ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍កម្ពុជា បានបញ្ជាក់ឲ្យដឹងថា នាឱកាសថ្ងៃឈប់សម្រាករយៈពេល ៤ថ្ងៃនៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ គិតចាប់ពីថ្ងៃទី ២៩ ខែតុលា ដល់ថ្ងៃទី ១ ខែវិច្ឆិកា ឆ្នាំ ២០២០ ចំនួនភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិ ដែលចេញដើរកម្សាន្តទូទាំងប្រទេសកម្ពុជា មានជាង ៦៤ម៉ឺននាក់ ក៏ប៉ុន្តែការចំណាយមានការថមថយចុះជាងមុន។
ក្នុងនោះ ខេត្តសៀមរាប នៅតែទាក់ទាញជាងគេ ទទួលបានភ្ញៀវទេសចរជាង ១៦ម៉ឺន ដែលភ្ញៀវភាគច្រើន ចេញទៅទស្សនាតំបន់រមណីយដ្ឋាន និងសហគមន៍នានា តែយ៉ាងណាបើតាមរបាយការណ៍ពី គ្រឹះស្ថានអង្គរអំឡុងពេលនៃវិបត្តិកូវីដ១៩ រយៈពេល ១០ខែ ដើមឆ្នាំ ២០២០នេះ ចំនួនភ្ញៀវទេសចរបរទេស ដែលទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ មានជិត ៤០ម៉ឺននាក់ រកចំណូលបានជាង ១៨លានដុល្លារអាមេរិក ថយចុះប្រមាណ ៧៧% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
រីឯនៅតំបន់ជាប់មាត់សមុទ្រវិញ ខេត្តកំពត ឈរនៅលេខរៀងទី ២ បន្ទាប់ពីខេត្តសៀមរាប ដែលទទួលបានភ្ញៀវទេសចរបានជាង ៧ម៉ឺននាក់ ទោះយ៉ាងណា តំបន់ឆ្នេរសមុទ្រ ដែលធ្លាប់តែមានភ្ញៀវទេសចរទៅកម្សាន្តច្រើន ទទួលបានភ្ញៀវសរុបត្រឹមតែ ១៩ម៉ឺននាក់ប៉ុណ្ណោះ។
ចំពោះតំបន់ទេសចរនៅភាគពាយព្យ រួមមាន ខេត្តបាត់ដំបង បន្ទាយមានជ័យ ប៉ៃលិន និងពោធិ៍សាត់ ក៏មានការធ្លាក់ចុះនូវចំនួនភ្ញៀវទេសចរ ដោយទទួលបានត្រឹមតែ ៤ម៉ឺននាក់ ដោយសារតែ បញ្ហាគ្រោះទឹកជំនន់ បានបង្កការលំបាកដល់ដំណើរកម្សាន្ត។
ដោយឡែក នៅតំបន់ប៉ែក ឦសាន្ដនៃប្រទេសកម្ពុជាវិញក៏ទទួលបានភ្ញៀវទេសចរ ទៅធ្វើដំណើរកម្សាន្តច្រើន គួរឲ្យកត់សម្គាល់ផងដែរ ដោយក្នុងនោះ ខេត្តមណ្ឌលគិរី ទទួលភ្ញៀវទេសចរច្រើនជាងគេ ពោលគឺជាង ២ម៉ឺន ២ពាន់នាក់ ហើយខេត្តរតនគិរី មានជាង ៨ពាន់នាក់ និងខេត្តក្រចេះ មានជាង ២ពាន់នាក់។
ជាចុងក្រោយ នៅឯ រាជធានីភ្នំពេញវិញ បើតាមការវាយតម្លៃរបស់ អាជ្ញាធររាជធានីភ្នំពេញ ក្រៅពីភ្ញៀវទេសចរជាង ៦៤ម៉ឺននាក់ ដូចរៀបរាប់ខាងលើ ក៏មានប្រជាពលរដ្ឋប្រមាណ ៤០ម៉ឺននាក់ផ្សេងទៀត ដែលបានដើរកម្សាន្តតាមគោលដៅសំខាន់ៗ រួមមាន តំបន់កោះពេជ្រ មាត់ទន្លេមុខព្រះបរមរាជវាំង តំបន់កម្សាន្តជ្រោយចង្វារ និងតំបន់វិមានឈ្នះឈ្នះជាដើម៕