ទាំងថ្នាក់ដឹកនាំក្រសួងសាធារណការ និងថ្នាក់ដឹកនាំក្រុមហ៊ុនវើលដ៍ប៊្រីដគ្រុប សុទ្ធតែបានបង្ហាញសុទិដ្ឋិនិយមខ្ពស់ចំពោះគម្រោងនេះ ក្នុងការធ្វើឲ្យប្រសើរឡើងនូវស្ដង់ដារគុណភាពវិស័យដឹកជញ្ជូន និងឡូជីស្ទីក និងបង្កើនសមត្ថភាពប្រកួតប្រជែងកាន់តែខ្លាំងក្លាថែមទៀតក្នុងតំបន់។ លើសពីនេះ គម្រោងមជ្ឈមណ្ឌលភស្ដុភារកម្មភ្នំពេញនេះ ក៏នឹងដើរតួនាទីជាមេដែកក្នុងការជួយស្រូបទាញវិនិយោគិនបរទេសឲ្យមកបណ្តាក់ទុនរកស៊ីនៅកម្ពុជាផងដែរ។
អ្នកឧកញ៉ា សៀ ឫទ្ធី ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនវើលដ៍ប្រ៊ីដគ្រុប និងលោក Robert Yab ប្រធាននាយកប្រតិបត្តិក្រុមហ៊ុន YCH គ្រុបមកពីសឹង្ហបុរី បានសម្រេចចុះអនុស្សរណយោគយល់គ្នា ដើម្បីរួមគ្នាសិក្សាក្នុងការបង្កើតមជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញ ដែលមានតម្លៃប្រមាណ ២០០លានដុល្លារអាមេរិក។ ពិធីចុះ អនុស្សរណនេះ នេះធ្វើឡើងនៅទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូននាព្រឹកថ្ងៃទី៣ ឧសភា ក្រោមវត្តមានឯកឧត្តទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនជាសាក្សី។
អ្នកឧកញ៉ា សៀ ឫទ្ធី បានគូសបញ្ជាក់ថា កត្តាដែលជំរុញក្រុមហ៊ុនវើលដ៍ប៊្រីដសម្រេចចាប់ជាដៃជាមួយ YCH គឺដោយសារក្រុមហ៊ុននេះមានជំនាញ និងបទពិសោធន៍ខ្ពស់ក្នុងវិស័យដឹកជញ្ជូន និងឡូជីស្ទីកលើការបណ្តុះបណ្តាលធនធាន និងការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាទំនើប។ តាមរយៈបទពិសោធន៍របស់ YCH និងវើលដ៍ប៊្រីដគ្រុប ដែលសុទ្ធសឹងជាក្រុមហ៊ុនជំនាញក្នុងវិស័យដឹកជញ្ជូន អ្នកឧកញ៉ា ជឿជាក់ថា វានឹងជួយរួមចំណែកធ្វើឲ្យវិស័យដឹកជញ្ជូនរបស់កម្ពុជាកាន់តែមានភាពរីកចម្រើននិងការប្រកួតប្រជែងមួយកម្រិតទៀត។
អ្នកជំនួញដ៏ល្បីល្បាញរូបនេះ រំពឹងថា ការចាប់ដៃគូរវាងក្រុមហ៊ុនវើលដ៍ប៊្រីដគ្រុប ជាមួយក្រុមហ៊ុនមកពីសិង្ហបុរី YCH នេះ មិនត្រឹមតែធ្វើឲ្យប្រសើរឡើងនូវវិស័យដឹកជញ្ជូននោះទេ តែវាក៏នឹងក្លាយជាផែ្នកមួយក្នុងការជួយបង្កើនទំនុកចិត្ត និងស្រូបទាញវិនិយោគិនបរទេសឲ្យមកបោះទុនវិនិយោគក្នុងវិស័យនេះ និងវិស័យពាក់ព័ន្ធនៅកម្ពុជាផងដែរ។
ស្រដៀងគ្នានេះដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនជឿជាក់ថា ក្រោយគម្រោងមជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញត្រូវបានសាងសង់រួច វានឹងជួយកាត់បន្ថយពេលវេលា និងការចំណាយ ដែលធ្វើឲ្យតម្លៃដឹកជញ្ជូននៅកម្ពុជាកាន់ទាបជាងមុន និងភាពប្រកួតប្រជែងជាមួយបណ្តាលប្រទេសក្នុងតំបន់។ ឯកឧត្តមបានគូសបញ្ជាក់ថា វិនិយោគិនបរទេសមួយចំនួនកន្លងមកហាក់មានការរារែកក្នុងការបោះទុនវិនិយោគនៅកម្ពុជាដោយសារបញ្ហាតម្លៃដឹកជញ្ជូនថ្លៃជាងប្រទេសដទៃ ដូច្នេះឯកឧត្តមរំពឹងថា តាមរយៈគម្រោងខាងលើវានឹងជួយទាក់ទាញអ្នកវិនិយោគឲ្យមកបោះទុនរកស៊ីនៅកម្ពុជាកាន់តែច្រើនថែមទៀត។
ជាមួយគ្នានេះលោក Robert Yab ប្រធាននាយកប្រតិបត្តិក្រុមហ៊ុន YCH បានលើកឡើងដែរថា បន្ទាប់ពីចុះអនុស្សរណនេះហើយ កិច្ចការដំបូងដែលក្រុមទាំងពីរត្រូវធ្វើ គឺការសិក្សាលើគម្រោងនេះ មុនឈានដល់ការចុះកិច្ចព្រមព្រៀងដំណើរការ និងសាងសង់ជាមួយរាជរដ្ឋាភិបាល។ បើតាមការលើកឡើងរបស់លោក Robert ក្រសួងសាធារណការបានដាក់ក្រុមហ៊ុនជាច្រើនឲ្យលោកជ្រើសរើសធ្វើជាដៃគូ តែទីបំផុតលោកសម្រេចជ្រើសរើសយកក្រុមហ៊ុនវើលដ៍ប្រ៊ីដគ្រុបរបស់អ្នកឧកញ៉ា សៀ ឬទ្ធី ដោយសារក្រុមហ៊ុននេះមានជំនាញខ្ពស់នៅក្នុងវិស័យនេះដូចគ្នា និងមានទស្សនៈវិស័យប្រហាក់ប្រហែលគ្នានឹងក្រុមហ៊ុនរបស់លោកដែរ។
គួរបញ្ជាក់ថា មុនកម្ពុជាសម្រេចជ្រើសរើសឲ្យក្រុមហ៊ុន YCH របស់សិង្ហបុរីសិក្សាលើគម្រោងសាងសង់មជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញនេះ កម្ពុជា បានពឹងឲ្យធនាគារអភិវឌ្ឍន៍អាស៊ី ADB សិក្សាម្តងរួចមកហើយ។ ក្រោយការសិក្សា ADB អះអាងថា គម្រោងនេះអាចប្រព្រឹត្តទៅបាន ហើយថែមទាំងអាចផ្តល់ប្រាក់ចំណេញដល់ក្រុមហ៊ុនវិនិយោគលើគម្រោងនេះទៀតផង៕