ថ្នាក់ដឹកនាំជាន់ខ្ពស់ នៃមជ្ឈមណ្ឌលវេជ្ជសាស្ត្រសិង្ហបុរីនេះ បានឲ្យដឹងថា ដោយមើលឃើញថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រជាជនកម្ពុជាតែងតែធ្វើដំណើរចាកចេញទៅពិនិត្យ សុខភាពនៅក្រៅប្រទេស ជាពិសេសនៅក្នុងប្រទេសជិតខាងដូចជា ប្រទេសថៃ សិង្ហបុរីជាដើម នោះ បានជំរុញឱ្យវិនិយោគិនសិង្ហបុរីសម្រេចបោះទុនវិនិយោគនៅកម្ពុជាលើសេវាវេជ្ជសាស្រ្តកម្រិតមូលដ្ឋាន។
តាមការឲ្យដឹងពីលោក អេនថូនី អគ្គនាយកនៃមជ្ឈមណ្ឌលវេជ្ជសាស្រ្ដសិង្ហបុរី(SGMC) នៅរយៈពេល៣០ខែ ក្រោយពីដំណើរការមជ្ឈមណ្ឌលវេជ្ជសាស្រ្ដសិង្ហបុរី(SGMC)នៅរាជធានីភ្នំពេញហើយ ក្រុមហ៊ុនមានគម្រោងនឹងបើសាខានៅខេត្តព្រះសីហនុ និងសៀមរាប ដែលជាខេត្តមានសក្តានុពលបន្តទៀត។
លោក អេនថូនី អគ្គនាយកនៃមជ្ឈមណ្ឌលវេជ្ជសាស្រ្ដសិង្ហបុរី(SGMC)បានថ្លែងថា មជ្ឈមណ្ឌលវេជ្ជសាស្ត្រស្ដង់ដារសិង្ហបុរីនេះ នឹងចូលរួមជួយដល់ប្រជាពលរដ្ឋកម្ពុជា ក្នុងការកាត់បន្ថយការចំណាយថ្លៃធ្វើដំណើរ ការស្នាក់នៅ និងការចំណាយផ្សេងៗ ក្នុង ការចេញទៅព្យាបាលនៅក្រៅប្រទេស។
លោក អេនថូនី បានបន្ថែមថា ចំពោះតម្លៃនៃសេវាពិនិត្យជំងឺទូទៅ និងការព្យាបាលកម្រិតស្រាលផ្សេងៗ គឹមានតម្លៃត្រឹមតែពាក់កណ្តាលនៃតម្លៃនៅប្រទេសសិង្ហបុរីប៉ុណ្ណោះ ដែលគឺពិតជាអាចជួយសន្សំសំចៃថវិការបស់ពលរដ្ឋខ្មែរបានច្រើន រួមជាមួយនឹងថ្លៃធ្វើដំណើរ ការស្នាក់នៅ និងចំណេញពេលវេលាផងដែរ។
ក្នុងនាមជាវេជ្ជបណ្ឌិតជំនាញវះកាត់ទូទៅ និងវះកាត់ពោះវៀនធំ នៃមន្ទីរពេទ្យប្រទេសសិង្ហបុរី លោក ជូណាថាន់ ជាវេជ្ជបណ្ឌិតម្នាក់ក្នុងចំណោមវេជ្ជបណ្ឌិតជំនាញ ៣នាក់នៅសិង្ហបុរី នឹងប្រើជំនាញរបស់ខ្លួនដើម្បីបម្រើសេវាវេជ្ជសាស្រ្តមួយ ដែលមានគុណភាពដល់ពលរដ្ឋខ្មែរ ឲ្យដូចនឹងប្រទេសសិង្ហបុរីដែរ។
មជ្ឈមណ្ឌលវេជ្ជសាស្រ្ដសិង្ហបុរី(SGMC)នេះ
មានទីតាំងនៅផ្សារទំនើប Bridge Mall ក្នុងអគារ
The
Bridge ក្នុងរាជធានីភ្នំពេញ ដោយមជ្ឍមណ្ឌលនេះនឹងក្លាយជាទីតាំងផ្តល់សេវាពិនិត្យនិងកម្រិតស្រាលតែប៉ុណ្ណោះ
តែ បើសិនជាមានការវះកាត់កម្រិតធ្ងន់នឹងបញ្ជូនទៅកាន់ប្រទេសសិង្ហបុរី៕