នៅចុងត្រីមាសទី៣ ឆ្នាំ២០២២ និយ័តករមូលបត្រកម្ពុជា បានផ្តល់លេខអត្តសញ្ញាណវិនិយោគិនសរុបចំនួនជាង ៣ម៉ឺន៣ពាន់នាក់ ដែលក្នុងនោះវិនិយោគិនជារូបវន្តបុគ្គលមានចំនួនជាង ៩៩% និងវិនិយោគិនសញ្ជាតិខ្មែរមានចំនួនជាង ៨៦%។
លោកស្រី ម៉ារ អមរា ប្រធាននាយកប្រតិបត្តិស្តីទី ធនាគារ អេស៊ីលីដា មានប្រសាសន៍ថា ដោយការវិនិយោគវិស័យមូលបត្រក្នុងផ្សារមូលបត្រកម្ពុជា មានកំណើនគួរឱ្យកត់សម្គាល់ ហើយដើម្បីបង្កើនទំនុកចិត្ត និងបង្កភាពងាយស្រួលដល់វិនិយោគិន ក្នុងការបង់ថ្លៃសេវាស្នើសុំលេខអត្តសញ្ញាណវិនិយោគិន ធនាគារ អេស៊ីលីដា និង និយ័តករមូលបត្រកម្ពុជា បានឯកភាពគ្នាឈានទៅដល់ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីការប្រើប្រាស់សេវាទូទាត់ប្រាក់តាមប្រព័ន្ធអេឡិចត្រូនិក សម្រាប់ការបង់ថ្លៃសេវាស្នើសុំលេខអត្តសញ្ញាណវិនិយោគិនតាមអនឡាញ។
ដោយផ្អែកលើកិច្ចព្រមព្រៀងនេះ វិនិយោគិនដែលមានបំណងចាប់ផ្ដើមការវិនិយោគនៅក្នុងផ្សារមូលបត្រកម្ពុជា នឹងអាចបង់ថ្លៃសេវាស្នើសុំលេខ អត្តសញ្ញាណវិនិយោគិនតាមរយៈ ACLEDA Mobile និងប្រព័ន្ធ X-Pay និងបណ្ណអន្តរជាតិមួយចំនួនទៀតផងដែរ។
ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា បានគូសបញ្ជាក់ថា ធនាគារ អេស៊ីលីដា បានចូលរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍទីផ្សារមូលបត្រកម្ពុជា។ ហើយតាមរយៈការចុះកិច្ចព្រមព្រៀងនេះ គឺដើម្បីឱ្យវិនិយោគិនទាំងអស់ អាចបង់ថ្លៃសេវាស្នើសុំលេខអត្តសញ្ញាណវិនិយោគិនសម្រាប់ការជួញដូរភាគហ៊ុន ឬសញ្ញាបណ្ណនៅក្នុងទីផ្សារមូលបត្រកម្ពុជា អាចធ្វើការទូទាត់ប្រាក់តាមប្រព័ន្ធអនឡាញរបស់ធនាគារ អេស៊ីលីដា។ ក្នុងន័យ ដើម្បីជំរុញ និងបង្កើនឱកាស និងភាពងាយស្រួលដល់វិនិយោគិនទាំងនៅក្នុងប្រទេសកម្ពុជា ក៏ដូចនៅក្រៅប្រទេស អាចធ្វើការដាក់សាច់ប្រាក់តាមរយៈធនាគារ អេស៊ីលីដាបាន ចាប់ពីពេលនេះតទៅ ដោយធនាគារ អេស៊ីលីដា នឹងក្លាយជាភ្នាក់ងាររបស់និយ័តករមូលបត្រកម្ពុជា ដែលនឹងផ្ទេរសាច់ប្រាក់ពីវិនិយោគិនចូលមកក្នុងគណនីរបស់និយ័តករមូលបត្រកម្ពុជាតែម្តង។
បើតាម ឯកឧត្តម ស៊ូ សុជាតិ នៅចុងត្រីមាសទី៣ ឆ្នាំ២០២២ និយ័តករមូលបត្រកម្ពុជា បានផ្តល់លេខអត្តសញ្ញាណវិនិយោគិនសរុបចំនួនជាង ៣ម៉ឺន៣ពាន់ ក្នុងនោះវិនិយោគិនជារូបវន្តបុគ្គលមានចំនួនជាង៩៩% និងវិនិយោគិនសញ្ជាតិខ្មែរមានចំនួនជាង ៨៦%។ ទំហំមូលធនូបនីយកម្មទីផ្សារសរុបនៃទីផ្សារមូលបត្រកម្មសិទ្ធិមានតម្លៃប្រហែល ១ពាន់៧រយលានដុល្លារអាមេរិក រីឯទំហំជួញដូរភាគហ៊ុន ក្នុងឆ្នាំ២០២២ គិតត្រឹមត្រីមាសទី៣ ជាមធ្យមមានប្រហែលជាង ២៦ម៉ឺន ភាគហ៊ុន និងមានតម្លៃជួញដូរជាមធ្យមប្រហែល ០,៦៦ លានដុល្លារអាមេរិកក្នុងមួយថ្ងៃ៕