៥២ ភាគរយនៃម្ចាស់អាជីវកម្មដែលបានស្ទង់មតិនៅកម្ពុជាបានឲ្យដឹងថា ថ្វីត្បិតពួកគេនៅតែប្រឈមនឹងបញ្ហាអាជីវកម្ម ជាពិសេសបញ្ហាលំហូរសាច់ប្រាក់វិនិយោគក្ដី ក៏ពួកគេនៅតែមានសុទិដ្ឋិនិយម ចំពោះអាជីវកម្មរបស់ពួកគេដែរ។ នេះបើយោងតាមរបាយការណ៍ស្រាវជ្រាវមួយ ឈ្មោះថា «ស្ថានភាពអាជីវកម្មខ្នាតតូច» ចេញផ្សាយដោយក្រុមហ៊ុន Facebook ដែលជាកិច្ចសហប្រតិបត្តិការដែលកំពុងធ្វើឡើងជាមួយ អង្គការដើម្បីការអភិវឌ្ឍនិងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ហៅកាត់ថា OECD និង ធនាគារពិភពលោក។
របាយការណ៍ស្រាវជ្រាវដដែល បានធ្វើការស្ទង់មតិជាមួយម្ចាស់អាជីវកម្មខ្នាតតូចនិងមធ្យម នៅ ៥០ ប្រទេសនិងតំបន់ រួមទាំង ប្រទេសកម្ពុជាផងដែរ ដើម្បីសិក្សាអំពីផលប៉ះពាល់ផ្នែកសេដ្ឋកិច្ច និងកំណែទម្រង់ផ្សេងៗ ដែលកំពុងត្រូវបានដាក់អនុវត្ត ដើម្បីឆ្លើយតបទៅនឹងវិបត្តិកូវីដ-១៩។
នៅកម្ពុជា របាយការណ៍ស្ទង់មតិនេះបានធ្វើឡើងក្នុងចំណោម ម្ចាស់អាជីវកម្ម និងនិយោជិក តាមរយៈបណ្តាញសង្គម Facebook នៅចន្លោះពីថ្ងៃទី ២៨ រហូតដល់ ថ្ងៃទី ៣១ ខែឧសភា ឆ្នាំ ២០២០។ យ៉ាងហោចណាស់ មានអ្នកស្ម័គ្រចិត្តចំនួន ២២២ នាក់ បានចូលរួមក្នុងការស្ទង់មតិនេះ ដែលសុទ្ធតែជាអ្នកគ្រប់គ្រងទំព័រអាជីវកម្ម Facebook យ៉ាងសកម្មនៅកម្ពុជា ហើយការចូលរួមចែករំលែកមតិយោបល នេះគឺមិនមានការផ្ដល់ប្រាក់កម្រៃ ក្រោមរូបភាពណាមួយឡើយ។
គោលបំណងនៃការស្រាវជ្រាវនេះ គឺដើម្បីផ្សព្វផ្សាយការយល់ឃើញរបស់ម្ចាស់អាជីវកម្មខ្នាតតូចនិងមធ្យម ជូនសាធារណៈជនបានជ្រាប ក៏ដូចជាដើម្បីវាយតម្លៃឱ្យដឹង ថាតើស្ថានភាពអាជីវកម្មរបស់ពួកគេ កំពុងប្រែប្រួលយ៉ាងដូចម្តេចខ្លះ។
លោកស្រី Sheryl Sandberg នាយិកាផ្នែកប្រតិបត្តិការក្រុមហ៊ុន Facebook បានរៀបរាប់នៅក្នុងសេចក្តីផ្ដើមនៃរបាយការណ៍នេះថា៖ «អាជីវកម្មខ្នាតតូច គឺជាបេះដូង ជាស្នូលដ៏សំខាន់របស់សហគមន៍យើង។ ពួកគេប្រៀបបានដូចជាឆ្អឹងខ្នងនៃលំហូរសេដ្ឋកិច្ចពិភពលោកអីចឹងដែរ។ មិនថាអាជីវកម្មជាលក្ខណៈហាងកាហ្វេ បណ្ណាគារលក់សៀវភៅ ភោជនីយដ្ឋាន ជាងជួសជុលប្រព័ន្ធទឹក អ្នករៀបចំពិធីអាពាហ៍ពិពាហ៍ ឬអ្នករចនាក្រាហ្វិចនោះទេ អាជីវកម្មខ្នាតតូចទាំងអស់នេះ គឺសុទ្ធតែរួមចំណែកបង្កើតការងារ និងជំរុញកំណើនសេដ្ឋកិច្ចនៅគ្រប់បណ្ដាប្រទេសទាំងអស់ ជួយកាត់បន្ថយភាពក្រីក្រនិងវិសមភាពប្រាក់ចំណូល។ ប៉ុន្តែសព្វថ្ងៃនេះ ដំណើរការអាជីវកម្មរបស់ពួកគេកំពុងតែប្រឈមមុខនឹងបញ្ហាដ៏ធំសម្បើម ដែលពួកគេមិនធ្លាប់បានជួបពីមុនមក។ ការរាតត្បាតជាសកលនៃវីរុសកូវីដ-១៩ មិនមែនគ្រាន់តែជាគ្រោះអាសន្នផ្នែកសុខាភិបាលសាធារណៈប៉ុណ្ណោះទេ តែវាក៏ជាវិបត្តិសេដ្ឋកិច្ចដ៏ធំមួយដែលកំពុងប៉ះពាល់យ៉ាងខ្លាំងដល់អាជីវកម្មខ្នាតតូចនិងមធ្យមផងដែរ។»
របាយការណ៍ដដែលនេះបានឲ្យដឹងថា ៥៩ភាគរយនៃម្ចាស់អាជីវកម្មខ្នាតតូចនិងមធ្យមនៅកម្ពុជា ដែលបានស្ទង់មតិបាននិយាយថាការលក់ដូររបស់ពួកគេ បានធ្លាក់ចុះនាអំឡុងពេលកូវីដ-១៩ ហើយអាជីវកម្ម ៣៩ភាគរយ បានកាត់បន្ថយបុគ្គលិក។
ការស្ទង់មតិបានបង្ហាញថា វិស័យទេសចរណ៍ និងបដិសណ្ឋារកិច្ច ទទួលរងផលប៉ះពាល់យ៉ាងខ្លាំង ពីការរឹតត្បិតលើការរក្សាអនាម័យពាក់ព័ន្ធនឹងកូវីដ-១៩ និងការដែលប្រជាជនទូទៅកាត់បន្ថយចំណាយផ្ទាល់ខ្លួន។ ក្នុងចំណោមនោះ ស្ទើរពាក់កណ្ដាលនៃអាជីវកម្មក្នុងវិស័យទាំងអស់នេះនៅទូទាំពិភពលោក បានបិទទ្វារ។ បើប្រៀបធៀបទៅនឹងអាជីវកម្មដ៏ទៃទៀត អាជីវកម្មខ្នាតតូចបំផុត ដែលមានបុគ្គលតែម្នាក់ធ្វើជាម្ចាស់ផងនិងជាអ្នកគ្រប់គ្រងផង ត្រូវបានបិទទ្វារច្រើនជាង ដែលនេះក៏បង្ហាញពីគម្លាតសមភាពយេនឌ័រយ៉ាងខ្លាំងផងដែរ។ នេះបើយោងតាមរបាយការណ៍ដដែល។
បើប្រៀបធៀបនឹងអាជីវកម្មដែលគ្រប់គ្រងដោយបុរស អាជីវកម្មដែលគ្រប់គ្រងដោយស្ត្រី បានបិទទ្វារច្រើនជាង។ ហើយក្នុងករណីរបស់ប្រទេសកម្ពុជាវិញ អាជីវកម្មដែលគ្រប់គ្រងដោយស្ត្រី បានបិទទ្វារច្រើនជាងអាជីវកម្មដែលគ្រប់គ្រងដោយបុរស ចំនួន៤ភាគរយ។ ម្យ៉ាងទៀត ភាគច្រើននៃអាជីវកម្មដែលគ្រប់គ្រងដោយស្ត្រី ស្ថិតក្នុងវិស័យដែលរងផលប៉ះពាល់ច្រើនបំផុត ពីការរឹតត្បិតលើការរក្សាគម្លាតសុវត្ថិភាពក៏ដូចជាអនាម័យ។
ប៉ុន្តែបើទោះបីជាមានបញ្ហាប្រឈមយ៉ាងណាក៏ដោយ ក៏ម្ចាស់អាជីវកម្មខ្នាតតូចនិងមធ្យមជាច្រើននៅកម្ពុជា បានព្យាយាមបត់បែនទៅតាមស្ថានភាពជាក់ស្ដែងរបស់ សេដ្ឋកិច្ចនិងសង្គម។ ក្នុងនោះ មានអាជីវកម្មជាច្រើន បានងាកទៅចាប់យកការគ្រប់គ្រងអាជីវកម្មតាមប្រព័ន្ធឌីជីថល ដើម្បីជួយឱ្យអាជីវកម្មរបស់ពួកគេអាចបន្តដំណើរការបានយូរអង្វែង តទៅមុខទៀត។
បើនិយាយអំពីអាជីវកម្មខ្នាតតូចនិងមធ្យមដែលកំពុងបើកដំណើរការធម្មតាតាម Facebook នៅកម្ពុជាវិញ ៤១ភាគរយនៃពួកគេបាននិយាយថា មួយភាគបួននៃប្រាក់ចំណូលសរុបដែលគេរកបាននាអំឡុងពេលពីរបីខែកន្លងទៅនេះ គឺបានមកពីការលក់ទំនិញតាមអនឡាញ។
លោកស្រី Sheryl Sandberg មានប្រសាសន៍ថា៖ «សហគ្រិនគឺជាមនុស្សដែលចេះអត់ធន់ ហើយរបាយការណ៍បានបង្ហាញថា សហគ្រិននៅតែមានសុទិដ្ឋិនិយមចំពោះអនាគតរបស់ពួកគេ។ មកដល់ម៉ោងនេះ គេមិនទាន់ដឹងច្បាស់ទេ ថាតើគេត្រូវដើរផ្លូវណា ដើម្បីក្រោកឈរឡើងវិញ ហើយអាជីវកម្មជាច្រើនក៏នឹងត្រូវការជំនួយគាំទ្រពីរដ្ឋាភិបាល ឬ ស្ថាប័នផ្សេងៗ ដើម្បីអាចក្រោកឈរឡើងវិញបាន។ យើងសង្ឃឹមថា របាយការណ៍នេះ នឹងជួយឆ្លុះបង្ហាញឱ្យស្ថាប័នទាំងនោះបានឃើញ ថាតើពួកគេគួរផ្ដល់ជំនួយគាំទ្រទៅលើវិស័យណាខ្លះ ដើម្បីឱ្យការជួយនោះ ទទួលបានលទ្ធផលល្អបំផុត។ នេះគឺជា ពេលវេលាដ៏លំបាកសម្រាប់ អាជីវកម្មជាច្រើននៅពាសពេញពិភពលោក ប៉ុន្តែក្រុមហ៊ុន Facebook ប្តេជ្ញាថានឹងធ្វើគ្រប់យ៉ាងដែលអាចធ្វើបាន ដើម្បីជួយឱ្យពួកគេអាចឆ្លងផុតឧបសគ្គនេះ»៕