ទស្សនៈ​វិនិយោគ

ឧកញ៉ា សៀ ឫទ្ធី៖ ភាព​ទាក់ទាញ​​របស់​កម្ពុជា​មានហើយ​ តែត្រូវការសម្រួចបន្ថែមទៀត!


រាជរដ្ឋាភិបាលកម្ពុជាបានបង្កើតគោលនយោបាយសេដ្ឋកិច្ចពាណិជ្ជកម្មជាច្រើន ដើម្បីបង្កលក្ខណៈងាយស្រួល និងទាក់ទាញវិនិយោគិនទាំងក្នុង និងក្រៅប្រទេស បោះទុនវិនិយោគក្នុងប្រទេសកម្ពុជា។ ក្នុងចំណោមអ្នកជំនួញទាំងនោះ លោកឧកញ៉ា សៀ ឫទ្ធី ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនWorldBridge Group បានបង្ហាញ ពីគន្លឹះមួយចំនួន ដើម្បីភ្ជាប់ទំនាក់ទំនង ផ្នែកសេដ្ឋកិច្ចពាណិជ្ជកម្ម ជាមួយបណ្តាប្រទេសទាំងក្នុងតំបន់ និងពិភពលោក ឲ្យកាន់តែមានភាពល្អប្រសើរ។
លោក​ឧកញ៉ា សៀ ឫទ្ធី ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន WorldBridge Group។
ដោយ

ឧកញ៉ា សៀ ឫទ្ធី​ បានលើកឡើងថា កាលណាដែល​យើង​និយាយ​ពី​មុខរបរ​រកស៊ី​មួយ យើងត្រូវ​វិភាគ​អំពីកត្តា​នយោបាយ​នៅជុំវិញ​ពិភពលោក ដោយត្រូវ​ថ្លឹងថ្លែង​ថា នយោបាយ​នៅក្នុង​ពិភពលោក​ដើរ​ដល់​កម្រិតណា នយោយ​បាយក្នុង​តំបន់​កំពុងស្ថិតនៅ​កន្លែងណា។

យ៉ាងណាមិញ លោកឧកញ៉ា សៀ ឫទ្ធី បាន​គូសបញ្ជាក់ថា សង្គ្រាម​ពាណិជ្ជកម្ម​រវាងចិន និងអាមេរិក គឺបានធ្វើ​ឲ្យប្រទេស​នៅក្នុង​តំបន់អា​ស៊ីអាគ្នេយ៍នេះ ជាអ្នកបាន​ផល​ចំណេញ ដោយសារ​តែអ្នក​វិនិយោគ​នៅក្នុង​ប្រទេសចិន នឹងចាកចេញ​ពី​ប្រទេស​ខ្លួន ហើយ​ស្វែងរក​ប្រទេសណា ដែលមាន​ភាពអនុ​គ្រោះ​ច្រើន។ ហើយក្នុងចំណោម​ប្រទេសអា​ស៊ានទាំង១០ ​ដែលផ្តល់​ភាពអនុគ្រោះ​ច្រើន​ដល់ចិន គឺកម្ពុជា​ឈរ​នៅលំដាប់​ទី១ វៀតណាម​ឈរនៅលំ​ដាប់ទី២ ។ ដូច្នេះ យើងត្រូវ​ដឹងថា យើង​គួររៀប​ចំខ្លួន​របៀបម៉េច ហើយគួរ​ផ្តល់ភាពងាយ​ស្រួល​ដូចម្តេច​ខ្លះទៀត ដល់អ្នក​វិនិយោគ​ទាំងនោះ ដើម្បី​អាចសម្រួល​ឲ្យគេមក​បណ្តាក់​ទុន​រកស៊ី​នៅក្នុង​ស្រុក​យើងកាន់​តែច្រើនឡើង​ថែមទៀត។

ប្រធានក្រុម​ប្រឹក្សាភិបាល​ក្រុមហ៊ុន WorldBridge Group រូបនេះ​ បានបន្ថែមថា ជាការពិតណាស់ រាជរដ្ឋាភិបាល​កម្ពុជា ដែលមានក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ហៅកាត់ថា CDC ជាសេនា​ធិការ គឺបាន​គិតគូរ​ពីគោលនយោបាយ​នានា ដើម្បី​ស្វាគមន៍ ​និងទទួល​យកនូវ​លំហូរ នៃរោង​ចក្រ​ទាំងឡាយ ដែលមក​ពីប្រទេសចិន ឬក៏​ពី​ប្រទេសជប៉ុន ដែលបាន​នាំគ្នា បោះទុនវិនិយោគ​នៅក្នុង​ស្រុក​យើង ដោយរិះរក​មធ្យោបាយ​នានា ក្នុងការបង្ក​លក្ខណៈ​ងាយស្រួល ក្នុងការប្រកួត​ប្រជែង ​ដែលនេះ​មានសារ​សំខាន់​ណាស់​សម្រាប់​អ្នកផលិត។

លោកឧកញ៉ា បានបញ្ជាក់ទៀត​ថា លើសពីនេះទៅទៀត រាជរដ្ឋាភិបាល​បានបង្កើត​នូវក្រុមប្រឹក្សា​ជាតិ​ដឹកជញ្ជូន​មួយ ដើម្បីមើលថា តើតម្លៃ​ដើម​នៃវិស័យ​ដឹកជញ្ជូន​នៅក្នុង​ប្រទេស​កម្ពុជា​មានលក្ខណៈ​បែបណា បើប្រៀប​ធៀប​ទៅនឹងប្រទេស​ជិតខាង ហើយតើគួរ​មានដំណោះ​ស្រាយ​បែបណា​លើបញ្ហា​មួយនេះ ​ដើម្បី​អាចទាក់ទាញ​អ្នកវិនិយោគ​មកកាន់​កម្ពុជា​បន្ថែមទៀត ពីព្រោះថា សព្វថ្ងៃនេះ តម្លៃនៃ​ការដឹក​ជញ្ជូន​នៅ​ក្នុង​ប្រទេស​កម្ពុជា គឺលើស​ប្រទេស​ជិតខាង ៣ដងឯណោះ។

សេដ្ឋីអចលនទ្រព្យ និងឡូជីស្ទីក​ដ៏ល្បីឈ្មោះ​រូបនេះ ប្រាប់ថា ចំពោះប្រទេស​អាស៊ាន​ទាំង​១០ លើកលែងតែ​សិង្ហបុរី​ទេដែលជា កន្លែង​ប្រមូល​ផ្តុំ​ហិរញ្ញវត្ថុ (Financial Hub) ក្រៅពីនេះ រួមមាន​កម្ពុជា វៀតណាម និងមីយ៉ាន់​ជាដើម សុទ្ធ​សឹងតែជាប្រទេស​ដែលអាច​ទាក់ទាញ​អ្នកវិនិយោគ​ក្នុងវិស័យ​ផលិតបាន ប៉ុន្តែកម្ពុជា​មានប្រៀប​ជាង​ប្រទេស​ទាំងនេះ​បន្តិច​ត្រង់ថា កម្ពុជា​មានគោល​នយោបាយ រូបិយបណ្ណ និងតម្លៃពលកម្ម មានភាព​ប្រសើរ​ជាង​ប្រទេស​ជិតខាង ដែលកត្តា​ទាំងអស់​នេះ បាន​បង្កលក្ខណៈ​ងាយស្រួល​ច្រើនដល់​អ្នក​វិនិយោគ​បរទេស។ 

ដូច្នេះ សូម​អ្នក​វិនិយោគ​ក្នុងស្រុក​ទាំងអស់ ត្រៀម​ខ្លួនឲ្យបាន​រួចរាល់ ដើម្បី​ទទួល​ដៃគូវិនិយោគ​មកពី​ក្រៅប្រទេស ហើយធ្វើឲ្យ​បានជោគជ័យ​ទាំងអស់​គ្នា ដែលនាំ​ឲ្យវិនិយោគិន​ពីក្រៅប្រទេស​ទាំងនោះ ទាក់​វិនិយោគិន​ថ្មីៗ​ផ្សេងទៀត មកវិនិយោគ​ក្នុង​ស្រុក​យើង៕

None



អត្ថបទបន្ទាប់


ក្ដីកង្វល់ពីការដក EBA និង GSP ត្រូវបានក្រុមហ៊ុនបញ្ជាទិញ ចំនួន៨ សរសេរលិខិតជាថ្មីម្ដងទៀត ផ្ញើជូន សម្ដេច ហ៊ុន សែន

ក្រុមហ៊ុនបញ្ជាទិញផលិតផលកាត់ដេរ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលសម្រាប់ការធ្វើដំណើរ អន្តរជាតិ ចំនួន៨ បានសរសេរលិខិតមួយ ជាថ្មីម្ដងទៀតផ្ញើ …

កម្ពុជា​ធ្វើ​បច្ចុប្បន្នភាព​យុទ្ធសាស្រ្ត​ជាតិ​ប្រឆាំង​ការ​លាង​លុយ​កខ្វក់​និង​ហិរញ្ញប្បទាន​ភេវរកម្ម

ប្រទេស​កម្ពុជា​បាន​ធ្វើ​បច្ចុប្បន្នភាព​យុទ្ធសាស្រ្ត​ជាតិ​ប្រឆាំង​ការ​លាង​លុយ​កខ្វក់​និង​ហិរញ្ញប្បទាន​ភេវរកម្ម ដែល​កំពុងតែ​គំរាម​កំហែង​ដល់​…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ