ឯកឧត្តម មាស សុខសេនសាន រដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានចាត់ទុកដំណើរទស្សនកិច្ចស្វែងយល់នៅទីតាំងបណ្ដុំសហគ្រាសធុនតូច និងមធ្យមរបស់អ្នកឧកញ៉ា សៀ ឬទ្ធី ថា ជាដំណើរដកស្រង់បទពិសោធន៍ស្របពេលដែលរាជរដ្ឋាភិបាលកម្ពុជា បានចូលរួមចំណែកជួយដល់ការអនុគ្រោះ ដើម្បីឲ្យមានភាពទាក់ទាញនិងលើកស្ទួយដល់សហគ្រាសធុនតូច និងមធ្យម ព្រមទាំងពិនិត្យលើករណីខ្វះចន្លោះមួយចំនួន ដើម្បីរដ្ឋាភិបាលមានផែនការជួយបន្តនាពេលអនាគត។
នៅក្នុងដំណើរទស្សនកិច្ចស្វែងយល់ដកស្រង់បទពិសោធន៍នេះ ឯកឧត្តម មាស សុខសេនសាន បានកោតសរសើរចំពោះផលិតផលដែលសម្រេចបានលើទីតាំង SME Clusters ហើយបានគូសបញ្ជាក់ថា ក្រសួងនឹងបន្តជួយ ព្រមទាំងចូលរួមដោះស្រាយនូវបញ្ហាចន្លោះប្រហោងជាមួយអ្នកពាក់ព័ន្ធ ដើម្បីធ្វើយ៉ាងណាឱ្យបណ្ដុំសហគ្រាសធុនតូច និងមធ្យម មានដំណើរការកាន់តែល្អ។
សូមបញ្ជាក់ថា តំបន់បណ្តុំសហគ្រាសធុនតូច និង មធ្យម ដែលហៅថា SME Cluster មានប្រព័ន្ធអេកូឡូស៊ី ហេដ្ឋារចនាសម្ព័ន្ធពេញលេញ ដូចជា៖ ទីធ្លាផលិតកម្ម/រោងចក្រសម្រាប់ SME, សម្ភារបរិក្ខារ, មជ្ឈមណ្ឌលឡូជីស្តិច និងសេវាឡូជីស្តិច, ទីតាំងសម្រាប់ជួលផ្សេងៗ, ទីតាំងសេវាកម្មអាជីវកម្មសម្រាប់ SME ច្រកចេញចូលតែមួយ, មជ្ឈមណ្ឌលស្រាវជ្រាវនិង អភិវឌ្ឍន៍ ព្រមទាំងទទួលបានការលើកទឹកចិត្តពន្ធដា និងពន្ធគយ ផងដែរ៕
អត្ថបទ ៖ បូ ដូឡា