដេរ បានបង្ហាញពីជំហរថា នឹងព្យាយាមពន្យល់ដល់កម្មករ កម្មារនី អំពីអត្ថប្រយោជន៍នៃការប្រើប្រាស់ប្រាក់រៀលនេះផងដែរ ព្រោះបច្ចុប្បន្នប្រជាពលរដ្ឋកម្ពុជាធ្វើការនៅក្នុងឧស្សាហកម្មរោងចក្រ កាត់ដេរ មានប្រមាណ ៧៤ម៉ឺននាក់ កំពុងបើកប្រាក់ខែជាប្រាក់ដុល្លារនៅឡើយ ដែលមានទំហំ ២.៨០០ លានដុល្លារអាមេរិក៕