លោក វ្ល៉ាឌីមៀ យែម៉ាកូវ (Vladimir Yermakov) ជាប្រធានផ្នែកគ្មានការរីកសាយភាយនុយក្លេអ៊ែរនៃក្រសួងការបរទេសរុស្ស៊ីបាននិយាយថា មហាអំណាចនុយក្លេអ៊ែរទាំងអស់ត្រូវតែប្រកាន់ខ្ជាប់នូវភាពច្បាស់លាស់និយម ដូចបានចែងក្នុងឯកសារផ្លូវការ ដែលមានគោលបំណងទប់ស្កាត់សង្គ្រាមនុយក្លេអ៊ែរ។
រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក សឺជេ ឡាវរ៉ូវ (Sergei Lavrov) បាននិយាយកាលពីដើមសប្ដាហ៍មុនថា ប្រទេសបស្ចិមលោកមិនគួរមើលស្រាលហានិភ័យខ្ពស់នៃជម្លោះនុយក្លេអ៊ែរនៅប្រទេសអ៊ុយក្រែននោះទេ បើទោះជាសហរដ្ឋអាមេរិកបាននិយាយជាបន្តបន្ទាប់ថា ខ្លួនមិនជឿថារុស្ស៊ីហ៊ានប្រើអាវុធនុយក្លេអ៊ែរក៏ដោយចុះ ខណៈដែលទីក្រុងម៉ូស្គូបានគំរាមកំហែងកាន់តែខ្លាំងក្នុងការប្រើអាវុធមហាប្រល័យមួយនេះ។
លោក Yermakov បាននិយាយពីថ្ងៃសៅរ៍ថា មហាអំណាចនុយក្លេអ៊ែរសំខាន់ៗត្រូវតែប្រកាន់ខ្ជាប់នូវភាពប្រាកដនិយមដូចចែងនៅក្នុងឯកសារដែលពួកគេបានបង្កើតរួមគ្នា ដោយប្រទេសរុស្ស៊ី ចិន អង់គ្លេស សហរដ្ឋអាមេរិក និងប្រទេសបារាំងដែលជាសមាជិកអចិន្ត្រៃយ៍ទាំង៥របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដោយពួកគេបានព្រមព្រៀងគ្នាកាលពីខែមករាថា ពួកគេនឹងចៀសវាងការរីករាលដាលបន្ថែមទៀតនៃអាវុធនុយក្លេអ៊ែរ និងសង្គ្រាមនុយក្លេអ៊ែរ។
លោក Yermakov បាននិយាយកាលពីថ្ងៃសៅរ៍ទី ៣០មេសាថា ហានិភ័យនៃសង្គ្រាមនុយក្លេអ៊ែរដែលមិនគួរនឹងកើតមាននោះ ត្រូវតែរក្សាឱ្យនៅកម្រិតជាអប្បបរមា ជាពិសេសតាមរយៈការទប់ស្កាត់ជម្លោះប្រដាប់អាវុធណាមួយរវាងមហាអំណាចនុយក្លេអ៊ែរទាំងនេះ ហើយច្បាស់ណាស់ រុស្ស៊ីគឺគោរពតាមការយល់ឃើញបែបនេះឯង។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន TASS។
ស្របពេលនោះដែរលោក Lavrov បាននិយាយថា ការដកទណ្ឌកម្មចេញពីប្រទេសរុស្ស៊ី គឺជាផ្នែកមួយនៃកិច្ចចរចាសន្តិភាពជាមួយអ៊ុយក្រែន ប៉ុន្តែអ្នកចរចាជាន់ខ្ពស់របស់អ៊ុយក្រែនលោក មិកខៃឡូ ប៉ូដូលយ៉ាក (Mykhailo Podolyak) បានបដិសេធថា នេះមិនមែនជាការពិតនោះទេ។
លោក Lavrov បានប្រាប់ទីភ្នាក់ងារព័ត៌មានចិន Xinhua កាលពីថ្ងៃសៅរ៍ថា ក្នុងពេលបច្ចុប្បន្ននេះ គណៈប្រតិភូរុស្ស៊ី និងអ៊ុយក្រែនពិតជាកំពុងពិភាក្សាគ្នាជារៀងរាល់ថ្ងៃតាមរយៈការធ្វើសន្និសីទតាមវីដេអូពីចម្ងាយអំពីលទ្ធភាពបង្កើតសេចក្តីព្រាងសន្ធិសញ្ញាមួយ ហើយរបៀបវារៈនៃកិច្ចពិភាក្សានេះ រួមមានបញ្ហានៃការរំសាយក្រុមណាស៊ី ការទទួលស្គាល់ការពិតភូមិសាស្ត្រនយោបាយថ្មី ការដកទណ្ឌកម្មចេញពីរុស្ស៊ី និងឋានៈភាសារុស្ស៊ីជាដើម។
ប៉ុន្តែលោក Podolyak អ្នកចរចាជាន់ខ្ពស់របស់អ៊ុយក្រែន បានច្រានចោលដោយនិយាយថា លោក Lavrov មិនបានចូលរួមក្នុងការចរចាណាមួយនោះទេ ហើយថាអ៊ុយក្រែនមិនត្រូវការមេរៀនក្នុង«ការរំសាយក្រុមណាហ្ស៊ី» ឬក៏ប្រើប្រាស់ភាសារុស្ស៊ី ពីអ្នកដែលបានវាយប្រហារនិងកាន់កាប់ទីតូចធំរបស់អ៊ុយក្រែននោះទេ។
លោក Volodymyr Zelenskiy ប្រធានាធិបតីអ៊ុយក្រែនធ្លាប់បាននិយាយនៅក្នុងសុន្ទរកថារបស់លោកថា «បញ្ហានៃការដាក់ទណ្ឌកម្មអន្តរជាតិជាសកលទៅលើសហព័ន្ធរុស្ស៊ីគឺមិនត្រូវបានលើកមកពិភាក្សាទាល់តែសោះ»នៅក្នុងក្របខ័ណ្ឌនៃការចរចារវាងរុស្ស៊ី និងអ៊ុយក្រែន។
លោក ហ្សឺឡិនស្គី បានបញ្ជាក់ថា វាមានតែប្រទេសជាដៃគូរបស់អ៊ុយក្រែនទាំងអស់រួមទាំងអ៊ុយក្រែនផងដែរ ដែលមានសិទ្ធិសម្រេចថា តើគួរសម្រេចចិត្តដាក់ទណ្ឌកម្មទៅលើរុស្ស៊ីដោយរបៀបណានិងនៅពេលណាតែប៉ុណ្ណោះ៕
អត្ថបទ៖ សុខ ជា