យោងតាមរបាយការណ៍នេះបានបង្ហាញថា ពន្ធគយជាមធ្យមរបស់វៀតណាមបានអនុវត្តប្រកបដោយប្រសិទ្ធភាពលើពាណិជ្ជកម្មផ្ទៃក្នុងតាមរយៈកិច្ចព្រមព្រៀង RCEP ពោលគឺជាមធ្យមមាន ១,២% ទាបជាងសាធារណរដ្ឋកូរ៉េមាន ៤,៨% និងចិនមាន ២,៨%។ របាយការណ៍ធនាគារ DBS របស់សិង្ហបុរី ក៏បានកត់សម្គាល់ឃើញថា វៀតណាមគឺស្ថិតក្នុងចំណោមប្រទេសអាស៊ានដែលទំនងជាទទួលបានអត្ថប្រយោជន៍ច្រើនពីការកាត់បន្ថយពន្ធ ដោយសារការបើកចំហពាណិជ្ជកម្មកាន់តែខ្លាំងរបស់ខ្លួន។
ទន្ទឹមនឹងនោះ របាយការណ៍បានចង្អុលបង្ហាញថា សមាហរណកម្មពាណិជ្ជកម្មរវាងវៀតណាម និងសមាជិក RCEP មានកម្រិតខ្ពស់រួចទៅហើយ ហើយគួរតែកាន់តែមានភាពតឹងរ៉ឹងជាងមុន នៅពេលដែលក្រុមហ៊ុនទាញយកអត្ថប្រយោជន៍ពី RCEP។ សូមជម្រាបថា វៀតណាមបាននាំចូលទំនិញយ៉ាងច្រើនសន្ធឹកសន្ធាប់ពីដៃគូសេដ្ឋកិច្ច RCEP។
កិច្ចព្រមព្រៀង RCEP នេះផ្តល់ឱ្យវៀតណាមនូវឱកាស ដើម្បីបង្កើនការនាំចេញទៅកាន់ដៃគូរបស់ខ្លួន ហើយលើសពីនេះទៅទៀត។ បន្ថែមពីនេះ វាក៏នាំមកនូវផលប្រយោជន៍ដល់វៀតណាមក្នុងការបង្កើនការវិនិយោគផ្ទាល់ពីបរទេស (FDI) ផងដែរ។ ទោះបីជា សិង្ហបុរីជាប្រទេសនឹងបន្តទទួលបានចំណែកដ៏ធំបំផុត នៃលំហូរវិនិយោគផ្ទាល់ពីបរទេសក៏ដោយ តែលំហូរចូលទៅកាន់ប្រទេសវៀតណាមវិញក៏មាននិន្នាការខ្ពស់ដែរ ហើយវៀតណាមបានជាប់ចំណាត់ថ្នាក់ក្នុងចំណោមអ្នកប្រទេសកំពូលទាំងបី ដែលមានការវិនិយោគពីបរទេសច្រើនជាងគេ នៅក្នុងក្នុងចំណោមប្រទេសមានសេដ្ឋកិច្ចធំៗទាំង៦នៅអាស៊ាន។
សូមរំឭកថា កិច្ចព្រមព្រៀង RCEP បានចូលជាធរមានកាលពីថ្ងៃទី ១ ខែមករា ឆ្នាំ ២០២២។ កិច្ចព្រមព្រៀងRCEP មានសមាជិកចូលរួមចំនួន១៥ប្រទេស ក្នុងនោះ រួមមានសមាជិកអាស៊ានចំនួន ១០ និងប្រទេសចិន ជប៉ុន សាធារណៈរដ្ឋកូរ៉េ អូស្ត្រាលី និងនូវែលសេឡង់ ដែលគ្របដណ្តប់ជាង ៣០ ភាគរយនៃផលិតផលក្នុងស្រុកសរុបសកលលោក ដែលមានតម្លៃជាង ២៦ ទ្រីលានដុល្លារ។ ក្រៅពីនេះ វាបង្កើតបានជាទីផ្សារមួយដែលមានអ្នកប្រើប្រាស់ជាង ២ពាន់លាននាក់ ហើយអ្វីដែលសំខាន់នោះ គឺកិច្ចព្រមព្រៀង RCEP នឹងលុបបំបាត់ពន្ធលើទំនិញរហូតដល់ ៩២% នៃទំនិញដែលត្រូវបានជួញដូររវាងប្រទេសហត្ថលេខី ព្រមទាំងពង្រីកលទ្ធភាពទទួលបានទីផ្សារសម្រាប់ការវិនិយោគ ធ្វើឱ្យស្របតាមច្បាប់ និងបទប្បញ្ញត្តិ និងពង្រឹងខ្សែសង្វាក់ផ្គត់ផ្គង់នៅក្នុងតំបន់ពាណិជ្ជកម្មសេរីដ៏ធំ៕
អត្ថបទ ស៊ើង និមល់