ក្នុងជំនួប ជាមួយនឹងតំណាងក្រុមហ៊ុន Vinci និងក្រុមហ៊ុន អាកាសយានដ្ឋានកម្ពុជា កាលពីពេលថ្មីៗនេះ ឯកឧត្តម ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ដ្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានលើកឡើងថា ស្របតាមអនុសាស្ត្រ សម្ដេច តេជោ ហ៊ុនសែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដើម្បីធ្វើយ៉ាងណាឲ្យប្រទេសកម្ពុជា អាចទទួលយន្ដហោះខ្នាតធំ របស់ថ្នាក់ដឹកនាំនានា ដែលនឹងអញ្ចើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាននៅកម្ពុជា ក្នុងឆ្នាំ ២០២២បាន ក៏ដូចជាគោលដៅបង្កើនភ្ញៀវទេសចរមកកាន់កម្ពុជាផងនោះ ឯកឧត្តមសង្ឃឹមថា ក្រុមហ៊ុនអាកាសយានដ្ឋានកម្ពុជា នឹងអាចបញ្ចប់គម្រោងពង្រីកផ្លូវរត់យន្ដហោះ រហូតដល់ប្រវែង ៣៣០០ ម៉ែត្ររបស់ខ្លួន នៅអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ ឲ្យបាននៅមុនឆ្នាំ២០២២ខាងមុខនេះ ដើម្បីអាចឲ្យយន្ដហោះខ្នាតធំៗ ដូចជា ប្រភេទ Code E ដូចជា Boeing 777 អាចចុះចតបាន។
តាមក្រុមហ៊ុនអាកាសយានដ្ឋានកម្ពុជា បានឲ្យដឹងថា បច្ចុប្បន្នផ្លូវរត់យន្ដហោះក្នុងអាកាសយានដ្ឋានខេត្តព្រះសីហនុ គឺមានប្រវែង ២៥៥០ ម៉ែត្រ។
គួរបញ្ជាក់ថា កាលពីខែ វិច្ឆិកា ឆ្នាំ២០១៨ កន្លងទៅ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ក៏បានជួសជុលកែលម្អផ្លូវរត់យន្ដហោះប្រវែង ៣គីឡូម៉ែត្រ របស់ខ្លួនផងដែរ ដោយបានប្រើប្រាស់ពេលវេលាប្រមាណ កន្លះឆ្នាំ ជាមួយនឹងការចំណាយថវិកាអស់ ១២ លានដុល្លារអាមេរិក។
របាយការណ៍ ពីក្រុមហ៊ុនអាកាសយានដ្ឋានកម្ពុជា បានឲ្យដឹងថា កាលពីឆ្នាំ ២០១៨ អាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ ទទួលបានភ្ញៀវធ្វើដំណើរប្រមាណ ៦៥ ម៉ឺននាក់ កើនឡើង ជាង ៩២% ធៀបនឹងឆ្នាំ២០១៧។
ដោយឡែក របាយការណ៍ពីក្រសួងទេសចរណ៍បានបង្ហាញដែរថា រយៈពេល៣ខែ ដើមឆ្នាំ២០១៩ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិជាង ១លាន៨ សែនលាននាក់ កើនឡើង ជិត ១០% ក្នុងនោះភ្ញៀវទេសចរចិនមានប្រមាណជាង ៦៨ ម៉ឺននាក់ កើនឡើង ៣៥% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៨។ តាមការព្យាករណ៍នៅឆ្នាំ ២០២០ កម្ពុជានឹងអាចទទួលភ្ញៀវទេសចរអន្តរជាតិប្រមាណ ៧លាននាក់ ជាមួយនឹងចំណូលសរុបប្រមាណ ៥ពាន់លានដុល្លា និងបង្កើតការងារដោយផ្ទាល់ប្រមាណជិត ១លាននាក់៕