ការផ្គត់ផ្គង់សាច់ជ្រូកនៅវៀតណាមបានធ្លាក់ចុះ ហើយតម្លៃក៏កើនឡើងខ្លាំង និងអូសបន្លាយពេលយូរថែមទៀតផង ក្រោយពីប្រទេសនេះ រងការផ្ទុះរីករាលដាលនៃ ជម្ងឺប៉េស្តជ្រូក បានសម្លាប់ជ្រូកជាច្រើនលានក្បាល។
ក្នុងរយៈពេល ៥ខែ ដើមឆ្នាំ ២០២០ កសិដ្ឋានចិញ្ចឹមជ្រូក Dabaco Group បានបង្ហាញពីរបាយការណ៍ប្រាក់ចំណេញក្រោយបង់ពន្ធរួច ដោយសម្រេចបានជិត ២៥លានដុល្លារអាមេរិក កើនឡើង ៣០% ធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ ២០១៩។
តម្លៃសាច់ជ្រូក បានបន្តកើនឡើង តាំងពីចុងឆ្នាំ ២០១៩មកម្ល៉េះ និងឡើងដល់ ៤ដុល្លារ ៤០សេន ក្នុងមួយគីឡូក្រាម កាលពីខែឧសភាកន្លងទៅ បើទោះបីជាមាន វិធានការពីរដ្ឋាភិបាលវៀតណាម ក្នុងការទប់ស្កាត់ការឡើងថ្លៃនេះក៏ដោយ។
រដ្ឋាភិបាលវៀតណាម បានជំរុញការចិញ្ចឹមជ្រូកក្នុងស្រុក និងបាននាំចូលសាច់ជ្រូកពីក្រៅប្រទេស ជាច្រើនម៉ឺនតោន មកពី អាមេរិក កាណាដា និងអាល្លឺម៉ង់ជាដើម ព្រមទាំងអនុញាត ឲ្យមានការនាំចូល ជ្រូករស់ ជាលើកដំបូងថែមទៀតផង។
គួរជម្រាបថា បើតាមស្ថានការណ៍បច្ចុប្បន្ន តម្លៃសាច់ជ្រូក នឹងមិនធ្លាក់ចុះមកវិញនោះទេ រហូតដល់ចុងឆ្នាំ ២០២០នេះ ហើយតម្លៃសាច់ជ្រូកទូទាំងសកលលោក នឹងបន្តនៅថ្លៃ ដូចក្នុងប្រទេសវៀតណាមដែរ៕