តាមការកត់ត្រានៅក្នុងរបាយការណ៍ពីក្រុមប្រឹក្សាទេសចរណ៍ សិង្ហបុរី បានឲ្យដឹងថា កំណើនភ្ញៀវទេសចរបរទេសចូលមកធ្វើដំណើរកម្សាន្ដក្នុងប្រទេសសិង្ហបុរីនេះ គឺដោយសារមានមូលហេតុធំៗពីរសំខាន់ គឺទីមួយដោយសារតែ ភាពល្បីល្បាញ នៃខ្សែភាពយន្ដ Crazy Rich Asians របស់ប្រទេសនេះ ដែលបានចេញផ្សាយ និងមានការពេញនិយមទស្សនាយ៉ាងច្រើនហើយវាបានញ៉ាំងឲ្យបរទេសកាន់តែស្គាល់ពីប្រទេសសិង្ហបុរី និងហេតុទី២នោះ គឺព្រឹត្តិការណ៍ប្រវត្តិសាស្ត្រជំនួបរវាងលោកដូណាល់ត្រាំ និងលោក គីម ជុងអ៊ុន ដែលបានធ្វើឡើងនៅប្រទេសសិង្ហបុរីកាលពីពាក់កណ្ដាលឆ្នាំ២០១៨កន្លងទៅ។
ហេតុផលទាំងពីរនេះ បានធ្វើឲ្យសិង្ហបុរី ដែលប្រទេសជាដីកោះដ៏តូចមួយ តែអាចទទួលបានទេសចរបរទេសរហូតដល់ទៅ ១៨,៥ លាននាក់នៅឆ្នាំ ២០១៨ រកចំណូលបានប្រមាណ ២០ពាន់លានដុល្លារអាមេរិក។
យ៉ាងណាមិញនៅឆ្នាំ ២០១៩នេះ ដោយមានការបង្កើននូវភាពប្រសើរឡើងនៃការហោះហើរតាមព្រលានយន្ដហោះ គេរំពឹងថា ទេសចរបរទេសនឹងកើនដល់ ១៩, ២លាននាក់ និងអាចរកចំណូលបានជាង ២០ពាន់លានដុល្លារអាមេរិក។ នេះបើតាមការព្យាករពី ក្រុមប្រឹក្សាទេសចរណ៍សិង្ហបុរី។
គួរបញ្ជាក់ថា បើមើលទៅលើរបាយការណ៍ដដែល ឃើញថា ក្នុងចំណោមទេសចរបរទេសដែលធ្វើដំណើរកម្សាន្ដក្នុងប្រទេសសិង្ហបុរី ក្នុងនោះ ជនជាតិចិន មានចំនួនច្រើនជាងគេបង្អស់ ដែលមានជិត ៣ លាន៥សែនលាននាក់ បន្ទាប់មក គឺឥណ្ឌូនេស៊ី ឥណ្ឌា ម៉ាឡេស៊ី អូស្រ្ដាលី ជប៉ុន ភីលីពីន និងអាមេរិកជាដើម។ល៕