ស្តែងឡើងតាមរយៈសកម្មភាពដ៏មមាញឹកក្នុងមុខជំនួញ អ្នកឧកញ៉ា សៀ ឫទ្ធី ត្រូវបានមជ្ឈដ្ឋានជាតិនិងអន្តរជាតិទទួលស្គាល់ថា ជាពាណិជ្ជករជើងខ្លាំងមួយរូប ពូកែផ្នែកទំនាក់ទំនងកៀរគរវិនិយោគបរទេសមកធ្វើការវិនិយោគនៅកម្ពុជា។ ហើយក្នុងនោះដែរ អ្នកឧកញ៉ាក៏បានបោះទុនវិនិយោគរួមគ្នារាប់រយលានដុល្លារអាមេរិកជាមួយនឹងវិនិយោគិនមកពីក្រៅប្រទេសទាំងនោះផងដែរ។
បច្ចុប្បន្នអ្នកឧកញ៉ា សៀ ឫទ្ធី គឺជាប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកក្រុមហ៊ុនវើលប៊្រីដគ្រុប។ ក្រៅពីនេះអ្នកឧកញ៉ា គឺជាសមាជិកពាណិជ្ជកម្មដ៏សកម្មនៅក្នុងសភាពាណិជ្ជកម្មកម្ពុជា, សភាពាណិជ្ជកម្មអាមេរិកប្រចាំនៅកម្ពុជា, សមាជិកសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា រួមទាំងជាសមាជិកនៅក្នុងសភាពាណិជ្ជកម្មអន្តរជាតិប្រចាំនៅកម្ពុជាផងដែរ។ អ្វីដែលគួរឲ្យកត់សម្គាល់ពិសេសជាងនេះទៅទៀតនោះ អ្នកឧកញ៉ា សៀ ឫទ្ធី គឺជាសមាជិកនៃវេទិការសេដ្ឋកិច្ចពិភពលោក ប្រចាំនៅទីក្រុងដាវ៉ូសប្រទេសស្វីស ខណៈដែលនៅកម្ពុជាមានតែឧកញ៉ា សៀ ឬទ្ធី ម្នាក់ប៉ុណ្ណោះត្រូវបានជ្រើសរើសយ៉ាងម៉ត់ចត់ចូលជាសមាជិកនៃវេទិកាសេដ្ឋកិច្ចពិភពលោក ដ៏សំខាន់មួយនេះ។
បើតាមការសាកសួរពីឧកញ៉ាៗ និងអ្នករកស៊ីមួយចំនួន ដែលស្គាល់អ្នកឧកញ៉ា សៀ ឫទ្ធី បានប្រាប់សារព័ត៌មានឌីជីថល ខេមបូណូមីស ដោយសុំមិនបញ្ចេញឈ្មោះថា ៖ « អ្នកឧកញ៉ា សៀ ឫទ្ធី ជាមនុស្សវៃឆ្លាតណាស់ ! ពូកែទាក់ទាញទំនាក់ទំនងរកស៊ី ជាមួយបរទេស ក្រុមហ៊ុនគាត់វិនិយោគនៅកម្ពុជាស្ទើរតែទាំងអស់ បោះទុនរកស៊ីជាមួយក្រុមហ៊ុនបរទេសធំៗនៅក្រៅប្រទេស មនុស្សដូចអ្នកឧកញ៉ា សៀ ឫទ្ធី មិនសូវមានច្រើនប៉ុន្មានទេ នៅស្រុកខ្មែរយើងបច្ចុប្បន្ន។
ឧកញ៉ាៗ និង អ្នករកស៊ីដែលស្និទ្ធនឹងអ្នកឧកញ៉ា សៀ ឫទ្ធី បានឲ្យដឹងទៀតថា អ្នកឧកញ៉ា សៀ ឫទ្ធី ពិតជាអ្នកជំនួញដែលមានទេពកោសល្យ វៃឆ្លាត និង ពូកែខាងទំនាក់ទំនងប្រមែប្រមូលកៀរគរវិនិយោគិនបរទេសជាច្រើនមកធ្វើការវិនិយោគនៅក្នុងប្រទេសកម្ពុជា ដោយនាំមកជាមួយនូវទឹកប្រាក់វិនិយោគរាប់លានដុល្លារអាមេរិក។ មិនតែប៉ុណ្ណោះក្រុមហ៊ុនដែលលោកវិនិយោគជាមួយ សុទ្ធតែបានបង្កើតការងារ ផ្តល់ការងារដល់ប្រជាជនខ្មែររាប់រយនាក់។
នៅក្នុងកិច្ចសម្ភាសន៍ពិសេសជាមួយសារព័ត៌មាន ខេមបូណូមីស កាលពីពេលថ្មីៗកន្លងមកនេះ អ្នកឧកញ៉ា សៀ ឫទ្ធី បានបញ្ជាក់អះអាងថា លោកមិនព្យាយាមវិនិយោគតែនៅក្នុងប្រទេសខ្លួនឯងនោះទេ។
អ្នកឧកញ៉ា សៀ ឫទ្ធី បានពោលពាក្យយ៉ាងដូច្នេះថា៖ «ខ្ញុំមិនព្យាយាមផឹកទឹកអណ្តូងខ្លួនឯងទេ បើសិនជាយើងនាំគ្នាផឹកទឹកអណ្តូងរបស់យើងគ្រប់គ្នា នៅថ្ងៃណាមួយ អណ្តូងរបស់យើងនឹងរីង។ ដូច្នេះ ខ្ញុំត្រូវស្វែងរកប្រភពទឹកទន្លេនិងសមុទ្រពីខាងក្រៅ នោះទើបយើងមិនចេះរីងស្ងួត»។
នេះគឺជាទ្រឹស្តីពាណិជ្ជកម្មដែលនិយាយបែបមានន័យធៀប។ តាមពិតន័យត្រង់ លោកឧកញ៉ាចង់បញ្ជាក់ថា លោកមិនព្យាយាមធ្វើការវិនិយោគតែនៅក្នុងស្រុកទេ ប៉ុន្តែ លោកត្រូវស្វែងរកប្រភពជំនួញពាណិជ្ជកម្មធំៗមកពីក្រៅប្រទេស ដើម្បីសហការវិនិយោគរួមគ្នា នោះទើបធ្វើឲ្យមុខជំនួញរបស់លោកកាន់តែរីកចម្រើនមិនចេះរីងស្ងួត ហើយនាំមកនូវចំណូលចូលជាតិ តាមរយៈការបង់ពន្ធផ្សេងៗផង។
អ្នកឧកញ៉ា សៀ ឫទ្ធី បានប្រាប់ពីចំណុចពិសេស ២យ៉ាង ដែលលោកតែងតែទទួលជោគជ័យក្នុងការសហការជាមួយក្រុមហ៊ុនមកពីក្រៅប្រទេស។ លោកថា បើសិនជាយើងចង់ទាក់ទាញវិនិយោគក្រៅប្រទេសមកសហការជាមួយយើង ទី១ យើងត្រូវតែកសាងមូលដ្ឋានគ្រឹះក្រុមហ៊ុនឲ្យរឹងមាំ ទី២ មានហិរញ្ញវត្ថុច្បាស់លាស់ និងបញ្ជីស្នាមត្រឹមត្រូវតាមស្តង់ដារ។
នៅពេលដែល សារព័ត៌មាន ឌីជីថល ខេមបូណូមីស សួរថា តើអ្នកឧកញ៉ាចូលរួមចំណែកអ្វីខ្លះសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិនោះ? លោកបានឆ្លើយយ៉ាងច្បាស់ថា ជាការពិត បើនិយាយពីការអភិវឌ្ឍប្រទេស គឺជាការបោះទុនវិនិយោគ ការកសាង ការផ្តល់ជំនួយវិភាគទាន និង ផ្សេងៗទៀត។ ជាមួយនឹងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ អ្នកឧកញ៉ា សៀ ឬទ្ធី បានខិតខំកៀរគរវិនិយោគិនបរទេសជាច្រើនឲ្យមកបណ្តាក់ទុនរកស៊ីនៅស្រុកខ្មែរ និងជាពិសេសឧកញ៉ា សៀ ឬទ្ធីបានអភិវឌ្ឍប្រែក្លាយដីដែលមានស្មៅ ព្រៃ ដុះទ្រុបទ្រុល ដែលគ្មានតម្លៃ គ្មានមនុស្សរស់នៅ មកជាដីដែលមានតម្លៃខ្ពស់ និងអភិវឌ្ឍតំបន់នោះឲ្យក្លាយជាមជ្ឈមណ្ឌលពាណិជ្ជកម្ម លំនៅដ្ឋានប្រណីតៗ បង្កើតការងាររាប់ម៉ឺនកន្លែង បង្កើតចំណូលចូលរដ្ឋតាមរយៈការបង់ពន្ធ និងផ្សេងៗទៀត។
ទាំងអស់នេះហើយ ដែលអ្នកឧកញ៉ាយល់ថា ជាការចូលរួមចំណែករបស់លោកនៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ក៏ដូចជាជួយកាត់បន្ថយភាពក្រីក្រជាមួយនឹងរាជរដ្ឋាភិបាលផងដែរ។
បច្ចុប្បន្នក្រុមហ៊ុនរបស់អ្នកឧកញ៉ា សៀ ឫទ្ធី មិនតិចជាង ៣០ក្រុមហ៊ុនទេ សុទ្ធតែរួមសហការគ្នាវិនិយោគជាមួយដៃគូមកពីក្រៅប្រទេស។ ប្រទេសនិងក្រុមហ៊ុនបរទេសធំៗល្បីៗ ដែលអ្នកឧកញ៉ា សៀ ឫទ្ធី បោះទុនរកស៊ីជាមួយ មានមកពីសហរដ្ឋអាមេរិក សឹង្ហបុរី ចិន ហុងកុង តៃវ៉ាន់ រុស្ស៊ី អាល្លឺម៉ង់ អូស្ត្រាលី ថៃ វៀតណាម និង ភូមា ជាដើម ៕