របាយការណ៍ដដែលបានឲ្យដឹងថា តម្លៃកៅស៊ូ គិតជាមធ្យម ក្នុងរយៈពេល ១០ខែ ឆ្នាំ២០១៨នេះ ហាក់មានការថយចុះរហូតដល់ ១៨% ពោលគឺមានប្រមាណតែជាង ១.៣០០ ដុល្លារប៉ុណ្ណោះ ក្នុងមួយតោន។ ទីផ្សារសំខាន់ៗ របស់ការនាំចេញកៅស៊ូកម្ពុជា មានដូចជា ប្រទេសវៀតណាម ម៉ាឡេស៊ី សិង្ហបុរី ចិន និងកូរ៉េខាងត្បូងជាដើម។
មិនត្រឹមតែកម្ពុជានោះទេ ដែលទទួលរងនូវតម្លៃកៅស៊ូធ្លាក់ចុះ នៅឯប្រទេសថៃឯណោះវិញ ក៏រងការធ្លាក់ថ្លៃជ័រកៅស៊ូដែរ ខណៈដែលថែ ត្រូវបានគេស្គាល់ថា ជាប្រទេសលំដាប់កំពូលមួយ ដែលមានការផលិតជ័រកៅស៊ូច្រើនជាងគេលើពិភពលោក។
បើតាមការចុះផ្សាយ ពីសារព័ត៌មាន បាងកកប៉ុស្ដិ៍របស់ថៃ ការធ្លាក់ចុះថ្លៃកៅស៊ូនៅលើទីផ្សារនេះ គឺដោយសារតែឥទ្ធិពល នៃសង្គ្រាមពាណិជ្ជកម្មរវាងចិន និងអាមេរិក ហើយការអូសបន្លាយនូវសង្គ្រាមពាណិជ្ជកម្មរវាងមហាយក្សទាំងពីរនេះ ត្រូវបានគេមើលឃើញថា កំពុងប៉ះពាល់ដល់ទីផ្សារកៅស៊ូក្នុងប្រទេសថៃនឹកស្មានមិនដល់ឡើយ។ តួយ៉ាង តម្លៃជ័រកៅស៊ូរបស់ថៃ បានរអិលធ្លាក់ចុះ ២០% គិតតាំងពីខែមិថុនា មកទល់ពេលនេះ។ ការដកហូតពន្ធគយរបស់អាមេរិក លើទំនិញរបស់ចិន ក៏បានធ្វើឲ្យមានបញ្ហាដល់តម្រូវការរោងចក្រផលិតកៅស៊ូនៅក្នុងប្រទេសចិនផងដែរ ខណៈដែលចិន គឺជាទីផ្សារនាំចេញកៅស៊ូជាងពាក់កណ្ដាលរបស់ប្រទេសថៃ។
មិនថាតែកសិករនៅកម្ពុជានោះទេ ដែលកំពុងរងការលំបាកដោយសារទីផ្សារជ័រកៅស៊ូកំពុងធ្លាក់ចុះនេះ នៅប្រទេសថៃ ក៏មានកសិករជាច្រើន បាននិងកំពុងបង្ខំចិត្តបោះបង់របរដាំដុះរបស់ពួកគេ និងងាកទៅធ្វើការនៅក្នុងរោងចក្រជំនួសវិញ។
ទោះជាយ៉ាងណា គេសង្កេតឃើញថា ឥទ្ធិពលនៃសង្គ្រាមពាណិជ្ជកម្មនេះ មិនមែនសុទ្ធតែធ្វើឲ្យទីផ្សារជ័រកៅស៊ូរបស់ប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍ ត្រូវរងផលប៉ះពាល់ទាំងអស់នោះទេ។ ជាក់ស្ដែង ប្រទេសវៀតណាម កំពុងទទួលប្រយោជន៍ពីឥទ្ធិពលនេះ ដោយសាររោងចក្រជាច្រើនពីប្រទេសចិន បានជ្រើសមូលដ្ឋានផលិតនៅឯប្រទេសវៀតណាម សម្រាប់ការនាំចេញទៅអាមេរិក ដើម្បីបញ្ជៀសរបាំងពន្ធគយរបស់សហរដ្ឋអាមេរិក។
សូមជម្រាបថា តាមរបាយការណ៍ពី អគ្គនាយកដ្ឋានកៅស៊ូ កម្ពុជា បច្ចុប្បន្នមានក្រុមហ៊ុន ដែលកំពុងរកស៊ី និងដាំដុះកៅស៊ូនៅកម្ពុជាចំនួន ១២៩ក្រុមហ៊ុន ក្នុងនោះ មាន៣០ក្រុមហ៊ុនហើយ ដែលប្រមូលផល និងធ្វើការនាំចេញ ខណៈដែលផ្ទៃដីដាំដុះកៅស៊ូវិញ មានចំនួនជិត ៤៣ម៉ឺនហិកតា ក្នុងផ្ទៃដីដែលចៀរជ័របានមាន ២០ម៉ឺនហិតកា ស្មើនឹង ៤៧ភាគរយ និងផ្ទៃដីថែទាំងជាង ២២ម៉ឺនហិកតា ស្មើនឹង ៥៣ភាគរយ៕