រុស្ស៊ីសម្លឹងរកទីផ្សារនាំចេញប្រេង

រុស្ស៊ីសម្លឹងរកទីផ្សារនាំចេញប្រេងទៅកាន់តំបន់អាហ្រ្វិក និង មជ្ឈិមបូព៌ា នៅចំពេលរងទណ្ឌកម្មពីសហភាពអឺរ៉ុប


ក្រុមហ៊ុនវិភាគទិន្នន័យ Refinitiv Eikon របស់អង់គ្លេសបានបង្ហាញថា រុស្ស៊ីកំពុងបង្កើនការផ្គត់ផ្គង់ប្រេងសាំង ទៅកាន់ទ្វីបអាហ្រ្វិក និង មជ្ឈិមបូព៌ា ខណៈដែលទីក្រុងម៉ូស្គូបានបាត់បង់ទីផ្សារក្នុងការលក់ប្រេងឥន្ធនៈរបស់ខ្លួនទៅកាន់តំបន់អឺរ៉ុប ដោយសារទណ្ឌកម្មរបស់លោកខាងលិច។
រុស្ស៊ីសម្លឹងរកទីផ្សារនាំចេញប្រេងទៅកាន់តំបន់អាហ្រ្វិក និង មជ្ឈិមបូព៌ា នៅចំពេលរងទណ្ឌកម្មពីសហភាពអឺរ៉ុប

ក្នុងនោះ តំបន់អាស៊ីកំពុងទទួលយកបរិមាណប្រេងឆៅរុស្ស៊ីកាន់តែច្រើនផងដែរ នៅចំពេលនៃការដាក់ទណ្ឌកម្មរបស់សហភាពអឺរ៉ុបនេះ ខណៈ វាទំនងជានឹងបង្កើនការប្រកួតប្រជែងកាន់តែខ្លាំងផងដែរ សម្រាប់អ្នកប្រើប្រាស់នៅអាស៊ី រវាងប្រទេសរុស្ស៊ី ជាមួយនឹងអ្នកនាំចេញឥន្ធនៈធំៗផ្សេងទៀត ដូចជាអារ៉ាប៊ីសាអូឌីត និង សហរដ្ឋអាមេរិកជាដើម ដ្បិតថា ប្រទេសនេះ គឺជាអ្នកផ្គត់ផ្គង់ប្រេងកំពូលទាំងបី សម្រាប់ទីផ្សារតំបន់អាស៊ី។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានអន្តរជាតិធំៗជាច្រើន។

មែនទែនទៅ សហភាពអឺរ៉ុបបានកាត់បន្ថយការនាំចូលប្រេងឆៅ និងឥន្ធនៈរបស់រុស្ស៊ីបន្តិចម្តងៗ ចាប់តាំងពីខែមីនាមក ហើយបានសម្រេចការហាមឃាត់ទាំងស្រុងជាផ្លូវការកាលពីចុងខែឧសភារហូតដល់ត្រឹមចុងឆ្នាំ ២០២២ នេះ ខណៈវាជាផ្នែកមួយនៃទណ្ឌកម្មលើកទី ៦ ដែលប្លុកនេះបានដាក់លើទីក្រុងម៉ូស្គូ ដែលបានឈ្លានពានអ៊ុយក្រែន។

គួររំឮកថា ប្រទេសរុស្ស៊ីបាននាំចេញប្រេងឆៅច្រើនជាង ២លាន៥សែនបារ៉ែលក្នុងមួយថ្ងៃ ទៅកាន់អឺរ៉ុបមុនពេលមានការដាក់ទណ្ឌកម្មពីលោកខាងលិច ខណៈនៅពេលដែលមានការកាត់ផ្តាច់ការនាំចេញប្រេងទៅកាន់ប្លុកនេះ វាបានធ្វើឱ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ញរ លើវិស័យហិរញ្ញវត្ថុរបស់រុស្ស៊ី និង បានធ្វើឱ្យពាណិជ្ជកម្មសេដ្ឋកិច្ចរបស់ប្រទេសនេះកាន់តែធ្លាក់ចុះផងដែរ។

ទោះយ៉ាងណា ទីក្រុងម៉ូស្គូបានបើកទ្វាឱ្យអ្នកទិញប្រេងនៅអាស៊ី បង្កើនការទិញប្រេងឆៅរបស់ខ្លួនយ៉ាងឆាប់រហ័ស ទោះបីជាតំបន់អាស៊ីមិនមែនជាទីផ្សារនៃការនាំចេញប្រេងឥន្ធនៈដ៏ធំសម្រាប់រុស្ស៊ីក៏ដោយ ព្រោះ តំបន់អាស៊ី មានកន្លែងចម្រាញ់ប្រេងជាច្រើនសម្រាប់ផ្គត់ផ្គង់តម្រូវការក្នុងតំបន់ និងជាអ្នកនាំចេញឥន្ធនៈសុទ្ធផងដែរ។

ទោះយ៉ាងណា វិមានក្រឹមឡាំងបានព្យាយាមស្វែងរកកន្លែងលក់ថ្មីដែលមានសក្តានុពលផ្សេងទៀត ដូចជា អាហ្រ្វិក និងមជ្ឈិមបូព៌ា ដែលពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់រុស្ស៊ី ដើម្បីការពារចំណែកទីផ្សារពិភពលោករបស់ខ្លួន និង ទប់ស្កាត់ការធ្លាក់ចុះកាន់តែជ្រៅនៃការនាំចេញ និង ទិន្នផលប្រេង។

ក្រុមពាណិជ្ជករ ដែលជាអ្នកជួញដូរប្រេងរបស់រុស្ស៊ីនិយាយថា អាហ្វ្រិក និងមជ្ឈិមបូព៌ា នឹងក្លាយជាអតិថិជនចម្បងសម្រាប់ការផ្គត់ផ្គង់ប្រេងរបស់រុស្ស៊ី ហើយការដឹកជញ្ជូនកាន់តែច្រើននៅកាន់ទ្វីបទាំង ២ នោះនឹងកើនឡើងនៅក្នុងឆមាសទីពីរនៃឆ្នាំនេះ នៅចំពេលដែលការហាមឃាត់របស់សហភាពអឺរ៉ុបកាន់តែមានសភាពតានតឹងទៅៗនោះ។

តួយ៉ាង មានកាប៉ាល់យ៉ាងហោចណាស់ចំនួន ៥ គ្រឿង បានដឹកប្រេងសាំងប្រហែល ២ សែន ៣ សែនតោនផ្គត់ផ្គង់ទៅប្រទេសផ្សេងៗក្នុងតំបន់ទ្វីប ២ទាំងនេះជារៀងរាល់ថ្ងៃចាប់តាំងពី ខែឧសភា ដល់ ខែមិថុនានេះ។ នេះបើផ្អែកលើទិន្នន័យ Refinitiv ។ ទន្ទឹមនឹងនោះ ការនាំចេញប្រេងម៉ាស៊ូតរបស់រុស្ស៊ីទៅកាន់បណ្តាប្រទេសនៅទ្វីបអាហ្រ្វិកក៏បានកើនឡើងដល់ ១ លានតោនចាប់តាំងពីដើមឆ្នាំមកទល់ពេលនេះ ពោលគឺកើនឡើងពីប្រមាណ៨សែនតោន បើធៀបចាប់ខែមករាដល់ខែមិថុនា ឆ្នាំ ២០២១។

សូមបញ្ជាក់ថា សម្រាប់តំបន់អាស៊ី គេសង្កេតឃើញថា ប្រទេសចិន និងឥណ្ឌា កំពុងសម្រុកទិញប្រេងពីប្រទេសរុស្ស៊ីច្រើនជាងគេ ជាមួយនឹងការលក់បញ្ចុះតម្លៃទាបផងដែរ។ កាលពីខែ ឧសភាកន្លង ចិនបានទិញប្រេងពីរុស្ស៊ីកើនឡើងដល់ទៅជាង៥០% ឯណោះ ជាកំណើនខ្ពស់មិនធ្លាប់មានពីមុននោះឡើយ៕

None



អត្ថបទបន្ទាប់


ស្រីលង្កាអញ្ជើញចិន ឥណ្ឌា និងជប៉ុន ធ្វើសន្និសីទរួមគ្នាស្វែងរកជំនួយបន្ថែម ដើម្បីដោះស្រាយវិបត្តិសេដ្ឋកិច្ច

នាយករដ្ឋមន្ត្រីស្រីលង្កាបាននិយាយកាលពីថ្ងៃពុធសប្តាហ៍នេះថា ប្រទេសស្រីលង្កានឹងអញ្ជើញប្រទេសចិន ឥណ្ឌា និងជប៉ុន ឲ្យចូលរួមធ្វើសន្និសីទម្ចាស់ជំនួយមួយ…

BMW បោះទុន២,២ពាន់លានដុល្លារបានបង្កើតរោងចក្រថ្មី ផលិតរថយន្តអគ្គិសនីនៅប្រទេសចិន

ក្រុមហ៊ុន BMW របស់ប្រទេសអាល្លឺម៉ង់បាននិយាយកាល២៣មិថុនាថា រោងចក្រថ្មីមួយក្នុងប្រទេសចិនបានចាប់ផ្តើមដំណើរការផលិតជាផ្លូវការហើយ ជាមួយនឹងការ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ