សម្ដេច ហ៊ុន ម៉ាណែត បំពេញទស្សនៈកិច្ចនៅចិនក្នុងសប្ដាហ៍នេះ!

អ្នកជំនាញយល់ឃើញបែបណាជុំវិញបេសកម្មធំៗ២របស់នាយករដ្ឋមន្រ្តីកម្ពុជា ទៅកាន់ប្រទេសចិន និងអាមេរិក នាអំឡុងខែកញ្ញានេះ?


តបតាមការអញ្ជើញរបស់នាយករដ្ឋមន្រ្តីនៃសាធារណៈប្រជាមានិតចិន នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងធ្វើដំណើរទៅបំពេញទស្សនៈកិច្ច រយៈពេល៣ថ្ងៃនៅប្រទេសចិន។ ខណៈនៅចុងខែកញ្ញា ឆ្នាំ២០២៣ ដដែលនោះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងមានបេសកម្មមួយទៀត ដោយត្រូវធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិក ដើម្បីចូលរួមកិច្ចប្រជុំរបស់អង្គការសហប្រជាជាតិ។
សម្ដេច ហ៊ុន ម៉ាណែត បំពេញទស្សនៈកិច្ចនៅចិនក្នុងសប្ដាហ៍នេះ!

ដ្បិតថា នេះមិនមែនជាបេសកម្មក្រៅប្រទេសលើកដំបូង តែវាក៏ជាដំណើរទស្សនៈកិច្ចផ្លូវការលើកដំបូងបង្អស់របស់សម្ដេច ហ៊ុន ម៉ាណែត ក្នុងនាមជានាយករដ្ឋមន្រ្តីថ្មីរបស់កម្ពុជា បន្ទាប់ពីសម្ដេចបានទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ និងកិច្ចប្រជុំពាក់ព័ន្ធនានា នៅប្រទេសឥណ្ឌូនេស៊ី កាលពីដើមខែកញ្ញា ថ្មីៗនេះ។ តើអ្នកជំនាញមានការយល់ឃើញបែបណា ជុំវិញបេសកកម្មក្រៅប្រទេសធំៗ២ ដែលសុទ្ធសឹងជាដៃគូពាណិជ្ជកម្មដ៏ធំរបស់កម្ពុជា នាអំឡុងខែកញ្ញានេះ របស់នាយករដ្ឋមន្ត្រីកម្ពុជាថ្មី?

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញទៅបំពេញទស្សនៈកិច្ចផ្លូវការនៅសាធារណៈរដ្ឋប្រជាមានិតចិន រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៣ តបតាមការអញ្ជើញរបស់ឯកឧត្តម លី ឈាង នាយករដ្ឋមន្រ្តីនៃសាធារណៈរដ្ឋប្រជាមានិតចិន។ ដោយឡែក អំឡុងចុងខែកញ្ញានេះ បន្ទាប់ពីបញ្ចប់បេសកម្មទស្សនៈកិច្ចនៅប្រទេសចិនហើយនោះ សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានបង្ហាញពីគម្រោងនឹងអញ្ជើញទៅប្រទេសសហរដ្ឋអាមេរិក ដើម្បីចូលរួមកិច្ចប្រជុំរបស់អង្គការសហប្រជាជាតិផងដែរ។ ខណៈប្រទេសមហាអំណាចទាំងពីរនេះ បាននិងកំពុងបញ្ចេញសាច់ដុំដាក់គ្នា និងកំពុងមានការប្រកួតប្រជែងគ្នាយ៉ាងខ្លាំងផងដែរ។ យ៉ាងណាក៏ដោយ ជុំវិញសកម្មក្រៅប្រទេសធំៗ ទាំងពីររបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជាទៅកាន់ប្រទេសចិន និងសហរដ្ឋអាមេរិកនេះ ត្រូវបានអ្នកជំនាញសេដ្ឋកិច្ចមើលឃើញថា សុទ្ធតែផ្ដល់ផលវិជ្ជមានសម្រាប់ប្រទេសកម្ពុជា និងមិនធ្វើឲ្យប៉ះពាល់ដល់ទំនាក់ទំនងពាណិជ្ជកម្មរបស់កម្ពុជា ជាមួយប្រទេសណាមួយឡើយ។

លោកបណ្ឌិត ឆេង គឹមឡុង អ្នកវិភាគសេដ្ឋកិច្ចយល់ឃើញថា ដ្បិតបច្ចុប្បន្នកម្ពុជាមានការផ្លាស់ប្ដូរក្បាលម៉ាស៊ីនថ្មី ក៏ពិតមែន ប៉ុន្តែសម្រាប់កម្ពុជានៅតែបន្តអនុវត្តលើគោលនយោបាយរបស់រដ្ឋាភិបាលចាស់ដដែល ដោយប្រកាន់គោលជំហរមិនយកប្រទេសណាមួយធ្វើជាសត្រូវនោះឡើយ។ សម្រាប់អ្នកជំនាញសេដ្ឋកិច្ចរូបនេះ ដំណើរបំពេញទស្សនៈកិច្ចរបស់នាយករដ្ឋមន្រ្តីកម្ពុជា ទៅកាន់ប្រទេសចិន នាពេលនេះនឹងធ្វើឲ្យទំនាក់ទំនងទ្វេរភាគីរវាងកម្ពុជា-ចិន កាន់តែល្អប្រសើរថែមមួយកម្រិតទៀត។ ម្យ៉ាងវិញទៀត ការទៅចូលរួមកិច្ចប្រជុំនៅអង្គការសហប្រជាជាតិរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នៅសហរដ្ឋអាមេរិក ក៏មិនបានជះឥទ្ធិពលអវិជ្ជមាន ដល់ទំនាក់ទំនងកម្ពុជា-ចិននោះដែរ។ បើតាមលោកបណ្ឌិត ឆេង គឹមឡុង ដំណើរទស្សនៈកិច្ចផ្លូវការរបស់នាយករដ្ឋមន្រ្តីកម្ពុជាទៅកាន់ប្រទេសចិន រយៈពេល៣ថ្ងៃនេះ នឹងផ្ដល់ឱកាសសម្រាប់កម្ពុជាក្នុងការពង្រឹងទំនាក់ទំនងការទូត ពាណិជ្ជកម្ម និងវិនិយោគជាមួយប្រទេសចិនថែមមួយកម្រិតទៀត។

ជាមួយគ្នានេះ លោក ឆេង គឹមឡុង កត់សម្គាល់ឃើញថា នៅរយៈពេល១ឆ្នាំចុងក្រោយនេះ ទាំងទំនាក់ទំនងទ្វេភាគីកម្ពុជា-ចិន និងទំនាក់ទំនងទ្វេរភាគីកម្ពុជា-អាមេរិក សុទ្ធតែបង្ហាញសញ្ញាណវិជ្ជមានគួរឲ្យកត់សម្គាល់។ ជាក់ស្ដែង យោងតាមទិន្នន័យរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បង្ហាញថា នៅរយៈពេល៨ខែឆ្នាំ២០២៣ ការធ្វើពាណិជ្ជកម្មរបស់កម្ពុជា ជាមួយអន្តរជាតិ មានទំហំទឹកប្រាក់សរុបជិត៣២ពាន់លានដុល្លារ។ ក្នុងនោះប្រទេសចិនស្ថិតក្នុងចំណាត់ថ្នាក់លេខ១ ដែលជាដៃគូពាណិជ្ជកម្មធំជាងគេរបស់កម្ពុជា ជាមួយទំហំពាណិជ្ជកម្មសរុបជា ៨ពាន់លានដុល្លារ បន្ទាប់មកគឺសហរដ្ឋអាមេរិកស្ថិតក្នុងចំណាត់ថ្នាក់លេខ២ ដែលមានទំហំពាណិជ្ជកម្មសរុបជាង៦ពាន់លានដុល្លារ។ អ្នកជំនាញសេដ្ឋកិច្ចរូបនេះ យល់ឃើញទៀតថា ទាំងទំនាក់ទំនងកម្ពុជា-ចិន និងកម្ពុជា-អាមេរិក សុទ្ធតែមានសារៈសំខាន់សម្រាប់កម្ពុជា ព្រោះប្រទេសទាំងពីរមានតម្រូវការទីផ្សារផ្សេងៗគ្នា។ យ៉ាងណាក៏ដោយ លោកនៅតែបង្ហាញគំនិតសុទិដ្ឋិនិយមចំពោះទំនាក់ទំនងទ្វេភាគីកម្ពុជា-ចិន និងកម្ពុជា-អាមេរិក តាមរយៈដំណើរទស្សនៈកិច្ចផ្លូវការរបស់នាយករដ្ឋមន្រ្តីកម្ពុជា ទៅកាន់ចិន និងសហរដ្ឋអាមេរិក នៅអំឡុងខែកញ្ញានេះ។

យ៉ាងណាក៏ដោយ បើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ អំឡុងបំពេញទស្សនៈកិច្ចផ្លូវការរយៈពេល៣ថ្ងៃ នៅសាធារណរដ្ឋប្រជាមានិតចិន សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងជួបសម្តែងការគួរសមដោយឡែកពីគ្នាជាមួយឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន និងឯកឧត្តម ចាវ ឡឺជី ប្រធានសភាតំណាងប្រជាជនចិន ដើម្បីពិភាក្សាលើកិច្ចការសំខាន់ៗមួយចំនួន រួមមានការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ក្នុងយុគសម័យថ្មី ការជំរុញបន្ថែមនូវកិច្ចសហប្រតិបត្តិការត្បូងពេជ្រ ទិសដៅយុទ្ធសាស្ត្រសម្រាប់ទំនាក់ទំនងកម្ពុជា-ចិន ព្រមទាំងកិច្ចការតំបន់ និងអន្តរជាតិ ដែលផ្តល់ផលប្រយោជន៍រួម។ លើសពីនោះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងជួបពិភាក្សាទ្វេភាគីជាមួយឯកឧត្តម លី ឈាង អំពីកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគីរវាងប្រទេសទាំងពីរ ហើយនាយករដ្ឋមន្ត្រីទាំងពីរ ក៏នឹងអញ្ជើញធ្វើជាអធិបតីក្នុងពិធីចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការមួយចំនួនផងដែរ។ បន្ទាប់មក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញចូលរួមពិព័រណ៌អាស៊ាន-ចិន លើកទី២០នៅថ្ងៃទី១៦-១៧ ខែកញ្ញា ឆ្នាំ២០២៣ នៅទីក្រុងណាននីង តំបន់ស្វយ័តជនជាតិជាំងក្វាងស៊ីផងដែរ។

សូមបញ្ជាក់ថា ស្របពេលដែលកម្ពុជានិងចិន កំពុងប្រារព្ធខួបអនុស្សាវរីយ៍លើកទី៦៥ នៃទំនាក់ទំនងការទូត និងឆ្នាំមិត្តភាព ដំណើរទស្សនកិច្ចរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នៅសាធារណរដ្ឋប្រជាមានិតចិន នាពេលខាងមុខ នឹងពង្រឹងបន្ថែមទៀតនូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ ដំណើរទស្សនកិច្ចនេះ នឹងពង្រីកក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ និងជំរុញកិច្ចសហការលើវិស័យជាច្រើនក្នុងវេទិកាតំបន់ និងអន្តរជាតិនានា ដែលផ្ដល់ផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រទេសនិងប្រជាជនទាំងពីរ៕

None



អត្ថបទបន្ទាប់


អ្នកឧកញ៉ា ម៉ុង ឬទ្ធី ជឿជាក់ថា អ្នកចិញ្ចឹមជ្រូកជាច្រើនអាចប្រឈមនឹងក្ស័យធន បើតម្លៃជ្រូកក្នុងស្រុកបន្តធ្លាក់ចុះ

តម្លៃជ្រូករស់ក្នុងស្រុកធ្លាក់ថ្លៃខ្លាំង នៅតែជាបញ្ហាចាក់ស្រេះមិនទាន់អាចដោះស្រាយបានរហូតមកទល់ពេលនេះ។ តួយ៉ាងតាមការអះអាងរបស់អ្នកឧកញ៉ា ម៉ុង ឬ…

ចិនដីគោកក្តោបចំណែក៥៥%លើការវិនិយោគក្នុងវិស័យកាត់ដេរ ខណៈកម្ពុជាកំពុងខិតខំទាក់ទាញការវិនិយោគពីអឺរ៉ុប និងលោកខាងលិច

ក្រុមហ៊ុនវិនិយោគមកពីចិនដីគោកកំពុងក្តោបចំណែកទីផ្សារប្រមាណ៥៥% លើការវិនិយោគក្នុងវិស័យវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ