ធនាគារSME គ្រោងបញ្ចេញថវិកាជាង ១០០លានដុល្លារ

ធនាគារ SME គ្រោងបញ្ចេញថវិកាជាង ១០០លានដុល្លារ ជួយគាំទ្រដល់អាជីវកម្មកែច្នៃក្នុងវិស័យកសិ-ឧស្សាហកម្ម


ដើម្បីចូលរួមអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងឆ្នាំ២០២៣នេះធនាគារ SME គ្រោងនឹងបញ្ចេញថវិកាប្រមាណជាង ១០០លានដុល្លារ សម្រាប់ជួយគាំទ្រដល់អាជីវកម្មកែច្នៃក្នុងវិស័យកសិ-ឧស្សាហកម្ម ក្នងនោះរួមទាំងខ្សែចង្វាក់ផលិតកម្មស្វាយចន្ទីនៅកម្ពុជាផងដែរ។ ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានសាទរយ៉ាងខ្លាំងចំពោះការទម្លាក់ទុនកម្ចីសម្រាប់វិស័យឧស្សាហមកម្មស្វាយចន្ទីនាពេលនេះ ដ្បិតវានឹងជួយលើកកម្ពស់ខ្សែចង្វាក់ផលិតកម្មស្វាយចន្ទីនៅកម្ពុជាឲ្យាកាន់តែមានភាពប្រសើរឡើង។
ធនាគារ SME គ្រោងបញ្ចេញថវិកាជាង ១០០លានដុល្លារ ជួយគាំទ្រដល់អាជីវកម្មកែច្នៃក្នុងវិស័យកសិ-ឧស្សាហកម្ម

លោកបណ្ឌិត លឹម អូន អគ្គនាយកធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា បានគូសបញ្ជាក់ថា ដើម្បីចូលរួមអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងឆ្នាំ២០២៣នេះធនាគារ SME គ្រោងនឹងបញ្ចេញថវិកាប្រមាណជាង ១០០លានដុល្លារ សម្រាប់សហគ្រាសធន់តូចនិងមធ្យម រួមទាំងក្នុងខ្សែចង្វាក់ផលិតកម្មស្វាយចន្ទីនៅកម្ពុជា។ ថ្នាក់ដឹកនាំ ធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជារូបនេះបានអះអាងថា ដើម្បីអនុវត្ត និងសម្រេចគោលដៅនេះ ប្រកបដោយប្រសិទ្ធិភាព ធនាគារ SME មានផែនការសហការជាមួយសមាគមស្វាយចន្ទីកម្ពុជា ដែលនឹងផ្ដល់លទ្ធភាពខ្ពស់សម្រាប់ធនាគារ ភ្ជាប់ទំនាក់ទំនងទៅកាន់សហគ្រាសគោលដៅខាងលើ។

បើតាមឯកឧត្តម លឹម អូន ចំពោះសហគ្រាសដែលអាចទទួលបានគម្រោងហិរញ្ញប្បទានពីធនាគារ SME គឺតម្រូវឲ្យមានលំហូរសាច់ប្រាក់សមស្រប និងមានផែនការប្រើប្រាស់ឥណទានត្រឹមត្រូវ ដែលស្របតាមគោលការណ៍របស់ធនាគារ។ យ៉ាងណាក៏ដោយ ឯកឧត្តមបានសង្កត់ធ្ងន់ថា ចំពោះអត្រាការប្រាក់ដែលធនាគារ SME នឹងផ្ដល់ជូនសហគ្រាសកែច្នៃកសិផលស្វាយចន្ទី ឬការធ្វើពាណិជ្ជកម្មផលិតផលស្វាយចន្ទី គឺមានអត្រាការប្រាក់ចាប់ពី ៥,៥%ក្នុង១ឆ្នាំ។

លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានបង្ហាញនូវការសាទរ និងគាំទ្រយ៉ាងខ្លាំងចំពោះគោលការណ៍គាំទ្រវិស័យឧស្សាហកម្មនៅកម្ពុជា ជាពិសេសខ្សែចង្វាក់ផលិតកម្មស្វាយចន្ទី តែម្ដង ខណៈកន្លងមក វិស័យនេះតែងជួបប្រទះនូវបញ្ហាប្រឈមមួយចំនួន។ លោកបានគូសបញ្ជាក់ថា រហូតមកដល់ពេលនេះ បញ្ហាប្រឈមក្នុងចង្វាក់ផលិតកម្មស្វាយចន្ទី ហាក់មិនទាន់មានភាពធូរស្បើយនៅឡើយទេ ជាពិសេសទាក់ទងនឹង កត្តាទីផ្សារ និងការកែច្នៃ ជាដើម។ បើតាមលោក អួន ស៊ីឡុត ការជួយជ្រោមជ្រែងពីរាជរដ្ឋាភិបាលកម្ពុជា តាមរយៈការចុះអនុស្សរណៈនៃការយោគយល់គ្នារវាងធនាគារ SME និងសមាគមស្វាយចន្ទីកម្ពុជា នៅរយៈពេលដ៏ខ្លីខាងមុខនេះ គឺជាផ្នែកមួយក្នុងដោះស្រាយបញ្ហាប្រឈមក្នុងខ្សែចង្វាក់ផលិតកម្មស្វាយចន្ទី ក៏ដូចជា ជួយលើកកម្ពស់វិស័យឧស្សាហកម្មកែច្នៃស្វាយចន្ទីនៅកម្ពុជា កាន់តែប្រសើរថែមមួយកម្រិតទៀត។

ជុំវិញស្ថានភាពនៃវិស័យស្វាយចន្ទីកម្ពុជា ត្រូវបានលោក អួន ស៊ីឡុត បញ្ជាក់ទៀតថា នាពេលបច្ចុប្បន្ននេះ មានបញ្ហាប្រែប្រួលអាកាសធាតុ ដោយមានភ្លៀងធ្លាក់ និងខ្យល់កន្ត្រាក់ខ្លាំងជាដើមនោះ ក៏បានប៉ះពាល់ដល់ដំណាំស្វាយចន្ទី ផងដែរ ហើយក៏ជាដំណាក់កាលដែលដំណាំស្វាយចន្ទីទទួលរងគ្រោះខ្លាំងជាងគេផងដែរ។ លោកបានគូសបញ្ជាក់ថា ដ្បិតមានកសិករមួយចំនួនធំ បានប្រមូលផលរួចហើយផងដែរ មុនពេលមានភ្លៀងធ្លាក់ និងខ្យល់កន្ត្រាក់នេះកើតឡើង ក៏ពិតមែន តែលោកក៏មានក្តីបារម្ភដែរថា ប្រជាកសិករមួយចំនួនអាចនឹងទទួលរងការខាតបង់ដោយសារបញ្ហានេះ។

សូមបញ្ជាក់ថា យោងតាមរបាយការណ៍របស់សមាគមស្វាយចន្ទីកម្ពុជា នៅរយៈពេល ត្រីមាសដំបូង ឆ្នាំ២០២៣នេះ ការនាំចេញគ្រាប់ស្វាយចន្ទីឆៅកម្ពុជាទៅប្រទេសវៀតណាមមានចំនួនប្រមាណជាង ២៣ម៉ឺនតោន ថយចុះជិត ១៣% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដោយគិតជាទឹកប្រាក់វិញការនាំចេញបីខែមកនេះមានប្រមាណ ៣២០លានដុល្លារ៕




អត្ថបទបន្ទាប់


ការនាំចេញម្រេចកំពតសម្រេចបានជាង ១៦តោន នៅ៤ខែឆ្នាំនេះ និងរំពឹងកំណើនខ្ពស់ ក្រោយទីផ្សារចិនបើកចំហរ

ប្រធានសមាគមម្រេចកំពត បានអះអាងថា នៅរយៈពេល៤ខែដើមឆ្នាំ២០២៣នេះ ការនាំចេញម្រេចកំពតទៅកាន់ទីផ្សារអន្តរជាតិសម្រេចបានត្រឹមតែប្រមាណជាង ១៦តោនប៉ុ…

បង់សង់ប្រាក់កម្ចីធនាគារជាដៃគូ យ៉ាងងាយស្រួលតាមភ្នាក់ងារ លី ហួរ វេរលុយ ឬ Ly Hour App

មិនថាថ្ងៃសៅរ៍ ឬ ថ្ងៃអាទិត្យ លោកអ្នកក៏អាចធ្វើកាបង់កម្ចីធនាគារ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុបានតាមរយៈភ្នាក់ងារ លី ហួរ វេរលុយ ឬ Ly Hour App …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ