ក្នុងនោះដែរ ទីក្រុងសៀងហៃកំពុងរៀបចំយុទ្ធនាការធ្វើតេស្តទ្រង់ទ្រាយធំឡើងវិញផងដែរ បន្ទាប់ពីបានរកឃើញករណីឆ្លងនៃមេរោគបំប្លែងថ្មីអូមីក្រុង BA.5។ នេះបើតាមការចុះផ្សាយសារព័ត៌មាន Reuters។
នៅពេលដែលប្រទេសចិនប្រកាន់ខ្ជាប់នូវគោលនយោបាយគ្មានកូវីដ ដើម្បីលុបបំបាត់ការផ្ទុះឡើងទាំងអស់នៃមេរោគកូវីដ ១៩ ការទប់ស្កាត់យ៉ាងតឹងរ៉ឹង ដោយរដ្ឋាភិបាលក្នុងតំបន់បានកើតមានឡើងទោះបីជា មានករណីឆ្លងក្នុងកម្រិតតិចក្ដី ខណៈប្រទេសនៅលើពិភពលោកភាគច្រើនសម្របខ្លួនរស់នៅជាមួយមេរោគកូវីដ១៩កាន់តែច្រើនឡើងៗ និងមានការបើកប្រទេសស្ទើរតែគ្រប់វិស័យឡើងវិញ។ មែនទែនទៅ ថ្មីៗនេះរដ្ឋាភិបាលចិន ក៏ទើបតែបានបន្ធូបន្ថយវិធានការដ៏តឹងរ៉ឹង ដើម្បីកាត់បន្ថយការខូចខាតនៃសេដ្ឋកិច្ចក្នុងប្រទេសរបស់ខ្លួនដែរ បន្ទាប់ពីមានការរំខានដ៏ធំក្នុងឆ្នាំនេះបានធ្វើឱ្យស្ទះដល់ចង្វាក់ផ្គត់ផ្គង់ពិភពលោក និងប៉ះពាល់ដល់ពាណិជ្ជកម្មអន្តរជាតិជាច្រើនផងដែរ។
ប៉ុន្ដែ ការបន្ធូរបន្ថយមិនទាន់បានប៉ុន្មានសប្ដាហ៍ផង សម្រាប់តែ ករណីឆ្លងថ្មីនៅក្នុងប្រទេសចិន ពិសេសក្នុងទីក្រុងសំខាន់ៗហាក់កម្រើកឡើងវិញ ដែលតម្រូវឲ្យអាជ្ញាធរទាញវិធានការរឹតត្បិកូវីដ១៩ ដាក់ចេញឡើងវិញ រួមទាំងមានការបិទខ្ទប់តំបន់មួយចំនួនផងដែរ។
យ៉ាងណាមិញ មន្ត្រីសុខាភិបាលចិនបាននិយាយថា មេរោគបំប្លែងថ្មីអូមីក្រុងប្រភេទ BA.5 ដែលមានសមត្ថភាពឆ្លងយ៉ាងឆាប់រហ័សកំពុងជំរុញឱ្យមានការផ្ទុះរាលដាលឡើង នៅក្នុងប្រទេសជាច្រើននៅក្រៅប្រទេសចិន ខណៈប្រភេទមេរោគអាចមានសមត្ថភាពខ្លាំងជាងថ្នាំវ៉ាក់សាំងការពារកូវីដ១៩ ទូទៅ។ ការរកឃើញនៃការឆ្លងបែបនេះ នៅក្នុងទីក្រុងសៀងហៃ អាចបង្កឱ្យមានការផ្ទុះឡើងយ៉ាងឆាប់រហ័សនៅក្នុងប្រទេស និង បន្ថែមសម្ពាធក្នុងការកំណត់វិធានការរឹតបន្តឹងបន្ថែមទៀត ដែលស្រដៀងទៅនឹងការបិទខ្ទប់កាលពីខែមេសា និងឧសភា ដែលបានធ្វើឱ្យសេដ្ឋកិច្ច និងទីផ្សារពិភពលោកមានការរង្គះរង្គើ។
ទីក្រុងសៀងហៃ ដែលជាទីក្រុងដែលមានប្រជាជនច្រើនជាងគេបំផុតរបស់ប្រទេសចិន ដែលមានចំនួន ២៥ លាននាក់ បានប្រាប់ប្រជាជននៅតាមខណ្ឌជាច្រើនឱ្យធ្វើតេស្តពីរឲ្យបានយ៉ាងតិចដងក្នុងមួយសប្ដាហ៍។ ក្នុងនោះ អ្នកស្រុកក្នុងទីក្រុងកំពុងបន្តធ្វើតេស្តរៀងរាល់ពីរបីថ្ងៃម្តង ដើម្បីធានាបាននូវការចូលទៅកាន់ទីតាំងផ្សេងៗ និង ការដឹកជញ្ជូនសាធារណៈផងដែរ។
គណៈកម្មការសុខភាពជាតិបាននិយាយកាលពីថ្ងៃទី ១១ ខែកក្កដាថា ប្រទេសចិនដីគោកបានរាយការណ៍ពីការឆ្លងជំងឺកូវីដ ១៩ ក្នុងស្រុកថ្មីចំនួន ៣៥២ករណី គិតត្រឹមថ្ងៃទី ១០ ខែកក្កដា។
ថ្វីបើករណីឆ្លងមានកម្រិតទាបក្តីប៉ុន្តែ នៅក្នុងខេត្ត Henan ភាគកណ្តាលនៃទីក្រុង Qinyang ដែលមាន អ្នកស្រុកជិត ៧ សែននាក់រស់នៅ ត្រូវបានបិទខ្ទប់ ចាប់តាំងពីថ្ងៃអាទិត្យទី ១០ កក្កដាមក ដោយមានតែមនុស្សម្នាក់មកពីគ្រួសារនីមួយៗប៉ុណ្ណោះ ដែលត្រូវបានអនុញ្ញាតឱ្យចេញរៀងរាល់ ២ ថ្ងៃម្តង ដើម្បីទិញគ្រឿងទេស និង ស្បៀងអាហារប្រើប្រាស់ចាំបាច់។
គួរជម្រាបថា តាមរយៈគោលនយោបាយរឹតបន្តឹងរបស់ចិន មនុស្សយ៉ាងហោចណាស់ ៦ លាននាក់នៅក្នុងទីក្រុងធំទាំងបីរបស់ចិន ត្រូវបានរងផលប៉ះពាល់ដោយសារគោលនយោបាយនេះ។ ជាពិសេស វាក៏បានធ្វើឱ្យមានការរំខានដល់ខ្សែរចង្វាក់ផ្គត់ផ្គង់សកលយ៉ាងធ្ងន់ធ្ងរផងដែរ៕