ដោយឡែក សម្រាប់ការរៀបចំពិធីអាពាហ៍ពិពាហ៍ សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យធ្វើបាន ក៏ប៉ុន្តែតម្រូវឲ្យមានអ្នកចូលរួមត្រឹមតែ ២០០នាក់ ប៉ុណ្ណោះ ហើយចំនួននេះមិនរាប់បញ្ចូលនូវអ្នកផ្ដល់សេវាកម្មនានានោះទេ។
ថ្លែងនៅក្នុងពិធីសម្ពោធអគារទីស្តីការក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់នៅព្រឹកថ្ងៃទី ០៨ ខែវិច្ឆិកា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានលើកឡើងថា សម្រាប់អាជីវកម្ម ខារ៉ាអូខេ ឌីស្កូតែក និងរង្គសាល នៅមិនទាន់អនុញ្ញាតឱ្យបើកឡើងវិញនៅឡើយទេ ដោយត្រូវរង់ចាំក្រោយថ្ងៃទី៣០ ខែវិច្ឆិកាសិន ដ្បិតថាអាជីវកម្មនេះ គឺមានហានិភ័យឆ្លងខ្ពស់ ហើយជាទិសដៅអាទិភាព គឺរាជរាជរដ្ឋាភិបាលធ្វើយ៉ាងណាឲ្យសាលារៀនទាំងអស់នៅទូទាំងប្រទេសបើកដំណើរការជាមុនសិន។
បើទោះបី ស្ថានភាពនៃជំងឺកូវីដ-១៩ នៅកម្ពុជា មានភាពធូរស្រាល និងអាចរៀបមង្គលការឡើងវិញ ក៏ពិតមែន តែប្រមុខរដ្ឋាភិបាលកម្ពុជា បានប្រកាសចុងក្រោយនេះ គឺកំណត់យកចំនួនមនុស្សចូលរួមពិធីអាពាហ៍ពិពាហ៍ យ៉ាងច្រើនត្រឹម ២០០នាក់ប៉ុណ្ណោះ ដោយមិនគិតពីអ្នកផ្ដល់សេវាកម្មនានា។ ការសម្រេចរបស់រាជរដ្ឋាភិបាលក្នុងការកំណត់ចំនួននៃអ្នកចូលរួមកម្មវិធីអាពាហ៍ពិពាហ៍ គឺដើម្បីចូលរួមទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ជាថ្មីម្ដងទៀត។
សូមបញ្ជាក់ថា បន្ទាប់ពីកម្ពុជា សម្រេចបាននូវភាពជោគជ័យលើផែនការការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋកម្ពុជា នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសបើកប្រទេសឡើងវិញ ជាជំហានៗ លើគ្រប់វិស័យ ដើម្បីស្ដារសេដ្ឋកិច្ច ដែលបានរងគ្រោះអស់រយៈពេលជិត ២ឆ្នាំ ដោយសារតែវិបត្តិកូវីដ-១៩។ គិតត្រឹមថ្ងៃទី៧ ខែវិច្ឆិកា មានប្រជាពលរដ្ឋ កម្ពុជា ជិត១៤លាននាក់ទៅហើយ ដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ខណៈប្រជាពលរដ្ឋកម្ពុជា សរុបមានប្រមាណ ១៦លាននាក់៕