ការលើកឡើងនេះធ្វើឡើង ចំពេលដែលកាសែតFinancial Times បានរាយការណ៍មកថា អ៊ុយក្រែនបានប្រើប្រាស់គ្រាប់រ៉ុក្កែតរបស់កូរ៉េខាងជើង ដែលខ្លួនវាយយកបានពីកងទ័ពរុស្ស៊ីនៅលើសមរភូមិ ខណៈដែលព្យុងយ៉ាងនិងម៉ូស្គូបន្តបដិសេធថា មានការផ្គត់ផ្គង់អាវុធឱ្យគ្នា។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មានអន្តរជាតិធំៗ។
ថ្លែងចេញពីប្រទេសអូស្ត្រាលីក្នុងដំណើរទស្សនកិច្ចរបស់លោក ប្លីនខេន ទៅជួបមេដឹកនាំនៃប្រទេសនេះ លោកបានប្រាប់អ្នកកាសែតដែលសួរអំពីដំណើរដ៏កម្របំផុតរបស់រដ្ឋមន្ត្រីការបទេសរុស្ស៊ីទៅកាន់កូរ៉េខាងជើង។ លោកប្លីនខេនថា «ខ្ញុំពិតជាមានការសង្ស័យណាស់»។ «ដូចយើងឃើញយើងថារុស្ស៊ីបានខ្នះខ្នែងស្វែងរកជំនួយយោធា និងសព្វាវុធពីសម្ព័ន្ធមិត្តគ្រប់ទីកន្លែងទាំងអស់ដើម្បីបញ្ចប់ការឈ្លានពានរបស់ខ្លួនលើអ៊ុយក្រែន។
លោក ប្លីនខេន បន្តថា មិនថាតែកូរ៉េខាងជើងនោះទេ អ៊ីរ៉ង់គឺជាគំរូស្រាប់ដែលទីក្រុងម៉ូស្គូត្រូវបានទីក្រុងតេរ៉ង់បញ្ជូនយន្តហោះដ្រូនឱ្យ ដើម្បីប្រើប្រាស់កម្ទេចហេដ្ឋារចនាសម្ព័ន្ធ និងជីវិតរបស់ជនស៊ីវិលអ៊ុយក្រែន។ ទោះយ៉ាងណា គេដឹងយ៉ាងច្បាស់ថា រុស្ស៊ីនៅមុនផ្ទុះសង្គ្រាមទៅទៀតគឺជាខ្នងបង្អែកដ៏រឹងមាំ ក៏ដូចជាប្រទេសដែលមានទំនាក់ទំនងជិតស្និតទីពីរបន្ទាប់ចិនជាមួយរដ្ឋផ្តាច់ការកូរ៉េខាងជើង។ ក្នុងន័យនេះ រដ្ឋអំណាចព្យុងយ៉ាងអាចផ្តល់ជំនួយយោធាឱ្យម៉ូស្គូដើម្បីរក្សាទំនាក់ទំនងល្អនឹងគ្នាតទៅទៀត។
ជាមួយគ្នានេះ យោងតាម Financial Times កាលពីថ្ងៃសៅរិ៍បានរាយការណ៍មកថា កងកម្លាំងអ៊ុយក្រែនបានកំណត់សញ្ញាថា គ្រាប់រ៉ុក្កែតដែលខ្លួនវាយបានពីដៃកងទ័ពរុស្ស៊ី និងប្រើដាក់រុស្ស៊ីវិញនោះគឺជាគ្រាប់រ៉ុក្កែតរបស់កូរ៉េខាងជើង។ ក្រសួងការពារជាតិអ៊ុយក្រែនថា រ៉ុក្កែតទាំងនោះគឺបានមកពីការរឹបអូសសព្វាវុធកងទ័ពរុស្ស៊ីដែលបោះបង់ចោលនៅសមរភូមិភាគខាងកើតបាក់មុត ជាកន្លែងមានការប្រយុទ្ធគ្នាខ្លាំងក្លា។
ដោយឡែក ទាំងរុស្ស៊ីនិងកូរ៉េខាងជើងបដិសេធការចោទប្រកាន់ការដោះដូរសព្វាវុធយោធា បើទោះបីជាសហរដ្ឋអាមេរិកបានចោទប្រកាន់កូរ៉េខាងជើងជច្រើនដងរួចមកហើយថបានផ្តល់អាវុធដល់រុស្ស៊ី តាមរយៈការដឹកជញ្ជូនតាមសមុទ្រ ប៉ុន្តែមិនបានផ្តល់ភស្តុតាងជាក់ស្តែងនោះឡើយ៕