

បច្ចុប្បន្ន សមាគមឧកញ៉ាកម្ពុជា ត្រូវបានដឹកនាំ និងតម្រង់ទិសដោយសមាជិកក្រុមប្រឹក្សាភិបាលចំនួន៣២រូប ដោយមានអ្នកឧកញ៉ា លី យ៉ុងផាត់ ជាប្រធានសមាគម ដែលមានអាណត្តិ៥ឆ្នាំ ហើយការងារប្រចាំថ្ងៃត្រូវបានអនុវត្តដោយអគ្គលេខាធិការដ្ឋាន ក្រោមការដឹកនាំរបស់អគ្គលេខាធិការ១រូប។
បើយើងមើលទៅលើរចនាសម្ព័ន្ធគ្រប់គ្រងរបស់សមាគមឧកញ៉ាកម្ពុជា គឺមានចែកចេញជាគណៈកម្មការជំនាញ ចំនួន៤ រួមមាន គណៈកម្មការសមាជិកភាព វិន័យ និងក្រមសីលធម៌, គណៈកម្មការកិច្ចការច្បាប់, គណៈកម្មការរដ្ឋបាល និងហិរញ្ញវត្ថុ និងគណៈកម្មការទំនាក់ទំនងសាធារណៈ និងអន្តរជាតិ។

ទស្សនៈវិស័យ របស់សមាគមឧកញ៉ាកម្ពុជា គឺរក្សានិងលើកកម្ពស់ឧត្តមភាពនៃគោរមងារឧកញ៉ាក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចកម្ពុជាឲ្យកាន់តែរីកចម្រើនថែមទៀត។ បេសកកម្មចម្បងៗរបស់សមាគមរួមមាន៖
១. តំណាងអោយសម្លេងរួម សកម្មភាពមនុស្សធម៌រួម និងការរក្សាការពារឧត្តមភាពនៃគោរមងារឧកញ៉ា។
២. រួមគ្នាចូលរួមចំណែកក្នុងសកម្មភាពសង្គម និងសប្បុរសធម៌នានា ដើម្បីបង្កើនកិត្យានុភាព ឧត្តមភាព និងគុណធម៌របស់ឧកញ៉ាឱ្យកាន់តែខ្ពង់ខ្ពស់ថែមទៀត។
៣. លើកកម្ពស់ការគោរពច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានារបស់ព្រះរាជាណាចក្រកម្ពុជា។
៤. បង្កើតវេទិកា សិក្ខាសាលា និងកម្មវិធីផ្សេងៗដើម្បីលើកកម្ពស់ភាពជាដៃគូរនៅក្នុងសកម្មភាពពាណិជ្ជកម្ម និងការរវិនិយោគនៅក្នុងព្រះរាជាណាចក្រកម្ពុជា។
ដោយឡែក ចំពោះសមាជិករបស់សមាគមឧកញ៉ាកម្ពុជាមានចែកចេញជា ៣ប្រភេទ គឺ សមាជិកស្ថាបនិក, សមាជិកសកម្ម និងសមាជិកទ្រទ្រង់។

អ្នកទទួលបានគោរមងារឧកញ៉ា ឫអ្នកឧកញ៉ា តាមរយៈព្រះរាជក្រឹត្យដែលប្រោសប្រទានដោយព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា អាចដាក់ពាក្យសុំចូលជាសមាជិកសមាគមឧកញ៉ាកម្ពុជាបានដោយបំពេញនូវលក្ខខណ្ឌដែលមានចែងក្នុងលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងរបស់សមាគម។
យោងតាម សជណ ពីគណៈរដ្ឋមន្ត្រី សមាគមឧកញ៉ាកម្ពុជាបានទទួលការគាំទ្របន្ថែមពីរាជរដ្ឋាភិបាលដូចជា៖
-សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ បានយល់ព្រមធ្វើជាប្រធានកិត្តិយសរបស់សមាគមតាមការគោរពអញ្ជើញរបស់ អ្នកឧកញ៉ា ប្រធានសមាគម។
- ទទួលស្គាល់ ស.ឧ.ក ជាស្ថាប័នឯកជនតែមួយគត់ដែលតំណាងអោយអ្នកមានគោរមងារឧកញ៉ាទាំងអស់នៅកម្ពុជា។
- ស្ថិតនៅក្រោមអភិបាលកិច្ចផ្នែកបច្ចេកទេសរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងទទួលស្គាល់ ស.ឧ.ក ជាដៃគូររបស់រាជរដ្ឋាភិបាលក្នុងការជំរុញលើកកំពស់ពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា
- អនុញ្ញាតឲ្យចូលរួមជាមួយ សម្តេចតេជោ ក្នុងបេសកកម្មមួយចំនួនទាំងក្នុង និងក្រៅប្រទេសដែលជំរុញលើកកម្ពស់ការធ្វើពាណិជ្ជកម្ម និងវិនិយោគកម្ពុជា៕
