ជុំវិញការប្រកាសនេះ អ្នកជំនាញសេដ្ឋកិច្ច លើកឡើងថា រដ្ឋាភិបាលគួរតែកែលម្អ ប្រព័ន្ធប្រតិបត្តិការសម្រាប់អនុវត្តជួយវិស័យ SME តាមរយៈធនាគារអភិវឌ្ឍន៍ជនបទដែលមានស្រាប់ជំនួសវិញ ដោយមិនចាំបាច់បង្កើតធនាគារថ្មីនោះទេ។
ធនាគារថ្មី ដែលប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន ប្រកាសបង្កើតឡើងនេះ ជាមួយនឹងការចំណាយថវិការហូតដល់១០០លានដុល្លារនេះ នឹងត្រូវបើកដំណើរការ ផ្ដល់ឥណទានការប្រាក់ទាបសម្រាប់សហគ្រាសធុនតូច និងមធ្យម ក៏ដូចជាការបង្កើតការងារជូនប្រជាពលរដ្ឋផងដែរជាច្រើនម៉ឺននាក់ផងដែរ។
ដ្បិតតែ ធនាគារសម្រាប់ទ្រទ្រង់ដល់វិស័យ SME នេះ នៅមិនទាន់មានការសម្រេចជាផ្លូវការថា នឹងត្រូវបង្កើតឡើងពេលណានៅឡើយក៏ដោយក្ដី ប៉ុន្ដែប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានអះអាងថា នឹងជំរុញឲ្យធនាគារនេះចេញជាផ្លែផ្កាឲ្យខាងតែបាន។
ជុំវិញការបង្កើតឡើងធនាគារសម្រាប់ជួយដល់វិស័យ SME នេះដែរ លោក ង៉ែត ជូ ទីប្រឹក្សាសេដ្ឋកិច្ចនៃក្រុមហ៊ុន Emerging Markets Consulting (EMC) បានលើកឡើងថា ការបង្កើតឲ្យមានជាធនាគាររដ្ឋសម្រាប់ការផ្ដល់កម្ចីដល់សហគ្រាសធុនតូច និងមធ្យម គឺជារឿងមួយដ៏ប្រសើរបំផុត ខណៈដែលសហគ្រាសធុនតូច និងមធ្យមភាគច្រើន បាននិងកំពុងប្រឈមមុខនឹងការលំបាកក្នុងការទទួលបានកម្ចីពីគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុឯកជន ដើម្បីធ្វើការចាប់ផ្ដើម និងពង្រីកអាជីវកម្មរបស់ខ្លួន។
យ៉ាងណាក៏ដោយ លោកថា រាជរដ្ឋាភិបាលគួរតែគិតគូរកែលំអប្រព័ន្ធប្រតិបត្តិការធនាគារអភិវឌ្ឍន៍ជនបទដែលមានស្រាប់ ដើម្បីផ្ដល់ឥណទានដល់ SME វិញ ដោយមិនចាំបាច់បង្កើតធនាគារថ្មី ដែលត្រូវចំណាយទុន និងពេលវេលាច្រើននោះទេ។ ម្យ៉ាងទៀត ការបង្កើតធនាគារថ្មីនេះ ក៏មិនប្រាកដថា អាចនឹងល្អដូចនឹងការកែលំអនូវអ្វីដែលយើងមានស្រាប់នោះដែរ។
លោកបន្ថែមថា ប្រសិនបើរាជរដ្ឋាភិបាលអាចផ្ដល់នូវលក្ខខណ្ឌងាយស្រួលសម្រាប់ SME ទទួលបានកម្ចី ជាមួយនឹងការចំណាយថ្លៃដើមតិច និងការប្រាក់ទាប នោះវានឹងជួយច្រើនដល់វិស័យ SME ក្នុងការពង្រីកសមត្ថភាពលើទីផ្សារ។
ឧកញ៉ា កែវ មុំ ជាអគ្គនាយិកាក្រុមហ៊ុននំស្រួយលីលី និងជាប្រធានសមាគមសហគ្រិនស្ដ្រីកម្ពុជា ធ្លាប់បានលើកឡើងដែរថា សមត្ថភាពទទួលបានកម្ចីពីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុឯកជន នៅតែកត្តាចោទក្នុងការពង្រីកសមត្ថភាព និងការលូតលាស់របស់វិស័យ SME ដោយសារតែគ្រឹះស្ថានហិរញ្ញវត្ថុទាំងនោះ ទាមទារឲ្យលក្ខខណ្ឌច្រើន មុននឹងទទួលបានឥណទាន ដូចជាតម្រូវឲ្យមានអចលនទ្រព្យបញ្ចាំ និងមានការប្រាក់ខ្ពស់ជាដើម។
ដូច្នេះ ប្រសិនបើមានធនាគាររដ្ឋដែលផ្ដល់ឥណទាន សម្រាប់ SME នោះវានឹងជួយដល់វិស័យនេះ កាន់តែល្អប្រសើរឡើង។ សូមជម្រាបថា តាមប្រសាសន៍របស់លោកឧកញ៉ា តែ តាំងប៉ ប្រធានសម្ព័ន្ធ សមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា ធ្លាប់បានលើកឡើងកាលពីពេលកន្លងទៅនេះថា សហគ្រាសធុនតូច និងមធ្យម នៅកម្ពុជា មានប្រមាណ៥៣ម៉ឺនសហគ្រាសហើយ ខណៈដែលសហគ្រាសដែលបានចុះបញ្ជីនៅក្រសួងឧស្សាហកម្ម និងសិប្បកម្មមានប្រមាណជិត ៤ម៉ឺនសហគ្រាស៕