គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ ធនាគារ SME បានបញ្ចេញឥណទានប្រមាណ ៤៤៥ លានដុល្លារ ទៅដល់សហគ្រាសធុនតូច និងមធ្យម ជាង ៣ពាន់ សហគ្រាស ដែលរងផលប៉ះពាល់ដោយសារវិបត្តិកូវីដ១៩។ នេះបើតាមថ្នាក់ដឹកនាំធនាគារ SME។
លោកបណ្ឌិត លឹម អូន អគ្គនាយកធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា បានអះអាងថា ធនាគារ SME នៅតែបន្តសកម្មភាពរបស់ខ្លួនក្នុងការផ្តល់ឥណទានជូនដល់អតិថិជនជនគោលដៅជាពិសេស គឺវិស័យ SME ផ្ទាល់តែម្តង។ យ៉ាងណាមិញ នៅក្នុងឆ្នាំ ២០២៣នេះ ធនាគារ SME គ្រោងនឹងបង្កើនការផ្តល់ឥណទានថ្មីបន្ថែមចំនួន ១០០លានដុល្លារទៀតផងដែរ។ ការផ្តល់ឥណទានថ្មីបន្ថែមនេះ គឺជាការផ្តល់ឥណទានដោយផ្ទាល់ ពីធនាគារ SME ទៅកាន់អតិថិជនតែម្តង ខណៈដែលធនាគារ SME មានគោលបំណងបង្កើនប្រាក់កម្ចីផ្ទាល់ទៅសហគ្រាស ពី ៥៣លានដុល្លារ ក្នុងឆ្នាំ២០២២ ដល់ ១៥៣លានដុល្លារក្នុងឆ្នាំ២០២៣។ បណ្ឌិត លឹម អូន បន្ថែមថា គម្រោងទឹកប្រាក់ ១០០លានដុល្លារថ្មីនេះ គឺធនាគារ SME នឹងផ្តល់ជូនដល់អតិថិជនគោលដៅ ដែលជាសហគ្រាសធុនតូច និងមធ្យម នៅក្នុងវិស័យសំខាន់ៗ ដែលរាជរដ្ឋាភិបាលបានកំណត់ជាអាទិភាព និងផ្តល់ការយកចិត្តទុកដាក់ខ្លាំងរួមមាន ការផ្តល់ឥណទានដល់វិស័យការកែច្នៃកសិឧស្សាហកម្ម និងកម្មន្តសាល និងការផ្តល់ឥណទានដល់សហគ្រិនស្រី្ត និង រូបិយបណ្ណកម្ចីខ្មែររៀលជាដើម។
ពាក់ព័ន្ធនឹងការផ្តល់ឥណទានដល់វិស័យSME ជាពិសេសសហគ្រិនស្តី្រនេះដែរ ជំទាវ ឧកញ៉ា កែវ មុំ ប្រធានសមាគមសហគ្រិនស្តី្រកម្ពុជា បានសម្តែនូវងក្តីរីករាយ និងថ្លែងអំណរគុណដល់ធនាគារ SME តែតែងយកចិត្តទុកដាក់ គាំទ្រ និងផ្តល់អទិភាពដល់សហគ្រិនស្ត្រី ដោយបានផ្តល់កម្ចីឥណទានក្នុងអត្រាការប្រាក់ទាប ដល់សហគ្រិនស្ត្រី ខណៈដែលប្រទេសកម្ពុជា គឺមានសហគ្រិនស្ត្រីរហូតដល់ជាង ៦០% ឯណោះ។ ជំទាវ ឧកញ៉ា កែវ មុំ បន្ថែមថា ការជួយគាំទ្ររបស់រាជរដ្ឋាភិបាល តាមរយៈធនាគារ SME នេះ គឺពិតជាអាចជួយដល់សហគ្រិនស្រ្តីជាច្រើន ដើម្បីពង្រឹង និងពង្រីកអាជីវកម្មរបស់ពួកគាត់ក្រោយវិបត្តិកូវីដ១៩ ហើយក៏បានចូលរួមចំណែកខ្លាំងដល់ការអភិវឌ្ឍសេដ្ឋកិច្ចក្នុងក្រុមគ្រួសារ ក៏ដូចជាសេដ្ឋកិច្ចជាតិផងដែរ។
បើតាម លោកបណ្ឌិត លឹម អូន គិតត្រឹមដំណាច់ខែធ្នូ ឆ្នាំ២០២២ ធនាគារ SME ដែលជាធនាគារបង្កើតឡើងដោយរាជរដ្ឋាភិបាល បានបញ្ចេញឥណទានប្រមាណ ៤៤៥លានដុល្លារ ទៅដល់សហគ្រាសធុនតូច និងមធ្យម ចំនួន ៣,២៦៩ តាមរយៈការផ្តល់ឥណទានដោយផ្ទាល់ដល់សហគ្រាសធុនតូច និងមធ្យម និងគម្រោងចំនួន៣ របស់ធនាគារ SME ដើម្បីជួយស្តារ និងពង្រីកអាជីវកម្ម បន្ទាប់ពីសហគ្រាសមួយចំនួនរងផលប៉ះពីជំងឺកូវីដ១៩៕